អន្តរជាតិ
ព្រោះ​សម្បូរ​រឿងអាស្រូវ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​សុខចិត្ត​លាលែង មុន​លោក អា​បេ រុះរើ​គណៈរដ្ឋមន្ត្រី​
28, Jul 2017 , 4:04 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិជប៉ុន តូម៉ូមី អ៊ីណាដា ដែលប្រកាសលាលែងពីតំណែង (រូបភាព Xinhua)
រដ្ឋមន្ត្រីការពារជាតិជប៉ុន តូម៉ូមី អ៊ីណាដា ដែលប្រកាសលាលែងពីតំណែង (រូបភាព Xinhua)
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា (Tomomi Inada) បានសម្រេច​លាលែង​ពី​តំណែង​ហើយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​។ លោកស្រី អ៊ី​ណា​ដា បាន​ប្រព្រឹត្ត​កំហុស​ច្រើន​ក្នុងពេល​កាន់តំណែង ដែល​នាំ​ឲ្យ​ប្រជាប្រិយភាព​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ធ្លាក់ចុះ​យ៉ាងគំហុក​។ ការលាលែង​របស់លោក​ស្រី អ៊ី​ណា​ដា ធ្វើឡើង មុនពេល​លោក អា​បេ រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​សប្ដាហ៍​ក្រោយ​។​



​លោកស្រី តូ​ម៉ូ​មី អ៊ី​ណា​ដា បានប្រកាស​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ហើយ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​កំហុស​លាក់បាំង​សកម្មភាព​ប្រចាំថ្ងៃ​របស់​កងទ័ព​មួក​ខៀវ​ជប៉ុន ដែល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង​។ នេះ​បើតាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ី​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៨ ខែកក្កដា ។ លោកស្រី អ៊ី​ណា​ដា គឺជា​រដ្ឋមន្ត្រី​ទីមួយ​របស់លោក អា​បេ ដែល​លាលែង តាំងពី​ឆ្នាំ​២០១២ មក​។​

​ការលាលែង​នេះ ធ្វើឡើង​ចំពេល​ដែល​ក្រសួងការពារជាតិ​ជប៉ុន​បញ្ចេញ​របាយការណ៍​ស៊ើបអង្កេត​ផ្ទៃក្នុង​ជុំវិញ​ប្រតិបត្តិការ​របស់​ទាហាន​ជប៉ុន​នៅ​រដ្ឋ​អាហ្វ្រិក​ក្មេងខ្ចី​។ បើតាម​សារព័ត៌មាន The Japan Times របាយការណ៍​ក្រសួងការពារជាតិ​រក​ឃើញថា ទាហាន​ជប៉ុន​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​នៅ​ស៊ូដង់​ខាងត្បូង ប៉ុន្តែ​លោកស្រី អ៊ី​ណា​ដា ព្យាយាម​លាក់បាំង​បញ្ហា​នេះ ព្រោះ​អាច​ប៉ះពាល់​ការប្ដេជ្ញាចិត្ត​របស់លោក អា​បេ ក្នុង​ការបន្ត​ចូលរួម​ប្រតិបត្តិការ​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​

​យ៉ាងណាក្ដី ក្រុម​អ្នក​រិះគន់​និយាយថា ស្ថានភាព​របស់​ទាហាន​ជប៉ុន​នៅ​ស៊ូដង់​ខាងត្បូង បាន​បំពាន​ច្បាប់​ធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន​។ ការ​វាយ​ប្រយុទ្ធ​រវាង​ក្រុម​ឧទ្ទាម គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ទាហាន​ជប៉ុន ដែល​មិនមែនជា​ទាហាន​ប្រយុទ្ធ​នោះ​។ ទាក់ទង​បញ្ហា​នេះ លោកស្រី អ៊ី​ណា​ដា ចាត់ទុកជា​ការបំបាក់​មុខមាត់​ក្រសួងការពារជាតិ និង​កង​ស្វ័យការពារ​ជប៉ុន ហើយ​ក្នុងនាម​ជា​រដ្ឋមន្ត្រី លោកស្រី​សូម​ទទួលខុសត្រូវ​ទាំងស្រុង​។​

​តាមពិតទៅ អនាគត​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ជា​ស្ត្រី​រូបនេះ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​យូរ​មកហើយ​ដែរ​។ លោកស្រី អ៊ី​ណា​ដា ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​រដ្ឋាភិបាល​ដែល​ត្រូវ​កាត់ចោល​ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី ដែល​រំពឹងថា​នឹងធ្វើ​នៅ​សប្ដាហ៍​ក្រោយ​។ លោក អា​បេ នឹង​ផាត់​ចេញ​មន្ត្រី​ចំនួន ក៏ដូចជា​ផ្លាស់ប្ដូរ​តំណែង​មន្ត្រី​ខ្លះទៀត ដើម្បី​បង្កើន​ប្រជាប្រិយភាព​ឡើងវិញ ខណៈ​អត្រា​គាំទ្រ​លោក​មាន​ក្រោម​៤០​ភាគរយ​ឯណោះ​។​

​ជាមួយនឹង​ការចាកចេញ​របស់លោក​ស្រី អ៊ី​ណា​ដា លោក អា​បេ បាន​ចាត់តាំង​ឲ្យ​លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា ទទួលបន្ទុក​ការងារ​ការពារជាតិ​សិន បន្ថែម​ពី​តំណែង​រដ្ឋមន្ត្រីការបរទេស​របស់លោក ព្រោះ​ស្ថានការណ៍​ក្នុង​តំបន់​កំពុង​មិនសូវ​ល្អ​។ លោក អា​បេ នឹង​រើស​រដ្ឋមន្ត្រី​ថ្មី ដើម្បី​ទាញ​សេចក្តីទុកចិត្ត​ពី​កងទ័ព និង​ប្រជាជន​ឡើងវិញ ដោយ​និយាយថា លោក​នឹង​ព្យាយាម​រក្សា​ការប្រុងប្រយ័ត្ន និង​ការពារ​សន្តិសុខ​ប្រជាជន​ជប៉ុន​ឲ្យ​ដិតដល់​៕


Tag:
 ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
  តូ​ម៉ូ​មី អ៊ី​ណា​ដា
© រក្សាសិទ្ធិដោយ thmeythmey.com