អន្តរជាតិ
ម៉ាឡេស៊ី​បញ្ជូន​ជំនួយ​បន្ថែម​ទៅ​ក្រុង​ម៉ា​រ៉ាវី ដើម្បី​ទប់ស្កាត់​ប្រជាជន​ចុះចូល​ជាមួយ​ក្រុម​ភេរវជន IS
28, Jul 2017 , 9:22 am        
រូបភាព
រូបភាព៖ Philippines Star
រូបភាព៖ Philippines Star
ដោយ:
​ខណៈដែល​ការប្រយុទ្ធ​គ្នា​នៅ​ក្រុង​ម៉ា​រ៉ាវី (Marawi) ប្រទេស​ហ្វីលីពីន​បាន​ឈាន​ចូលដល់​ខែ​ទី​បី ម៉ាឡេស៊ី​ព្រួយបារម្ភ​ថា​ប្រជាជន​ភៀសខ្លួន​នឹង​នាំគ្នា​ចុះចូល​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​។ ដូច្នេះហើយ ម៉ាឡេស៊ី​សម្រេច​បញ្ជូន​ជំនួយ​បន្ថែម​ជំហាន​ទី​ពីរ​ទៅ​ហ្វីលីពីន និង​ជំរុញ​ឲ្យ​ហ្វីលីពីន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ចែក​ចាយ​បទពិសោធន៍ និង​កិច្ចសហការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ចារកម្ម​។​



​ម៉ាឡេស៊ី​បានប្រកាសថា ខ្លួន​សម្រេច​ផ្ដល់ជំនួយ​បន្ថែម​ដល់​ប្រជាជន​ភៀសខ្លួន​ក្នុង​តំបន់​ម៉ា​រ៉ាវី​ដែល​ត្រូវការ​ជំនួយ​ចាំបាច់ ស្រប​ពេលដែល​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ភេរវជន​និង​ទាហាន​រដ្ឋាភិបាល​ឈានដល់​ចូលដល់​ខែ​ទៅ​បី​ហើយ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី Hishammuddin Hussein បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ខែកក្កដា ប្រជាជន​នៅ​តំបន់​ម៉ា​រ៉ាវី​ត្រូវការ​ជំនួយ​ផ្នែក​សុខាភិបាល និង​ទឹកស្អាត​។ ដូច្នេះហើយ ជំនួយ​បន្ថែម​ជំហាន​ទី​ពីរ​នឹងមាន​ឧបករណ៍​ចម្រោះ​ទឹកស្អាត និង ក្រុម​យោធា​ស្ម័គ្រចិត្ត​ទទួលបន្ទុក​កិច្ចការ​សាសនា​ម៉ាឡេស៊ី ហៅ​កាត់​ថា Kagat​។​

​លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖«​ពួកយើង​ចាំបាច់​យកចិត្តទុកដាក់​ចំពោះ​ជនភៀសខ្លួន​ដែល​ជួប​ការលំបាក​នៅ​ម៉ា​រ៉ាវី​។​ពួកយើង​ត្រូវ​ដឹង​ពី​តម្រូវការ​ចាំបាច់​របស់​ពួកគេ​ដោយ​ដំបូង​ពួកយើង​ចាប់ផ្ដើម​ពី​ការជួយ​ជា​ទឹកស្អាត និង​ផ្នែក​សុខាភិបាល​ជាមុនសិន​។ បើ​ពុំ​ដូច្នេះ​ទេ អ្នក​ភៀសខ្លួន​ទាំងនេះ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​(Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម ព្រោះ​ក្រុម​ភេរវជន​សន្យា​ផ្ដល់​គ្រួសារ​ដ៏​កក់ក្ដៅ​ដល់​ជនភៀសខ្លួន​ទាំងនេះ និង​បោកប្រាស់​ថា​ការចូល​រួមជាមួយ​ខ្លួន​ជា​ផ្លូវ​ទៅកាន់​ឋានសួគ៌​។​

​រដ្ឋមន្ត្រី​រូបនេះ​បន្ថែមទៀត ក្រុម​សកម្ម​យុទ្ធ​ដែល​រត់​ចេញពី​តំបន់​មជ្ឈិមបូព៌ា​មិនត្រូវ​អនុញ្ញាតិ​ឲ្យ​បង្កើត​មូលដ្ឋាន​របស់​ពួកគេ​ក្នុង​តំបន់​ជាដាច់ខាត​។ នេះ​ក៏ដោយ​សារ បណ្ដាញ​ក្រុម​ភេរវជន​ដែ​ស្ហ នេះ​មាន​គោលបំណង​បង្កើត​រដ្ឋ​ដែល​ដឹកនាំ​តាម​សាសនា​ឥស្លាម​ស្ថិតនៅ​ប្រទេស​ក្នុង​តំបន់​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី​និង​ពង្រីក​បន្តទៅ​ជប៉ុន​ផង​។​
​ក្រុម​ភេរវ​ករ​ដែ​ស្ហ​នឹង​បន្ត​ចូលមក ប្រសិនជា​ពួក​អាចបង្កើត​សាខា​នៅ​ប្រទេស​ណាមួយ​ក្នុង​តំបន់ ហើយ​ស្ថានការណ៍​នេះ​កើតឡើង​ដូច​នៅ​ស៊ី​រី អ៊ីរ៉ាក់​និង​ប្រទេស​លោកខាងលិច​មួយចំនួន​ដូច្នេះ​ដែរ​។

​ដោយ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​រូបនេះ​ក៏បាន​ជំរុញ​ឲ្យ​ហ្វីលីពីន​រៀបចំ​កិច្ចប្រជុំ​ពិសេស​នៅ​ទីក្រុង​ម៉ានីល​ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​អាស៊ាន​ទាំងអស់​។ ហើយ​ហ្វីលីពីន​ក៏​អាច​យក​វេទិកា​នោះ​ចែករម្លែក​បទពិសោធន៍ និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ចារកម្ម​ផងដែរ​។​

​សូម​ជម្រាប​ដែរ​ថា ដើម្បី​ពង្រឹង​សុវត្ថិភាព​និង​សន្តិសុខ​ក្នុង​តំបន់​សមុទ្រ​Sulu ក៏ដូចជា​ទប់ស្កាត់​ការគំរាមកំហែង​នៃ​ការរីក​រាលដាល​របស់​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ឥស្លាម​ឬ​ក្រុម​ភេរ​វក​រដែ​ស្ហ​(Daesh) ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី​កាលពី​ថ្មីៗ​នេះ​បានចាប់ផ្តើម​ល្បាត​សមុទ្រ​រួមគ្នា ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​រួមបញ្ចូល​សមាជិក​បន្ថែម​ដូចជា​ប្រុយ​ណេ​និង​សិង្ហ​បុរី​ផងដែរ​៕


Tag:
 Marawi
  Hishammuddin Hussein
  ដែ​ស្ហ​
  ហ្វីលីពីន​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com