ជាតិ
បទវិភាគ
គួរតែ​ដោះស្រាយ​ករណី​ចត​រថយន្ត​តាម​ចិញ្ចើមផ្លូវ​មុខក្រសួង​ដែនដី​!
28, Jul 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន៖ ​ខ្ញុំ​បានឃើញ​សារព័ត៌មាន​ថ្មីៗ ចុះផ្សាយ​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការចត​ដោយ​រំលោភ​លើ​ចិញ្ចើមផ្លូវ​របស់​ម្ចាស់​យានយន្ត​មួយចំនួន​។ តាម​ការសង្កេត និង​ការធ្វើដំណើរ​ទៅមក​របស់ខ្ញុំ ខ្ញុំ​យល់ថា ករណី​ចត​តាម​ចិញ្ចើមផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​។​



​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា  ត្រូវបាន​គេ​មើលឃើញថា ជា​ឥស្សរជន​ដែលមាន​ស្នាដៃ​យ៉ាង​ធំធេង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ ជាពិសេស​នា​អំឡុង​ពេលដែល​លោក​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ ហើយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​បាន​ដឹកនាំ​ដោះស្រាយ​ប្រកបដោយ​សន្តិវិធី​ជាមួយ​ពលរដ្ឋ​នៅ​ប៊ូ​ឌី​ញ ស ។ ដូច្នេះ មិនមាន​បញ្ហា​អ្វី​នោះឡើយ​សម្រាប់​លោក​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នៅមុខ​ក្រសួង​របស់លោក​។​

​អ្នកធ្វើដំណើរ​ឆ្លងកាត់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​មហាវិថី​ព្រះមុនីវង្ស មានការ​ត្អូញត្អែរ​យ៉ាងខ្លាំង​ចំពោះ​ការកកស្ទះ​ជា​ញឹកញាប់ ដោយសារតែ​រថយន្ត​មន្ត្រីរាជការ​មួយចំនួន បាន​ចត​នៅលើ​ចិញ្ចើមផ្លូវ ជាពិសេស​ផ្លូវ​សម្រាប់​ថ្មើរជើង​។​

​ការចត​ពេញ​ផ្លូវ​បែបនេះ ត្រូវបាន​គេ​រិះគន់ថា ក្រសួង​ដែល​ជំនាញ​រៀបចំ​ដែនដី និង​សំណង់ បែរជា​មិនមាន​សមត្ថភាព​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ស្ថាប័ន​របស់ខ្លួន ហើយ​វា​ហាក់ដូចជា​ទាញ​ប្រជាប្រិយភាព​លោក ជា សុផារ៉ា ឲ្យ​ធ្លាក់​បន្តិច ខណៈដែល​លោក​បាន​សាង​ស្នាដៃ​វិជ្ជមាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​

​ហេតុអ្វី​បាន​ជាមាន​ការចត​ឥត​សណ្តាប់ធ្នាប់​បែបនេះ​? បរិវេណ​តូច​? ឬក៏​សំណង់​ខុស​បច្ចេកទេស​? នេះ​ជា​រឿង​ដែល​មិនត្រូវ​យកមក​ដោះសារ​នោះឡើយ ពីព្រោះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ស្ថាប័ន​ជំនាញ​ស្រាប់ ដូច្នេះ​ការសាងសង់​ច្បាស់​ជាមាន​ប្លង់​មេ​ច្បាស់លាស់​។​

​ប្រសិនបើ​មិនមាន​កន្លែង​ចត​គ្រប់គ្រាន់ មន្ត្រីរាជការ​នៃ​ក្រសួង​ដែនដី គួរតែ​សាកល្បង​នាំគ្នា​ប្រើប្រាស់​រថយន្ត​សារ​ធារ​ណៈ ឬ​តាក់ស៊ី ដើម្បី​លើកស្ទួយ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ និង​ដើម្បី​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​សេវា​រថយន្តក្រុង​។​

​ករណីនេះ ប្រហែលជា​មិន​ពិបាក​នោះឡើយ​សម្រាប់​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ពីព្រោះ​លោក​អាច​សម្របសម្រួល​ប្រកបដោយ​សន្តិវិធី​ជាមួយ​ពលរដ្ឋ​នៅ​ប៊ូល​ឌី​ញ ស ដូច្នេះ​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់លោក​មិនមែន​ជាមនុស្សពិបាកនិយាយគ្នានោះដែរ។

​តាម​សារព័ត៌មាន​នានា ខ្ញុំ​សង្កេតឃើញថា លោក​ឧ​ត្ត​ម​សេនីយ៍ រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​សាធារណៈ តែងតែ​ប្រកាស​ចាត់វិធានការ​លើ​អ្នក​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បង្ក​ឲ្យ​មានការ​កកស្ទះ ដូច្នេះ​លោក​ក៏​មិនត្រូវ​មើលរំលង​ករណី​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

​សមត្ថកិច្ច​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ តែងតែ​នាំគ្នា​ព្រមាន និង​ស្ទួ​ច​រថយន្ត​ដែល​ចត​រំលោភ​លើ​ចិញ្ចើមផ្លូវ ហេតុ​ការអនុវត្ត​មិនត្រូវ​មានការ​យោគយល់​នោះឡើយ​៕

​ពី​ខ្ញុំ ឡា ធា​រៈ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​

អត្ថបទពាក់ព័ន្ធ៖


Tag:
 ចរាចរណ៍​
  ចិញ្ចើមផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com