បទយកការណ៍ / បទសម្ភាសន៍
ទូរទស្សន៍​ថៃ​ផ្សព្វផ្សាយ​ពី​កម្មវិធី​អប់រំ​គំរូ​នៅ​សាលា​វត្ត​បូព៌ ខេត្តសៀមរាប​
14, Sep 2017 , 8:39 pm        
រូបភាព
​សៀមរាប​៖ ថ្មីៗ​នេះ ទូរទស្សន៍ DNC របស់​ថៃ បានមក​ផលិត​វីដេអូ​ខ្លី​មួយ អំពី​សកម្មភាព​នានា នៃ​សាលាបឋមសិក្សា វត្ត​បូព៌​។ ទូរទស្សន៍​នេះ​បានដាក់​ចំណង​កម្មវិធី​វីដេអូ​នោះ​ថា UG5 Cambodia ដែលមាន​រយៈពេល​ជាង​២​នាទី​។ តាម​នាយក​សាលារៀន​វ​ត្ត​បូព៌ UG5 អាចមាន​អត្ថន័យ​ដូចគ្នា​ទៅនឹង​កម្មវិធី «​មនុស្ស​សាកល​» ដែល​កំពុង​អនុវត្ត​ក្នុង​សាលា​នេះ​។



​កម្មវិធី «​មនុស្ស​សាកល​» របស់​សាលារៀន​វត្ត​បូព៌ គឺ​ទី​១ ធ្វើ​ឲ្យ​សិស្សានុសិស្ស​ស្អាត ទី​២ មាន​របៀប ទី​៣ ឥរិយាបថ​សុភាពរាបសា ទី​៤ គោរព​ពេលវេលា​ទៀងទាត់ និង​ទី​៥ ការតាំង​សមាធិ​។ ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​វឹក​ហាត់​សិស្ស​ទាំងអស់ ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់ ដែលមាន​វិន័យ និង​សីលធម៌​ខ្ពស់ ទោះ​ទៅដល់​ទីណា អាច​ចូល​ចំណោម​គេ ហើយ​ធ្វើ​ឲ្យ​គេ​ចំណាំ​ថា ជា​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក នាយក ពឹង គិ​ម​ឆេន​។​

​ការអប់រំ​តែមួយ​មុខ ហើយ​ខ្វះ​ឥរិយាបថ វា​មិនមែនជា​ការល្អ​នោះទេ​។ តាម​លោក ពឹង គិ​ម​ឆេន ដើម្បី​ឲ្យ​ក្លាយជា​មនុស្ស​មួយរូប​ដែល​ប្រសើរ​ទៅបាន គឺ​ត្រូវមាន​ធាតុ​ផ្សំ​ចំនួន​៣ ទី​១ គុណភាព​ការអប់រំ​ឲ្យ​កាន់តែ​ខ្ពស់ ទី​២ ធ្វើ​ឲ្យ​អ្នកទទួល​ការអប់រំ​មាន​សុខភាព​ល្អ និង​ទី​៣ ធ្វើ​ឲ្យ​មាន​ឥរិយាបថ​ល្អ​។​

​សាលារៀន​វត្ត​បូព៌ គឺជា​សាលារៀន​គំរូ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​វិន័យ និង​ការអប់រំ ល្អប្រសើរ​។ សាលារៀន​នេះ​តែង​ទទួល​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែងយល់​ពី​ការ អប់រំ និង​ដឹកនាំ​ក្នុង​សាលារៀន​មួយ​នេះ​។ សាលា​នេះ​ក៏​ធ្លាប់​ទទួល​គណៈប្រតិភូ​ប្រទេស​ថៃ ជាពិសេស​បណ្តា​សាលា​ដែល​នៅតាម​ខេត្ត​ជាប់​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​ផងដែរ​៕

​ដើម្បី​ជ្រាប​ច្បាស់​ពី​បញ្ហា​នេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ពឹង គិ​ម​ឆេន នាយក​សាលាបឋមសិក្សា វត្ត​បូព៌ ដូចតទៅ​










Tag:
 ពឹង គិ​ម​ឆេន​
  វត្ត​បូព៌
© រក្សាសិទ្ធិដោយ thmeythmey.com