ជាតិ
ពិតជាមានជាតិមុន និងជាតិក្រោយមែនដែរឬទេ?
× ជីវិតអ្នកជាតិនេះ តើអ្នកកើតមកពីណា? ហើយពេលអ្នកស្លាប់ទៅ តើអ្នកទៅណា? ពេលអ្នកស្លាប់តើអ្នកនឹងសូន្យឈឹង លែងកើតម្តងទៀតឬ? ឬក៏អ្នកស្លាប់ហើយ អ្នកកើតសាជាថ្មី?
ចំណោទបញ្ហាដ៏មហាស្មុគស្មាញ និងពិបាកយល់នេះ ត្រូវបានលាតត្រដាងឡើងតាំងពីជាង ២៥០០ ឆ្នាំមកហើយ ដែលបកស្រាយដោយព្រះសមណគោតម បរមគ្រូនៃយើង។ ប៉ុន្តែនៅតែមានមនុស្សមិនតិចទេ ដែលនៅតែមិនទាន់យល់ឬក៏យល់ច្រឡំពីរឿងនេះ គឺពួកគេបានត្រឹមតែឆ្ងល់ក្នុងចិត្តប៉ុណ្ណោះ។
បើអ្នកយល់ថា មានជាតិមុន នោះអ្នកនឹងយល់ថា នឹងមានជាតិក្រោយបន្តទៀត។ ហេតុផលគឺ ប្រសិនបើមានជាតិមុន នោះជាតិមុនគឺជាដើមទងនៃជាតិបច្ចុប្បន្ន និងជាតិខាងមុខ។ បើអ្នកទទួលស្គាល់ថាមានជាតិក្រោយ នោះអ្នកក៏ត្រូវតែទទួលស្គាល់ថា ជាតិមុនពិតជាមានមែន។ ហេតុផលគឺ ប្រសិនបើមានជាតិខាងមុខ អីចឹងជាតិមុនក៏ត្រូវតែមានដែរ។ ហេតុដូច្នេះ ខ្ញុំសូមបកស្រាយតែបញ្ហាថា តើមានជាតិខាងមុខឬមិនមាន? និយាយឲ្យស្រួលស្តាប់ តើអ្នកនឹងចាប់ជាតិសាជាថ្មីដែរឬទេ ក្រោយពីអ្នកស្លាប់?
ជាសត្យានុម័តនៃធម្មជាតិ! ពេលអ្នកស្លាប់ អ្នកមិនកើតជារូបអ្នកសាជាថ្មីឡើងវិញនោះទេ! តែរូបអ្នកក៏មិនសូន្យឈឹងដែរ។ អ្នកដែលយល់ថា ស្លាប់ហើយកើតឡើងវិញ គឺជាការយល់ខុស ហើយអ្នកដែលយល់ថា ស្លាប់ហើយរលត់សូន្យឈឹងមិនកើតឡើងវិញ ក៏ជាការយល់ខុលដូចគ្នា។ បើគិតថា ស្លាប់ហើយកើតវិញក៏ខុស ស្លាប់ហើយមិនកើតវិញក៏ខុស ចុះស្លាប់ហើយទៅណា?
ក្រឹត្យក្រមនៃដំណើរជីវិតសត្វលោកត្រង់នេះ ប្រៀបដូចជាគ្រប់ស្វាយ និងផ្លែស្វាយដូច្នេះដែរ។ ពេលអ្នកយកគ្រាប់ស្វាយទៅដាំ ដោយការស្រោចទឹកថែទាំ អស់កាលជាច្រើនឆ្នាំ គ្រប់ស្វាយនោះ នឹងក្លាយជាដើមស្វាយដ៏ធំមួយ ហើយក្រោយមកក៏បានផលិតនូវផ្លែជាច្រើន។ ទម្រាំតែក្លាយជាដើមស្វាយដ៏ធំ និងមានផ្លែពាសពេញមែក គ្រាប់ស្វាយដែលជាពូជនោះបានរលាយក្នុងធរណីបាត់ទៅហើយ។ តើគ្រាប់ស្វាយដែលកប់ក្នុងដីនោះទៅណា? បន្ទាប់ពីរលាយក្នុងធរណីហើយ ផ្លែស្វាយថ្មីដែលចេញពីដើម គឺជាគ្រាប់ស្វាយដែលកប់ក្នុងធរណីនោះមែនទេ?
ការពិត! ផ្លែស្វាយថ្មីដែលចេញពីដើមនោះ មិនមែនជាគ្រប់ស្វាយដែលកប់ក្នុងដីនោះទេ តែផ្លែស្វាយថ្វីនោះ ក៏មិនមែនដុះចេញពីគ្រាប់ស្វាយដទៃ ក្រៅពីគ្រាប់ស្វាយដែលកប់ក្នុងដីនោះដែរ។ ផ្លែស្វាយថ្មីនោះ មិនមែនជាគ្រាប់ស្វាយដែលកប់ក្នុងដីនោះទេ តែគ្រប់ស្វាយដែលកប់ក្នុងដីនោះ គឺជាធាតុ ឬជាហេតុ ដែលនាំឲ្យកើតផ្លែស្វាយថ្វីនោះ។
ការប្រៀបធៀបយ៉ាយណា សេចក្តីពិតនៃធម្មជាតិក៏យ៉ាងនោះដែរ! ជីវិតអ្នកដែលបានស្លាប់ទៅហើយ មិនកើតជារូបអ្នកសាជាថ្មីឡើងវិញនោះទេ តែជីវិតដែលកើតថ្មីពីការស្លាប់របស់អ្នកនោះ ក៏មិនមែនជាអ្នកផ្សេង ក្រៅពីជីវិតអ្នកដែលបានស្លាប់នោះដែរ។ ជីវិតដែលកើតថ្មីនោះ គឺជាផលនៃកម្មជីវិតចាស់របស់អ្នក ដែលបានតាក់តែងអ្នកឲ្យមានកំណើតថ្មី។
ត្រង់ការពន្យល់នេះ គួរយល់ពីព្រះពុទ្ធោវាទ ដែលព្រះអង្គទ្រង់សម្តែងថា៖
• នេះមាន នោះមាន
• នេះគ្មាន នោះគ្មាន
• នេះរលត់ នោះរលត់
អតីតជាតិ គឺជាពន្លក ដែលនាំឲ្យមានបច្ចុប្បន្នជាតិ។ បច្ចុប្បន្នជាតិ គឺជាបច្ច័យ ដែលនាំឲ្យមានអនាគតជាតិ។ អនាគតជាតិ គឺជាកំណើត ដែលនាំឲ្យមានអតីតជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ចូរអ្នកកុំព្រួយឡើយ ប្រសិនបើអ្នកនៅតែមិនទាន់យល់ច្បាស់ថា ជាតិក្រោយមានឬមិនមាន ហើយមិនដឹងថា អ្នកនឹងកើតជាអ្វី ហើយកើតនៅស្ថានសួគ៌ឬស្ថាននរក។ អ្នកគ្រាន់តែប្រកាន់ភ្ជាប់ក្នុងចិត្តថា៖ «បច្ចុប្បន្នភ្លឺ ទៅអនាគត ក៏ភ្លឺដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com