ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សានៅហូឡង់៖ មនុស្សស្រីអាយុវែងបំផុតដល់១១៥,៧ឆ្នាំ ឯប្រុសដល់១១៤,១ឆ្នាំ
× បើទោះបីជាវិស័យវេជ្ជសាស្ត្ររីកចម្រើនក៏ដោយ ប៉ុន្តែការស្លាប់ដ៏ឆាប់រហ័សរបស់មនុស្សមិនមានការប្រែប្រួលនោះឡើយនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកស្រាវជ្រាវហូឡង់ តាមរយៈការសិក្សាមួយស្តីពីអាយុកាលរបស់មនុស្សដែលមានឈ្មោះថា «ពិដានកញ្ចក់» រកឃើញថា ជីវិតមនុស្សស្រីវែងបំផុតអាចដល់១១៥,៧ឆ្នាំ រីឯមនុស្សប្រុសដល់១១៤,១ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tilburg និង Rotterdam របស់ហូឡង់ បានធ្វើការសិក្សាលើជនជាតិហូឡង់ប្រមាណ៧៥ ០០០នាក់ នារយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ទៅលើថ្ងៃដែលពួកគាត់បានកើត រហូតដល់ថ្ងៃទទួលមរណភាព។
អ្នកស្រាវជ្រាវម្នាក់ បានរៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ជាមធ្យម យើងអាចរស់បានយូរ ប៉ុន្តែអាយុកាលដ៏វែងបំផុតមិនមានការប្រែប្រួលនោះឡើយនារយៈពេល៣០ឆ្នាំចុងក្រោយ»។ លោកបានបន្ថែមថា៖ «យើងមិនអាចប្រជែងជាមួយពិដានបាននោះឡើយ បើទោះបីជាអាយុកាលមធ្យម កើនឡើងក៏ដោយ»។
អ្នកស្រាវជ្រាវរូបនោះ បានអះអាងថា ចំនួនមនុស្សដែលឈានដល់អាយុ៩៥ឆ្នាំនៅហូឡង់ មានកំណើនគុណជាបី ប៉ុន្តែអាយុកាលដ៏វែងបំផុតមិនមានការប្រែប្រួលនោះឡើយ ពោលគឺអាចដល់១១៥,៧ឆ្នាំសម្រាប់ស្ត្រី និង ១១៤,១ឆ្នាំសម្រាប់បុរស។
ការសិក្សារបស់ហូឡង់ ក៏ទទួលបានលទ្ធផលស្រដៀងគ្នានឹងការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០១៦ កន្លងមកផងដែរ។
ក្រុមអ្នកស្រាវជ្រាវហូឡង់ បានលើកផងដែរថា អ្នកដែលមានអាយុលើសពីការរកឃើញរបស់ខ្លួន ត្រូវចូលក្នុងកំណត់ត្រាពិភពលោក។ បច្ចុប្បន្ន អាយុកាលដែលវែងបំផុត និងមានការបញ្ជាក់ថ្ងៃកំណើតត្រឹមត្រូវនោះ បានទៅលើលោកយាយជនជាតិបារាំងឈ្មោះ Jeanne Calment ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ក្នុងអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com