អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ប្រដូច ត្រាំ និង គីម ជុង​អ៊ុន ទៅនឹង​ក្មេង​ម​តេ្ត​យ្យ ​
23, Sep 2017 , 1:15 pm        
រូបភាព
សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ផ្ទុះឡើង​ខ្លាំង ក្រោយ​សុន្ទរកថា​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅឯ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ក្រោយពី​លោក ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង​ទាំងស្រុង បើ​នៅតែ​បន្ត​គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត លោក គីម ជុង​អ៊ុន ឯណោះ​ក៏​ចេញមុខ​ដោយផ្ទាល់​គំរាម​វាយបក​អាមេរិក​វិញ​។ រុស្សី​ឯណេះ​វិញ បានស្នើ​ឲ្យ​ភាគី​ទាំង​សង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បាន​រិះគន់​សង្គ្រាមពាក្យសម្ដី​នេះ ជា​សកម្មភាព​កូនក្មេង​ទៀតផង​។



​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov បាន​ទទូច​ឲ្យ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង រំងាប់​កំហឹង​ដែល​ឆេះ​រោលរាល​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្លោង​សម្ដី​ដាក់គ្នា​ទៅវិញទៅមក រហូតដល់​ថ្នាក់​កូរ៉េខាងជើង​គំរាម​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទឹកដី​របស់ខ្លួន​ទៅទៀត​។ ចិន និង​រុស្ស៊ី សុទ្ធតែ​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​បន្ត​ការអត់ធ្មត់​ឲ្យ​បាន​ដាច់ខាត​។​

​ក្នុង​សន្និសីទកាសែត​ក្រោយ​ថ្លែង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​នៅ​ថ្ងៃទី​២២ ខែកញ្ញា លោក Lavrov ទទូច​ឲ្យ​មេដឹកនាំ​ដែល​កំពុងមាន​កំហឹងរ​ក្សា​ជំហរ​ស្ងៀមស្ងាត់ និង​ត្រូវ​ផ្អាក​ការ​ចោល​ពាក្យសម្ដី​ដាក់គ្នា ក៏ដូចជា​រក​ផ្លូវ​ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​ផងដែរ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​រុស្ស៊ី​បន្តថា​៖ «​យើង​ត្រូវ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​សម​ហេតុផល មិនមែន​ការប្រើប្រាស់​អារម្មណ៍​ដោះស្រាយ​បញ្ហា​ដូច​ក្មេង​ម​ត្តេ​យ្យ​ឈ្លោះ​គ្នា​ឡើយ​»​។​

​សង្គ្រាមពាក្យសម្ដី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង រាលដាល​ខ្លាំង​ដោយសារ​សម្ដី​លោក ត្រាំ ។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong-ho ដែលមាន​វត្ត​មាននៅ​ក្រុង​ញូវយ៉ក​ដែរនោះ បាន​ព្រលយ​ថា លោក គីម ជុង​អ៊ុន ពិចារណា​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ក្នុង​កម្រិត​មិន​ធ្លាប់មាន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ រដ្ឋមន្ត្រី​រូបនេះ មិនដឹង​ច្បាស់​ថា មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​អាច​ប្រថុយ​គ្រោះថ្នាក់​នេះ​ឬ​យ៉ាងណាទេ​។  

​បន្ថែម​ពីលើ​ការប្រើប្រាស់​ពាក្យសម្ដី​គំរាម រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​ចាប់ផ្ដើម​រឹតបន្តឹង​ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង ដោយ​ហាមឃាត់​រាល់​ក្រុមហ៊ុន​ទាំងឡាយ​រកស៊ី​នៅ​អាមេរិក បើ​រកឃើញថា​កំពុង​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ដែរនោះ​។ ប៉ុន្តែ​គេ​មិន​រំពឹងថា​ទណ្ឌកម្ម​របស់​អាមេរិក​លើក​នេះ អាច​ទម្លាយ​ភាពទ័លច្រក​នៃ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ដ្បិត​ក្រុង​ព្យុងយ៉ាង​មិនបាន​ខ្វាយខ្វល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ​អ្វី​ទេ​។​

​ឆ្លើយតប​ពាក្យ​គំរាម​របស់​កូរ៉េខាងជើង រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក រិច ធី​ល័​រ​សិន នៅមាន​គំនិត​សុទិដ្ឋិនិយម​ក្នុងការ​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​នេះ​តាមផ្លូវ​ចរចា ទោះជា​អាមេរិក​ហាក់​អស់​ការអត់ធ្មត់​ទៅហើយ​ក្ដី​។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​អាមេរិក​មាន​ជប៉ុន និង​កូរ៉េខាងត្បូង ពិតជា​នៅ​មិន​សុខ​ឡើយ​ចំពោះ​ការ​សម្ដី​គឃ្លើន​របស់​កូរ៉េខាងជើង​នោះ​។ ជុំវិញ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​វិញ ក្រុង​តូ​ក្យូ​បាន​ជំទាស់​ដាច់​ណាត់ និង​ចាត់ទុកជា​ទង្វើ​មិនអាច​ទទួលយកបាន​ទៀតផង​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com