ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ៖ក្រសួងទេសចរណ៍ ថា ទេសចរជាតិ-អន្តរជាតិចំណាយជាង ៥២លានដុល្លារ
× ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានចំណាយប្រាក់ជាង ៥២លានដុល្លារ ក្នុងកំឡុងពេលដើរកម្សាន្តទៅរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា នាឱកាសភ្ជុំបិណ្ឌឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ក្នុងឱកាសពិធីភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលដើរកម្សាន្តមិនមែនលក្ខណៈទេសចរណ៍ មានចំនួនប្រមាណជិត ១លាន៥ម៉ឺននាក់ បានទៅទស្សនារមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះបានកើនឡើង ១៥,៧ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលក្នុងនោះទេសចរអន្តរជាតិមានចំនួន ៤ម៉ឺននាក់។
លោក ថោង ខុន ដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តាមការប៉ាន់ស្មានទេសចរម្នាក់បានចំណាយជាមធ្យមចំនួន ៥០ដុល្លារអាមេរិក ក្នុងកំឡុងពេលធ្វើដំណើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលនាំឲ្យការចំណាយសរុបមានចំនួនដល់ជាង ៥២លានដុល្លារ ហើយថវិកានេះបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា កំណើននៃចំណាយក្នុងវិស័យទេសចរណ៍នេះ បានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ និងចំណូលសេដ្ឋកិច្ចជាតិ៕
Tag:
ថោង ខុន
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com