ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ឈប់​កំណត់​តម្លៃ​លក់រាយ​សម្រាប់​សាំង​ស៊ុប​ពែរ​!
25, Sep 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រកាស​អន្តរក្រសួង​ថ្មី ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២​ខែកញ្ញា បាន​បញ្ជាក់ថា រដ្ឋាភិបាល​នៅតែ​បន្ត​កំណត់​តម្លៃ​អតិបរមា​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ប៉ុន្តែ​សម្រេច​ដក​សាំង​ស៊ុប​ពែរ​ពី​ការកំណត់​ទាំងនេះ​។



​រដ្ឋាភិបាល ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៦​មក បាន​អន្តរាគមន៍​លើ​តម្លៃ​លក់រាយ​ប្រេង​ទាំងបី​ប្រភេទ ដែល​រួមមាន​ប្រេងសាំង​ស៊ុប​ពែរ ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត  ដោយ​មិន​អនុញ្ញាត​ឲ្យ​លក់​ប្រេងឥន្ធនៈ​លើស​តម្លៃ​ដែល​កំណត់​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងពាណិជ្ជកម្ម​ឡើយ​។​

​យោងតាម​ប្រកាស​អន្តរក្រសួង​ថ្មី ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៥​ខែកញ្ញា សាំង​ស៊ុប​ពែរ​ត្រូវបាន​ដក​ចេញពី​ការកំណត់​តម្លៃ​លក់រាយ​សម្រាប់​ទីផ្សារ​កម្ពុជា​។ ប្រកាស​ថ្មី​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ការដែល​រដ្ឋាភិបាល​លែង​បន្ត​កំណត់​តម្លៃ​លើ​ប្រេងសាំង​ស៊ុប​ពែរ​នោះឡើយ​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុ​ផា​រី ការឈប់​កំណត់​តម្លៃ​សាំង​ស៊ុប​ពែរ​នៅពេលនេះ ព្រោះ​រដ្ឋាភិបាល​ចង់​បន្ថយ​ការអន្តរាគមន៍​របស់​ខ្លួន​។ កញ្ញា​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ព្រោះ​យើង​មិន​ចង់​អន្តរាគមន៍​ច្រើនពេក​។ ទីផ្សារសេរី កាលណា​រដ្ឋ​កាន់តែ​អន្តរាគមន៍ គឺ​កាន់តែ​ខុស ហើយ​រដ្ឋ​ជា​អ្នក​រែក​បន្ទុក​»​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ​បន្តទៀតថា ទោះយ៉ាងណា​រដ្ឋាភិបាល​នៅតែ​បន្ត​គ្រប់គ្រង​លើ​តម្លៃ​ប្រេងសាំង​ធម្មតា ដែល​ពលរដ្ឋ​ទូទៅ​ប្រើប្រាស់​។ កញ្ញា​បន្ថែមថា តាមរយៈ​ប្រកាស​ថ្មី​នេះ រដ្ឋាភិបាល​បាន​បន្ថយថ្លៃ Premium (​ជា​តម្លៃ​មួយ​ប្រភេទ​ដែល​ដាក់បញ្ចូល​ក្នុង​រូបមន្ត​កំណត់​ថ្លៃ​ប្រេង​) ចំនួន​មួយ​សេន​។​

​ការចេញផ្សាយ​តម្លៃ​លក់រាយ​សម្រាប់​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត នឹងត្រូវ​អនុវត្ត​ជាធម្មតា រៀងរាល​១០​ថ្ងៃ​មួយដង​ក្នុង​ខែ​នីមួយៗ​៕
 

Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com