ជាតិ
កម្ពុជា នឹង​ទទួលរង​នូវ​កូន​រដូវប្រាំង ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន
28, Jul 2017 , 4:53 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ២៩ កក្កដា ដល់​ថ្ងៃទី ៩ សីហា កម្ពុជា នឹង​ទទួលរង​នូវ​កូន​រដូវប្រាំង​។ កត្តា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលរង​នូវ​កូន​រដូវប្រាំង​នេះ ដោយសារតែ​ព្យុះ​ទី​៩ នេសាទ បានកើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ដែលមាន​ឥទ្ធិពល​លើ​កម្ពុជា​។  នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​បន្ទាប់ពី​តាមដាន​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា ព្យុះ​ទី​៨ សុន​កា បាន​ថយឥទ្ធិពល​មកជា​សម្ពាធ​ទាប  ខណៈ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​អូសបន្លាយ​លើ​កម្ពុជា​។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃទី ២៦ កក្កដា​កន្លងទៅ ព្យុះ​ទី​៩ នេសាទ បានកើត​ឡើង និង​កំពុង​ស្ថិតនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ឦសាន​ប្រទេស​ហ្វីលីពីន​។ ស្ថានភាព​ព្យុះ​នេះ បានធ្វើ​ឲ្យ​កម្ពុជា ទទួលរង​នូវ​កូន​រដូវប្រាំង ក្នុង​រយៈពេល​ខ្លី ចាប់ពី​ថ្ងៃទី ២៩ កក្កដា រហូតដល់​ថ្ងៃទី ៩ សីហា​។​

​បើតាម​ក្រសួង​ធនធានទឹក លក្ខណៈ​បែបនេះ ធ្វើ​ឲ្យ​រាជធានី​-​ខេត្ត មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្ដាល នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច ចាប់ពី​ថ្ងៃទី ២៩ កក្កដា រហូតដល់​ថ្ងៃទី ៩ សីហា​។ ជាមួយគ្នានេះ បណ្ដា​ខេត្ត​ដទៃទៀត​នៅ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​មធ្យម​។ ចំណែក​តំបន់​មាត់សមុទ្រ​វិញ នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ផងដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​នៅតាម​រាជធានី​-​ខេត្ត មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្ដាល ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដដែល​៕


Tag:
 អាកាសធាតុ​
  កូន​រដូវប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com