ជាតិ
ទឹកជំនន់​ទន្លេមេគង្គ បានធ្វើ​ឲ្យ​តំបន់​មួយចំនួន នៃ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​លិចលង់​
28, Jul 2017 , 3:07 pm        
រូបភាព
​ទឹកជំនន់​ទន្លេមេគង្គ​ខេត្ត​ត្បូងឃ្មុំ បាន​កើន​ឡើងដល់​កម្ពស់ ១៣, ៨០​ម៉ែត្រ​។ កម្ពស់​ទឹក​កើនឡើង​នេះ ធ្វើ​ឲ្យ​តំបន់​មួយចំនួន ក្នុង​ខេត្ត​ត្បូងឃ្មុំ​រង​ការលិចលង់​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុ​និ​តម នា​ព្រឹក​ថ្ងៃទី ២៨ កក្កដា​នេះ​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ជំនន់​ទឹកទន្លេ​មេគង្គ​ត្បូងឃ្មុំ បានធ្វើ​ឲ្យ​ទឹក​លិច​ចូលដល់​តំបន់​មួយចំនួន ក្នុងស្រុក​ត្បូងឃ្មុំ ដោយ​លិច​លំនៅដ្ឋាន​ពលរដ្ឋ​រស់នៅ​ភូមិ​ទួល​គរ ភូមិ​ព្រែក​តូច ក្នុង​ឃុំ​ទន្លេ​បិត ប្រមាណ ៤៥ ភាគរយ នៃ​ចំនួន​ផ្ទះ​សរុប​។​

​ក្រៅពីនេះ​សាលាបឋមសិក្សា​ព្រែកជីក ក្នុង​ឃុំ​ទន្លេ​បិត និង​សាលាបឋមសិក្សា​រកា​ធំ ក្នុង​ឃុំ​ជំ​រោ​ទី​១ និង​ផ្លូវ​បេតុង ចំនួន ៣​ខ្សែ  ប្រវែង​ប្រមាណ ២.៥០០ ម៉ែត្រ ត្រូវបាន​លិចលង់​ផងដែរ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៨ សុន​កា ដែល​ស្ថិតនៅ​ក្បែរ​កោះ​ហៃណាំ​ដោយមាន​កម្លាំង​ខ្យល់​៦៤​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ បំបែក​ខ្លួន​ជា​ពីរ​ផ្នែក ១​ផ្នែក​នឹង​រំកិល​ខ្លួន​ទៅដល់​ឆ្នេរ​វៀតណាម និង​តំបន់​អាង​ទន្លេមេគង្គ ។​ចំណែក​ផ្នែក​ទី​២​ធ្វើដំណើរ​ត្រឡប់​ទៅ​ទិសឦសាន​វិញ​។ ឥទ្ធិពល​ព្យុះ​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​ក្នុ​ង្រ​ទេស​ថៃ និង​ឡាវ​៕


Tag:
 ទឹកជំនន់​ទន្លេមេគង្គ​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com