ជាតិ
ទឹកជំនន់៖ អាងទឹកតាម៉ុក បានស្រកផុតពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន
× ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រអាងទឹកតាម៉ុក ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ។ ទឹកជំនន់ក្នុងអាងទឹកតាម៉ុក បានស្រកចុះមកត្រឹមកម្ពស់ ២, ៧៥ ម៉ែត្រវិញ ខណៈដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន គឺកម្ពស់ ២, ៩០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៨ កក្កដានេះ បានបង្ហាញពីស្ថានភាពទឹកជំនន់ អាងទឹកតាម៉ុក។ ស្ថានភាពទឹកជំនន់អាងទឹកតាម៉ុក ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានវិលមករកស្ថានភាពដើមវិញ ដោយស្រកចុះមកត្រឹមកម្ពស់ ២, ៧៥ ម៉ែត្រ។ ស្ថានភាពទឹកជំនន់ដែលបានស្រកនេះ គឺក្រោយពីមានការអន្តរាគមន៍ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដោយយកគ្រឿងចក្រកាយទំនប់ ដើម្បីការពារ និងកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋរសើនៅក្នុងតំបន់នោះ។
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៦ កក្កដាកន្លងទៅ ទឹកជំនន់អាងទឹកតាម៉ុក បានហក់ឡើងកម្ពស់៤ម៉ែត្រ លើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដែលបានដៅទុកត្រឹម២,៩០ម៉ែត្រ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលព្យុះទី៨ សុនកា ដែលស្ថិតនៅក្បែរកោះហៃណាំដោយមានកម្លាំងខ្យល់៦៤គីឡូម៉ែតក្នុងមួយម៉ោង។ ព្យុះនេះ បំបែកខ្លួនជាពីរផ្នែក ១ផ្នែកនឹងរំកិលខ្លួនទៅដល់ឆ្នេរវៀតណាមទៅដល់តំបន់អាងទន្លេមេគង្គ និងផ្នែកទី២ធ្វើដំណើរត្រឡប់ទៅទិសឦសានវិញ។ ឥទ្ធិពលរបស់ខ្យល់ព្យុះនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ៕
Tag:
អាងទឹកតាម៉ុក
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com