ជាតិ
អាជ្ញាធរ ដក​ស្លាក​ឈ្មោះ «​រមណីយដ្ឋាន សុខា​ឋានសួគ៌​» រួចរាល់​ហើយ ដោយ​ដាក់ឈ្មោះ​ដើម​ឡើងវិញ
23, Sep 2017 , 10:29 am        
រូបភាព
ភ្នំពេញ៖ អភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា  បាន​ដឹកនាំ​សមត្ថកិច្ច ទៅ​ចុះ​ដក​ស្លាកសញ្ញា «​រមណីយដ្ឋាន សុខា​ឋានសួគ៌​» រួចរាល់​អស់ហើយ  នៅ​ម៉ោង​ជិត ១០​ព្រឹក នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​រក្សា​ឈ្មោះ​ដើម​នៅ​ដដែល គឺ «​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​»​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយពី​មាន​បទបញ្ជា​ពីស​ម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។



លោក ចាន់ ចេស្តា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន​បាន​ប្តូរ​ឈ្មោះ «​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​» ទៅជា «​រមណីយដ្ឋាន សុខា​ឋានសួគ៌​» ដោយ​មិនបាន​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​។ យ៉ាងណាក៏ដោយ លោក ពុំបាន​ផ្តល់​ហេតុផល​ក្បោះក្បាយ​នោះទេ ទាក់ទង​នឹង​ការចុះទៅ​ដក​ឈ្មោះ​ថ្មី​ចេញ​។ លោក គ្រាន់តែ បញ្ជាក់ថា ការចុះទៅ​ដក​ឈ្មោះ​ថ្មី ហើយ​រក្សា​ឈ្មោះ​ដើម​ឲ្យ​នៅ​ដដែល គឺធ្វើឡើង​តាម​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន​។

លោក ចាន់ ចេស្តា និយាយ​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន ដូរ​ឈ្មោះ​ថ្មី អត់​ប្រាប់​អាជ្ញាធរ សូម្បីតែ​បន្តិច ហើយ​ទើបនឹង​ដូរ​ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង​។ យើងខ្ញុំ ដែលជា​គណៈ​អភិបាល​ខេត្តកំពត​ទាំងអស់ ​សាទរ​នឹង​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន ដែល​ឲ្យ​ដកចេញ​វិញ​»​។ លោក បញ្ជាក់​ចុងក្រោយ​ថា ខណៈ​នេះ សមត្ថកិច្ច កំពុងតែ​ឡើងលើ​ភ្នំ​បូកគោ ដើម្បី​ស្វែងរក​ឈ្មោះ «​រមណីយដ្ឋាន សុខា​ឋានសួគ៌​» ហើយ​បើ​មាន នឹងត្រូវ​ដកចេញ​ឲ្យ​អស់​។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទេ ដោយសារតែ​ហៅ​ទូរ​ស័ព្ទ​ចូល​ដែរ តែ​លោក ពុំបាន​ទទួល​៕

© រក្សាសិទ្ធិដោយ thmeythmey.com