ជាតិ
CNN ដូរ​ចំណងជើង​ព័ត៌មាន​ដែល​រង​ការ​រិះគន់ថា បាន​បង្ខូច​កិត្តិយស​ម្តាយ និង​ស្ត្រី​ខ្មែរ​
28, Jul 2017 , 11:44 am        
រូបភាព
លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​សរសេរលិខិតទៅនិពន្ធនាយក​ CNN
លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​សរសេរលិខិតទៅនិពន្ធនាយក​ CNN
​ភ្នំពេញ​៖ សារព័ត៌មាន CNN របស់​អាមេរិក បាន​កែសម្រួល​អត្ថបទ​ព័ត៌មាន ដែល​ចុះផ្សាយ​ពី​ករណី​«​ក្មេងស្រី​កម្ពុជា​ត្រូវបាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​» វិញ បន្ទាប់ពី​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់ មន្ត្រី​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​



​គិត​ត្រឹម​ថ្ងៃទី​២៨ កក្កដា​នេះ អត្ថបទ​របស់​សារព័ត៌មាន​CNN បាន​ចុះផ្សាយ ចំនួន​៣​ថ្ងៃ​ហើយ​។ តាមរយៈ​ចំណងជើង​អ​ក្សរធំ ដែល​គេ​សង្កេតឃើញ​នៅ​ថ្ងៃនេះ សារព័ត៌មាន​CNN​បាន​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា «The girls sold for sex by their mothers» ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ​ «​ក្មេងស្រី​ត្រូវបាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​»​។ ត្រង់​ចំណងជើង​នេះ CNN ហាក់​មិនបាន​បញ្ជាក់​អត្ថន័យ​សំដៅលើ​ក្មេងស្រី​រងគ្រោះ​នៃ​ការ​ជួញ​ផ្លូវភេទ​នោះ ថា​ជា​ជនជាតិកម្ពុជា ឬ​ជនជាតិ​អ្វី​នោះឡើយ​។

​ប៉ុន្តែ​អ្វីដែល​គេ​អាច​កត់សម្គាល់​បាន​នោះ គឺ​ត្រង់​ថា ចំណងជើង និង​អត្ថន័យ​របស់​CNN ទំនងជា​បាន​កែសម្រួល​ច្រើន ក្រោយពី​មានការ​ប្រតិកម្ម និង​រិះគន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ចំពោះ​អត្ថបទ​របស់​CNN ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៥ កក្កដា ជា​ភាសារ​អង់គ្លេស​ថា​«The Cambodian girls sold for sex by their mothers» ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ « ក្មេងស្រី​កម្ពុជា​ត្រូវបាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​»​។​

​ដោយសារតែ​ចំណងជើង​នេះហើយ ទើប​មន្ត្រី​រដ្ឋាភិបាល និង​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក ) ប្រតិកម្ម​នឹង​អត្ថបទ​របស់​សារព័ត៌មាន​CNN​នេះ​។ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់ទុក​ព័ត៌មាន​ចុះផ្សាយ​នេះ​ថា ជាការ​បំភ្លៃ​ការពិត ដែល​នាំ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភព មានការ​យល់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា​។​

​ក្នុង​លិខិត​ផ្ញើ​ទៅ​និពន្ធ​នាយក CNN សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុ​ជា បាន​វាយតម្លៃថា ឯកសារ​វីដេអូរបស់ CNN មាន​កំហុសឆ្គង​បកស្រាយ​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​កម្ពុជា នៅលើ​សកលលោក​។ អ្វីដែល ស​.​ស​.​ស​.​ក កត់សម្គាល់ឃើញ​កំហុសឆ្គង​នៃ​ការចុះផ្សាយ​នោះ មាន​ចំនួន​ពីរ​ចំណុច ទី​១​ត្រង់​ទីតាំង​តំបន់​ស្វាយប៉ាក និង​ទី​២ ក្មេងស្រី​ដែល​ត្រូវ​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​នេះ ជា​ជនជាតិ​វៀតណាម ពោលគឺ​មិនមែន​ជនជាតិ​កម្ពុជា​ទេ​។​

​ត្រង់ចំណុច​នេះ ស​.​ស​.​ស​.​ក បានបញ្ជាក់​ប្រាប់ CNN វិញ​ថា តំបន់​ស្វាយប៉ាក ត្រូវបាន​រដ្ឋាភិបាល​បិទ​ផ្ទះបនស្រី​ផ្លូវភេទ អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ ដូច្នេះ​ការយក​រូបភាព​តំបន់​ស្វាយប៉ាក ជា​ចំណុច​គោលដៅ​របាយការណ៍​ព័ត៌មាន​របស់ CNN នៅពេលនេះ គឺជា​កំហុសឆ្គង​នៃ​ការផលិត​ព័ត៌មាន​ដោយ​ប្រឌិត និង​បំភ្លៃ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។​

លិខិតដដែល​របស់លោក ហ៊ុយ វណ្ណៈ បាន​បន្តថា​៖«​ ក្មេងស្រី​ដែល​បាន​សម្ភាស​សម្រាប់ធ្វើ​ព័ត៌មាន​ឯកសារ​ខ្លី​នេះ គឺជា​ជនជាតិ​វៀតណាម​។ ក្នុងករណី​ព័ត៌មាន​នៅក្នុង​ឯកសារ​នេះ គួរតែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ក្មេងស្រី​វៀតណាម​រស់នៅ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ម្ដាយ​វៀតណាម​លក់​ឲ្យ​ផ្ទះបន​ ជាជាង​បំភ្លៃ​ថា «​ក្មេងស្រី​កម្ពុជា​ត្រូវបាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ​»​។ ការ​បំភ្លៃ និង​ការទម្លាក់​កំហុស​ករណី​របស់​អ្នកដទៃ មកលើ​ម្ដាយ​និង​ស្ត្រី​កម្ពុជា គឺជា​ការប្រមាថ បំភ្លៃ​ការពិត និង​ចោទប្រកាន់​ចំពោះ​ទង្វើ​អាក្រក់​បែបនេះ ក្នុង​គោលបំណង​ទុច្ចរិត​មកលើ​ម្ដាយ និង​ស្រ្តី​កម្ពុជា ដោយ​អយុត្តិធម៌​បំផុត​»៕


Tag:
 សស​សក​
  CNN
 ​ ជួញដូរ​ក្មេងស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com