ជាតិ
ទេសាភិបាល​បារាំង ជា​អ្នកផ្តើមគំនិត​សាងសង់​រមណីយដ្ឋាន​ភ្នំ​បូកគោ សម្រាប់​គយគន់​ទេសភាព
23, Sep 2017 , 2:29 pm        
រូបភាព
រូបពី​ហ្វេសប៊ុកឋានសួគ៌បូកគោ
រូបពី​ហ្វេសប៊ុកឋានសួគ៌បូកគោ
ដោយ:
​ភ្នំ​បូកគោ​ ជាមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែលស្ថិតនៅលើ​កំពូលភ្នំ ភាគ​ខាងលិច នៃ​ទី​រួម​ខេត្តកំពត ចម្ងាយ ៤២​គីឡូម៉ែត្រ​។ ការដាក់​ឈ្មោះថា «​ភ្នំ​បូកគោ​» ទំនង​ដោយសារ​មើល​ពី​ចម្ងាយ​ទៅ ភ្នំ​នេះ​មាន​សណ្ឋាន​ដូច​បូកគោ​។​



យោងតាម​ឯកសារ​មួយចំនួន បាន​បង្ហាញថា កាលពី​អំឡុង​ឆ្នាំ ១៩១៧ មាន​ក្រុម​អ្នកស្រាវជ្រាវ​បរទេស បាន​មកដល់​ទីនេះ​ដំបូង​គេ​។ ក្រោយមក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លួស បានរៀបចំ​ឡើង​ភ្នំ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩២២ ។

​ឯកសារ​ដទៃទៀត​បញ្ជា​ក់ថា ក្រោយពេល​បារាំង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​គំហុក ឆ្នាំ​១៩២០ លោក​ហ្វ្រ​ង់​ស័​រ បូ​ឌ័​ន​(Francois Baudoin)​ឬ ហ្វ្រ​ង់​ស័​រ​-​បូ​ដ្វាំ​ង ដែលជា​អគ្គទេសាភិបាល​បារាំង​ថ្មី ប្រចាំ​ឥណ្ឌូចិន បានសម្រេច​ចិត្ត ឲ្យ​គេ​សាងសង់​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ​ឡើង​។ ការស្ថាបនា រមណីយដ្ឋាន ភ្នំ​បូកគោ គឺអាច​ជួយ​ឲ្យ​ជនបរទេស ជាពិសេស​លោកបូ​ឌ័​ន ឡើងមក​លំហែកាយ ស្រូបយក​ខ្យល់អាកាស​ត្រជាក់ បរិសុទ្ធ និង​អាច​ទស្សនា​ទេសភាព ដ៏​ស្រស់ស្អាត នៃ​ឆ្នេរសមុទ្រ​កម្ពុជា ដូចជា​កែប កំពត ក្រុងព្រះសីហនុ បណ្តា​កោះ​នានា​របស់​កម្ពុជា ជាពិសេស ឈូង​សមុទ្រ​សៀម​។​

ដើម្បី​ជាទី​កន្លែង​ទេសចរណ៍ ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​បរទេស លោកបូ​ឌ័​ន បាន​ឲ្យ​គេ​សាងសង់​កាស៊ីណូ មួយកន្លែង បឹង​ហ្គា​ឡូ និង​កន្លែង​វាយ​តេ​នី​ស​។​
​ការស្ថាបនា​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​ផ្លូវ​ឡើង ត្រូវបាន​ចំណាយ​ជាង​៣​ឆ្នាំ​។ ការ​សាង សង់​រមណីយដ្ឋាន​ភ្នំ​បូកគោ បានធ្វើ​ឲ្យ​ពួក​ពលករ​ម្ចាស់​ប្រទេស តែ​គ្មាន​សិទ្ធិ​សម្រេចចិត្ត បាត់បង់​ជីវិត ប្រមាណ​ចន្លោះ​ពី​៩០០ ទៅ​២០០០​នាក់​។ អ្នកស្លាប់​ទាំងនេះ ភាគច្រើន​គ្រោះថ្នាក់ ដោយសារ​ការងារ​ធ្វើ​ផ្លូវ​ឡើង​ភ្នំ គ្រុនចាញ់ និង​ពស់​ចឹក​។ ពួកគេ ពុំ​ទទួលបាន​សំណង​សង្គម កិច្ច​ពី​អាណាព្យាបាល​បារាំង​ឡើយ​។​

​ក្រៅពី​កន្លែង​កម្សាន្ត តាមបែប​កែច្នៃ​នេះ នៅ​ចម្ងាយ​៧​គី​ទ្បូ​មែត្រ​ពី​កំពូលភ្នំ​បូកគោ ក៏​នៅមាន​កន្លែង​កម្សាន្ត​ធំៗ បី​កន្លែង​ផ្សេងទៀត​ផងដែរ គឺ​ទឹកធ្លាក់​បី​ថ្នាក់ ពពក​វិល និង​ព្រះរាជដំណាក់ ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស​។ ទីនេះ​គេ​អាចមក​មុជទឹក​កម្សាន្ត និង​ទស្សនា ផ្ទាំង​ពពក ដែល​អណ្តែត​ទៅមក តាម​កម្លាំង​ខ្យល់​បក់​។ ភ្នំ​បូកគោ​មាន​កំពស់ ១០៧៥​ម៉ែត្រ នៅទីនេះ មាន​អាកាសធាតុ​ត្រជាក់​បង្គួរ និង​ចុះ​អាប់​ជា​ញឹកញាប់​។ រុក្ខជាតិ​ទាំងទ្បាយ​នៅទីនេះ រីក​ស្រស់បំព្រង​ស្ទើរ​គ្រប់​រដូវ​កាល​។

​ភ្នំ​បូកគោ ត្រូវបាន​គេបោះបង់​ចោល​ចំនួន​ពីលើ​ក គឺ​លើកទីមួយ ចន្លោះ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហនុ បន្ទាប់ពី​ព្រះបាទ​មុនី​វង្ស សោយ​ទិវង្គត និង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ក្នុង​រជ្ជកាល ព្រះបាទ​នរោត្តម​សីហនុ​ដដែល ហើយ​លើក​ទី​២ នៅក្នុង​អំឡុង​ឆ្នាំ​១៩៧២ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ របស់លោក​សេនាប្រមុខ​លន់នល់ រហូតដល់​ឆ្នាំ​១៩៩៣ ក្រោយ​ការបោះឆ្នោត​រៀបចំឡើង​ដោយ​អ៊ុនតាក់ ទើប​រាជរដ្ឋាភិបាលចម្រុះ ដែលមាន​សហនាយករដ្ឋមន្ត្រី បើក​ឲ្យ​ដំណើរការ​ម្តងទៀត និង​ប្រកាស​តំបន់​នេះ ជា​ឧទ្យាន​ជាតិ​។​

​គេ​និយាយថា ព្រះបាទ​ស៊ីសុវត្ថិ មុនី​វ​ង្សី បាន​បង្អត់​ក្រយា រហូត​សោយ​ទិវង្គត នៅក្នុង​ព្រះរាជដំណាក់​របស់​ព្រះអង្គ លើ​កំពូលភ្នំ​បូកគោ​នេះ ក្រោយពី​ជប៉ុន បង្ខំ​បារាំង ឲ្យ​ប្រគល់់​ខេត្ត​ចំនួន​៣ នៅ​ភាគ​ខាងលិច គឺ​ខេត្តបាត់ដំបង សៀមរាប និង​កំពង់ធំ ឲ្យ​ទៅ​សៀម កាលពី​ថ្ងៃទី​៩ ឧសភា ឆ្នាំ​១៩៤១ ។ ព្រះអង្គ​តូច​ព្រះទ័យ ចំពោះ​អាណាព្យាបាល​បារាំង ដែល​មិន​ព្រម​ជំទាស់ ឬ​បដិសេធ ការប្រមាថ​របស់​ជប៉ុន​។​

​បន្ទាប់ពី​ឡើង​គ្រង​រាជ​បាន​ជាង​១០​ព្រះវស្សា ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះបាទ សម្តេច នរោត្តម​សីហនុ បាន​ឲ្យ​គេ​សាងសង់​អាគារ​សាធារណៈ​ជាច្រើន ស្ទើរតែ​ដូច​រាជធានី​តូច​មួយ លើ​កំពូលភ្នំ​ដែរ ។

​នៅ​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាលចម្រុះ បាន​បើក​ឱ្យ ទេសចរ​ចូលទៅ​លេង​កម្សាន្ត​ជា​លើកដំបូង បន្ទាប់ពី​បាន​បោះបង់ចោល​ជាង​២០​ឆ្នាំ​។

​រមណីយដ្ឋាន​ភ្នំ​បូកគោ ត្រូវបាន​រាជរដ្ឋាភិបាល ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខ គង់ អូ​តែ​ល វិនិយោគ កាលពី​ខែឧសភា ឆ្នាំ​២០១២ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១០០០​លាន​ដុល្លារ ហើយ​រមណីយដ្ឋាន បាន​ប្តូរ​ឈ្មោះ​ទៅជា រមណីយដ្ឋាន ឋានសួគ៌ ភ្នំ​បូកគោ​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ប្រមុខ​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រី​ជំនាញ ត្រូវ​កំណត់ព្រំដែន នៃ​តំបន់​អភិរក្ស​ព្រៃឈើ នៅ​ភ្នំ​បូកគោ ត្រូវ​ទប់ស្កាត់ និង​ការពារ​នូវ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ក្នុង​ឧទ្យាន​ជាតិ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com