ជាតិ
ជំនន់​ទឹកភ្លៀង​៖ ខេត្តព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ រង​ការប៉ះពាល់​ខ្លាំងជាងគេ
28, Jul 2017 , 5:26 pm        
រូបភាព
​ភ្នំពេញ​៖ ជំនន់​ទឹកភ្លៀង ដែល​គ្របដណ្ដប់​នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​កម្ពុជា បានធ្វើ​ឲ្យ​ខេត្តព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ខណៈ​ខេត្ត​ចំនួន​៥​ផ្សេងទៀត រង​ការប៉ះពាល់​តិចតួច​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ចំនួន​ពីរ គឺ​ព្យុះ​ទី​៤ និង​ព្យុះ​ទី​៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី ២៨ កក្កដា​នេះ​។​



​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ  ចាប់ពី​ពាក់កណ្ដាល​ខែកក្កដា​មក ឥទ្ធិពល​នៃ​ព្យុះ​ក្នុង​តំបន់​ចំនួន​ពីរ​គឺ ព្យុះ​ទី​៤  និង​ព្យុះ​ទី​៨ បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅតាម​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​កម្ពុជា​។ ឥទ្ធិពល​របស់​ព្យុះ​ក្នុង​រយៈពេល​បី​បួន​ថ្ងៃនេះ ធ្វើ​ឲ្យ​តាម​បណ្ដា​ខេត្ត​មួយចំនួន​រង​នូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​។ បន្ថែម​លើ​នេះ ព្យុះ​ទាំងពីរ​នេះ ក៏បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅលើ​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​លើ និង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​។​

​ស្ថានភាព​ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ខេត្តព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ ទទួលរង​នូវ​ការប៉ះពាល់​ធ្ងន់ធ្ងរ និង​ខេត្ត​ចំនួន​៥​ផ្សេងទៀត ដូចជា ខេត្តកំពត កំពង់ធំ រតនគិរី ព្រះសីហនុ និង​ខេត្ត​ត្បូងឃ្មុំ រង​ការប៉ះពាល់​តិចតួច​។​



​ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន ៥​នៃ​ខេត្តព្រះវិហារ រួមមាន ស្រុក​ជាំ​ក្សាន្ត ឆែប គូលែន ជ័យ​សែន និង​ក្រុង​ព្រះវិហារ​។ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ ខេត្តព្រះវិហារ រង​នូវ​ការលិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥៣០​ខ្នង​, លិច​ដីស្រែ ៤៨៧៨​ហិកតា​, ផ្លូវ​ឃុំ​ចំនួន ៩៨៨៥​ម៉ែត្រ ផ្លូវលំ​ប្រមាណ ៦០០​គីឡូម៉ែត្រ និង​ខូច​ស្ពានឈើ​ចំនួន ២​។ ទន្ទឹមនឹងនេះ មាន​មនុស្ស​ស្លាប់​ចំនួន ២​នាក់ និង​ជំលៀស​ប្រជាជន​ចំនួន ៤៨​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព​។​

​ចំណែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន ២ គឺ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​។ ជំនន់​ទឹកភ្លៀង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន ៧០២​ខ្នង​, លិច​ដីស្រែ ១០៣២​ហិកតា​, លិច​ដំឡូង​មី និង​ដំណាំ​ផ្សេងៗ ២៧៩​ហិកតា​, ផ្លូវ​លិច​ទឹក​ចំនួន ៣២០០​ម៉ែត្រ និង​ដាច់ ៣៣០​ម៉ែត្រ ហូរ​ដាច់​ទំ​បន់ ១​កន្លែង​ប្រវែង ២០០​ម៉ែត្រ​។

​របាយការណ៍​ដដែល បញ្ជាក់ថា ខេត្តកំពង់ធំ ប៉ះពាល់​ស្រុក​ចំនួន ៤ រួមមាន​ស្រុក​សណ្ដាន់ កំពង់ស្វាយ ប្រាសាទ​សំបូរ និង​ក្រុង​ស្ទឹងសែន​។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​លិច​ស្រូវ ១០១០​ហិកតា​, លិច​ផ្លូវ​១៣៥​ម៉ែត្រ​, លិច​សាលារៀន ២​កន្លែង និង​លិច​ផ្ទះ ១៥​ខ្នង​។ ជាមួយគ្នានេះ ខេត្តកំពត ប៉ះពាល់​ភូមិ​ចំនួន ១៥ និង​ឃុំ​ចំនួន ៤ ក្នុងស្រុក​ទឹកឈូ​។​

​ក្រៅពីនេះ ខេត្ត​ព្រះសីហនុ មានទឹក​ហូរ​កាត់​ផ្លូវ ២​ខ្សែ ស្ថិតក្នុង​ស្រុក​កំពង់​សិ​កា និង​ស្រុក​ព្រៃនប់​។ ចំណែក​ខេត្តរតនគិរី ជំនន់​ទឹកភ្លៀង​លិច​នៅ​ឃុំ​សេ​ដា ស្រុក​លំ​ផាត និង​ស្រុក​ចំនួន ៥ នៅតាម​ដង​ទន្លេស្រែពក និង​សេ​សាន​៕





Tag:
 ជំនន់​
  ព្រះវិហារ​
  ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com