អន្តរជាតិ
បង់​ក្លា​ដែ​ស ទទូច​មី​យ៉ាន់​ម៉ា​ឲ្យ «​បញ្ឈប់​ការសម្លាប់​បំបាត់​ជាតិ​សាសន៍​» ហើយ​បង្កើត​តំបន់​សុវត្ថិភាព​វិញ​ ​
23, Sep 2017 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​មី​យ៉ាន់​ម៉ា ព្យាយាម​ពន្យល់​ពី​ស្ថានភាព​ល្អប្រសើរ​ក្នុងប្រទេស​ខ្លួន​យ៉ាងណាក៏ដោយ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា នៅតែ​ជា​ក្តីបារម្ភ​ដែល​សហគមន៍​អន្តរជាតិ ត្រូវ​ចូលរួម​ដឹងលឺ ។ លើ​បញ្ហា​នេះ បង់​ក្លា​ដែ​ស ដែលជា​រដ្ឋ​មួយ ជួយ​រ៉ាប់រង​លើ​បញ្ហា​នេះ បាន​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ឈប់​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ហើយ​បង្កើត​តំបន់​សុវត្ថិភាព​ដើម្បី​ធានា​ដល់​អាយុជីវិត​ប្រជាជន​ស៊ីវិល ។​



​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស Sheikh Hasina នៅ​ថ្ងៃ​២១ កញ្ញា បាន​ប្រើពាក្យ​ធ្ងន់ៗ​ប្រឆាំងនឹង​ហិង្សា ដែល​បានកើត​នៅ​រដ្ឋ Rakhine នៃ​មី​យ៉ាន់​ម៉ា ។ លោកស្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បានមក​ដល់ទី​នេះ បន្ទាប់ពី​បានឃើញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុងតែ​ស្រេកឃ្លាន និង​អស់សង្ឃឹម ដែល​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​មក​ជ្រក​ខ្លួន​នៅ​ជំរំ Cox’s Bazar នៅ​បង់​ក្លា​ដែ​ស​»​។

​នា​សន្និបាត​ប្រចាំ​របស់​មហាសន្និបាត​នោះដែរ លោកស្រី​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន បង់​ក្លា​ដែ​ស បានផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​លើសពី​៨០​ម៉ឺន​នាក់​ហើយ ដែល​ជនភៀសខ្លួន​ទាំងនេះ បាន​រត់គេចខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់ Rakhine ។

​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏បាន​ស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា បញ្ឈប់​ការអនុវត្ត​«​សកម្មភាព​បោសសម្អាត​(​សម្លាប់​)​ជាតិ​សាសន៍​»​នៅក្នុង​រដ្ឋ Rakhine ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជា​រៀងរហូត ហើយ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​ត្រូវតែ​បញ្ជូន​មន្ត្រី​ខ្លួន​ដើម្បី​ស្វែងរក​អង្គហេតុ​ពិត​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ ។

​ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​ស្នើ​ឲ្យ​មាន «​តំបន់​សុវត្ថិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​» ដើម្បី​ការពារ​ជន​ស៊ីវិល ក្រោម​ការតាមដាន​រប​ស់​អង្គការសហប្រជាជាតិ ហើយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទាំងអស់​ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​បង់​ក្លា​ដែ​ស ក៏ត្រូវ​បញ្ជូន​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ផងដែរ ។

​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើ​សារ​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា លោកស្រី មិន​ចង់​មី​យ៉ាន់​ម៉ា​ក្លាយជា​ប្រជាជាតិ​ដែល​បើក​បាក់​នោះឡើយ​។ «​យើង​ជា​ជាតិ​តែមួយ យើង​ត្រូវ​ធ្វើការ​រួមគ្នា​»​។ នេះ​ជាការ​ប្តេជ្ញា​របស់លោក​ស្រី ស៊ូ​ជី ដោយ​ទទួលស្គាល់ថា មី​យ៉ាន់​ម៉ា គឺ​រដ្ឋ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​។​

​លោកស្រី បានលើកឡើង​ផងដែរ​ថា ការវាយប្រហារ​គ្នា មិន​អាចជួយ​ដោះស្រាយ​បញ្ហា​អ្វី​បាន​នោះឡើយ​។ «​យើង​ត្រូវតែ​បញ្ចប់​ការ​ស្អប់ខ្ពើម គោលការណ៍​របស់ខ្ញុំ​មិនមាន​ជាការ​លើកតម្កើង​ជម្លោះ​នោះឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com