អន្តរជាតិ
​បច្ចេកវិទ្យា
អ្នក​កើត​ចន្លោះ​ឆ្នាំ​១៩៨០-២០០០ ភាគច្រើន ខឹងសម្បា​ពេល​នៅ​ឆ្ងាយ​ពី​ស្មា​ត​ហ្វូ​ន​
23, Sep 2017 , 9:39 am        
រូបភាព
ដោយ: ធីតា
អ្នក​កើត​ចន្លោះ​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០០ ភាគច្រើន​ពិបាក​រស់នៅ​ឆ្ងាយ​ពី​ស្មា​ត​ហ្វូ​ន​ខ្លាំងណាស់ ដោយ​ពួកគេ​តែងតែមាន​អារម្មណ៍​ខឹងសម្បារ​នៅពេលដែល​ពួកគេ​នៅ​ឆ្ងាយ​ពី​វា​។ នេះ​បើតាម​ការស្ទង់មតិ​លើ​យុវជន​ប្រមាណ​៧០០០​នាក់​របស់ LendEDU​។​



​ភ្នាក់ងារ​ទីផ្សា​អន​ឡាញ LendEDU បាន​ចោទ​ជា​សំណួរ​ទៅកាន់​យុវជន​ប្រមាណ​៧០០០​នាក់​ថា «​តើ​អ្នក​ទាំងអស់​មាន​អារម្មណ៍​យ៉ាងណាដែរ នៅពេលដែល​គ្មាន​ស្មា​ត​ហ្វូ​ន​នៅជាប់​ខ្លួន​?»​។ ចម្លើយ​បាន​បង្ហាញថា ៦៩​ភាគរយ មាន​អារម្មណ៍​ខឹងសម្បា ខណៈ​៣១​ភាគរយ បាន​ចាត់ទុកថា ជា​រឿង​ធម្មតា​។​

​បើតាម​របាយការណ៍​លំអិត​លើ​លទ្ធផល​នៃ​ការស្ទង់មតិ យុវជន​ដែល​កើត​ចន្លោះ​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០០ រហូតដល់​ទៅ​៧៦​ភាគរយ​ឯណោះ ដែល​បាន​ឆ្លើយថា ពួកគេ​នៅ​មិន​សុខ​នោះឡើយ នៅពេលដែល​គ្មាន​ស្មា​ត​ហ្វូ​ន​នៅក្នុង​ដៃ​។​

LendEDU បានផ្តល់​ការសន្និដ្ឋាន​របស់ខ្លួន​ថា យុវជន​ទាំងនោះ គឺជា​អ្នក​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើនជាងគេ​បំផុត ហើយ​អ្វីដែល​សំខាន់​នោះ ពួកគេ​ចូល​ប្រើប្រាស់​កម្មវិធី App ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេងៗ ។ វ័យ​ដែល​កើត​ចន្លោះ​ឆ្នាំ​១៩៨០ ដល់​២០០០ ស្ថិតក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវការ​ព័ត៌មាន​បំផុត​។​

​ទាក់ទង​នឹង​ការស្ទង់មតិ​ដែល​រៀបចំឡើង​ចន្លោះ​ពីថ្ងៃ​ទី​៥ ខែមិថុនា ដល់​ថ្ងៃទី​២៦ ខែសីហា លោក Larry Rosen ដែលជា​អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា បាន​រកឃើញថា មនុស្ស​ដែល​ធ្លាប់ប្រើ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​បែរជា​ឆ្ងាយ​ពី​វា បានធ្វើ​ឲ្យ​អ័រម៉ូន​ឈ្មោះ Cortisol បាន​មានការ​កើនឡើង​។ ការកើនឡើង​ខ្ពស់​នូវ​អ័រម៉ូន Cortisol បានធ្វើ​ឲ្យ​មនុស្ស​មានការ​ធុញថប់​ក្នុង​អារម្មណ៍ និង​ឆាប់​ខឹង​។​

អ្នកជំនាញ​បាន​អះអាង​បន្ថែមថា បច្ចុប្បន្ន ស្មា​ត​ហ្វូ​ន​បាន​ក្លាយជា​ឧបករណ៍​ជួយ​រំងាប់​អារម្មណ៍​របស់​មនុស្ស ព្រោះ​វា​មិន​ត្រឹមតែ​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការផ្សព្វផ្សាយ ការស្រាវជ្រាវ និង​ការ​គន់គូរ​នានា​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com