ជាតិ
នយោបាយជាតិ
លោក ញឹក ប៊ុនឆៃ ប្រាប់ឲ្យសមាជិកសម្រេចលើវាសនាបក្ស ហើយជឿជាក់លើសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ប្រាប់ឲ្យសមាជិក សមាជិការខ្លួន សម្រេចលើជោគវាសនាគណបក្ស តាមបែបប្រជាធិបតេយ្យ ហើយត្រូវជឿជាក់លើសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ញឹក ប៊ុនឆៃ ដែលកំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស បានចេញលិខិតប្រកាសទទួលស្គាល់កំហុសខ្លួន ដែលបានធ្វើមិនគប្បីចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ ចាត់ទុកកំហុសរបស់ខ្លួននេះ គឺជាដើមចមនាំទុក្ខដល់សមាជិកគណបក្ស បាត់បង់តួនាទី មុខតំណែង និងជួបបញ្ហាប្រឈមជាយថាហេតុ។
ក្នុងលិខិតចុះហត្ថលេខាដោយ
លោក ញឹក ប៊ុនឆៃ ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ ហើយបានបង្ហោះលើហ្វេសប៊ុកផ្លូវការគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី១៦ សីហានេះ បានសរសេរដូច្នេះថា៖« ខ្ញុំសូមគោរពសម្ដែងជូននូវការសារភាពកំហុស ទាំងស្រុងដោយស្មោះស្ម័គ្រ និងសុទ្ធចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាផលវិបាក នាំមកនូវការខូចខាតប្រយោជន៍របស់គណបក្សខ្មែររួបរួមជាតិ ដែលសមាជិកទាំងអស់បានកសាងរួមគ្នា»។
បន្ថែមពីលើការទទួលកំហុសនេះ លោក ញឹក ប៊ុនឆៃ បានប្រាប់ឲ្យសមាជិកគណបក្សទាំងអស់ ពិចារណាសម្រេចលើជោគវាសនាគណបក្សតាមបែបប្រជាធិបតេយ្យ ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។«ខ្ញុំសូមឲ្យអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាមការអូសទាញ ឬឃោសនាបំភ័ន្តមតិចង់ធ្វើការផ្លាស់ប្ដូរឲ្យសោះ ពីព្រោះបច្ចុប្បន្ននេះរាជរដ្ឋាភិបាលខិតខំធ្វើការកែទម្រង់គ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ និងកំពុងដើរលើផ្លូវត្រូវ»។ នេះជាការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ ។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃ៩ មិថុនាកន្លងមក តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីមានព័ត៌មានថាលោក ញឹក ប៊ុនឆៃ បានទូរស័ព្ទសន្ទនាគារជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។
នៅពេលនេះលោក ញឹក ប៊ុនឆៃ កំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទពីតុលាការចំនួនពីរករណី ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ដែលបានប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០០៧៕
Tag:
ញឹក ប៊ុនឆៃ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com