ជាតិ
បាក់​ឌុប​៖ សកម្មភាព​១៣​យ៉ាង ដែល​ក្រសួង​អប់រំ កំណត់​ឲ្យ​បេក្ខជន​ធ្លាក់ និង​មិន​ឲ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់​
17, Aug 2017 , 9:36 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ញត្តិ នូវ​សកម្មភាព​១៣​យ៉ាង​ដើម្បី​កំណត់​ឲ្យ​ធ្លាក់ និង​មិន​ឲ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់​។



​សកម្មភាព​ទាំងនោះ​មានដូចជា ការយក​អាវុធជាតិផ្ទុះ ចូលក្នុង​បន្ទប់​ប្រឡង បេក្ខជន​ឲ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស​។ បេក្ខជន​ធ្វើ​ឲ្យ​ខូ​ត​ខាត​សម្ភារៈ​នៅក្នុង​បន្ទប់​ប្រឡង និង​ខូចខាត​បន្ទប់​ប្រឡង​ដោយ​ចេតនា ។​បេក្ខជន​មិន​អនុវត្តតាម​ការណែនាំ របស់​គណៈមេប្រយោគ​អ្នកមាន​សមត្ថកិច្ច​ក្នុង​មណ្ឌល​ប្រឡង ឬ​អ្នកមាន​សមត្ថភាព​ត្រួតពិនិត្យ​ការប្រឡង​ជាដើម​។

​បញ្ញា​ត្តិ​នូវ​សកម្មភាព​១៣​យ៉ាង ដែល​ក្រសួង​អប់រំ កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់ ទី​១ ក្រសួង​ចាត់ទុកថា​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់ ប្រសិនបើ​បេក្ខជន​ណា​ដើរ​ចុះឡើង​ចេញពី​កន្លែង​អង្គុយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស​។ ទី​២​ប្រសិនបើ​បេក្ខជន​ណា​ហែក​សន្លឹក​កិច្ចការ ឬ​មិន​ព្រម​ប្រគល់​សន្លឹក​កិច្ច​ការជូន​អនុរក្ស​។ ទី​៣ បេក្ខជន ផ្លាស់កន្លែង​អង្គុយ (​លុប​លេខ​តុ​ពី​កន្លែង ដែល​បានកំណត់​ទៅ​សរសេរ​លេខ​តុ​របស់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​)​។

​ទី​៤ បេក្ខជន​ឲ្យ​សន្លឹក​កិច្ចការ ឬ​សំណៅ​ក្រដាស​ព្រាង​របស់ខ្លួន​ទៅ​អ្នកដទៃ​ចម្លង​។ ទី​៥ បេក្ខជន​ឲ្យ​អ្នកដទៃ​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់ខ្លួន​។ ទី​៦ បេក្ខជន​សរសេរ​លើស​ន្លឹ​ក​កិច្ចការ​អ្នកដទៃ​។ ទី​៧ បេក្ខជន បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង ឬ​ចេញ​ទៅយក​សំណៅ​ឯកសារ ឬ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ប្រធាន​វិញ្ញាសា​ចូលក្នុង​បន្ទប់​ប្រឡង​វិញ ក្នុង​ពេលធ្វើ​វិញ្ញាសា​។ ទី​៨ បេក្ខជន​បង្កជម្លោះ​នៅក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ​។​ទី​៩​ប្រសិនបើ​បេក្ខជន​ណា​ដណ្តើមយក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ចម្លង​។ ទី​១០ បេក្ខជន ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ ។ ទី​១១ បេក្ខជន យក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ធ្វើជា​សន្លឹក​កិច្ចការ​របស់ខ្លួន​។ ទី​១២ បេក្ខជន​ធ្វើជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែនាំ​ឲ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ ឬ​យកលុយ​ឲ្យ​អនុរក្ស និង​ទី​១៣ បេក្ខជន​ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រលង​ពីរ​ឆ្នាំ បន្ទាប់​ចំពោះ​បេក្ខជន​ដែលមាន​សកម្មភាព​ដូចជា ការយក​អាវុធ ជាតិ​ផ្ទុះ ចូលក្នុង​បន្ទប់​ប្រឡង បេក្ខជន​ឲ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស បេក្ខជន​ធ្វើ​ឲ្យ​ខូ​ត​ខាត​សម្ភារៈ​នៅក្នុង​បន្ទប់​ប្រឡង និង​ខូចខាត​បន្ទប់​ប្រឡង​ដោយ​ចេតនា បេក្ខជន​មិន​អនុវត្តតាម​ការណែនាំ របស់​គណៈមេប្រយោគ​អ្នកមាន​សមត្ថកិច្ច​ក្នុង​មណ្ឌល​ប្រឡង ឬ​អ្នកមាន​សមត្ថភាព​ត្រួតពិនិត្យ​ការប្រឡង​។

​ក្នុងករណី​ចាំបាច់​បេក្ខជន​នឹងត្រូវ​បញ្ចូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​តាមច្បាប់​ជា​ធរមាន​។ នេះ​បើតាម​បញ្ញត្តិ​ក្រសួង​អប់រំ​។

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។  សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕


Tag:
 បាក់​ឌុប​
  បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com