អន្តរជាតិ
ឥណ្ឌា​បារម្ភ​ថា ទូរស័ព្ទ​ចិន​អាច​លួច​ទិន្នន័យ​ព័ត៌មាន​ឯកជន​របស់​ប្រជាជន​ខ្លួន
22, Sep 2017 , 11:19 pm        
រូបភាព
ដោយ:
​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ចិន​កន្លងមក​បាន​វាយលុក​ទីផ្សារ​ឥណ្ឌា​ជាង​ពាក់កណ្ដាល​រួចទៅហើយ​។ ដោយសារ​បញ្ហា​នេះហើយ ឥណ្ឌា​ចាត់វិធានការ​មួយចំនួន ព្រោះ​ខ្លួន​បារម្ភ​ថា ចិន​អាច​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ព្រោះ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ទូរស័ព្ទ​ចិន​ស្ថិតនៅ​ក្រៅប្រទេស​។



​រដ្ឋាភិបាល​ឥណ្ឌា​បាន​ណែនាំ​រោងចក្រ​ផលិត​ទូរស័ព្ទ​ចល័ត​ចំនួន ២១ នៅ​ឥណ្ឌា​រួមមាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​សុវត្ថិភាព​ព័ត៌មាន​ឯកជន​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ​។ ការណែនាំ​នេះ​ធ្វើឡើង ដោយសារ​ឥណ្ឌា​ព្រួយបារម្ភ​ថា ទូរស័ព្ទ​ចិន​រួមមាន Oppo, Vivo និង  Xiaomi អាច​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​។​

​នៅ​ថ្ងៃទី​១៤​ខែសីហា រដ្ឋមន្ត្រី​ទូរគមនាគមន៍​ឥណ្ឌា​លោក Manoj Sinha បាន​ជួបប្រជុំ​ជាមួយ​អ្នកជំនាញ​ជាច្រើនរូប​ទៀត​ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​នូវ​ការ​នាំចូល​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច និង​ការ​លេច​ធ្លាយ​ព័ត៌មាន​ឯកជន​ជាដើម​។ បន្ទាប់មក ក្រសួង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឥណ្ឌា​បាន​ណែនាំ រួមទាំង​សាកសួរ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ទាក់ទិន​នីតិវិធី និង​ដំណើរ​ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​ធានា​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​ម្ចាស់​ទូរស័ព្ទ​ដោយ​សុវត្ថិភាព​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik  មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងនេះ​មាន​ពេល​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៦​ខែសីហា ដោយ​ពួកគេ​ត្រូវ​ប្រាប់​ពី​នីតិវិធី​និង​ដំណើការ​នានា​ផ្នែក​សន្តិសុខ​ដែល​អាច​ធានាបាន​ថា ការ​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ម្ចាស់​ទូរស័ព្ទ​មាន​សុវត្ថិភាព​។ ប្រសិនជា​ក្រុមហ៊ុន​ទាំងនេះ​មិន​ព្រម​ធ្វើតាម​ទេនោះ ពួកគេ​នឹងត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៤៣ នៃ​ច្បាប់​ស្តីពី​ព័ត៌មានវិទ្យា​»​។​

​សូម​ជម្រាប​ផងដែរ​ថា មាត្រា​៤៣ នៃ​ច្បាប់​ព័ត៌មានវិទ្យា​ចែងថា ក្រុមហ៊ុនទូរស័ព្ទ​ត្រូវតែ​ទទួលខុសត្រូវ​និង​ធានា​រក្សា​ឲ្យ​បាន​នូវ​ការ​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ជាសម្ងាត់​។ បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​នឹងត្រូវ​ផាកពិន័យ​៧៥​ម៉ឺន​ដុល្លារ និង​ត្រូវ​បង់ប្រាក់​សំណង​ទៅ​ជនរងគ្រោះ​តាម​ចំនួន​នៃ​ការកំណត់​របស់​រដ្ឋ​ផង​៕


Tag:
 ឥណ្ឌា​
  ចិន​
  Manoj Sinha
© រក្សាសិទ្ធិដោយ thmeythmey.com