អន្តរជាតិ
ម៉ាឡេស៊ី ទិះតៀនសេចក្តីថ្លែងការណ៍ប្រធានអាស៊ានរឿងវិបត្តិរ៉ូហ៊ីងយ៉ា
× ម៉ាឡេស៊ីអះអាងថា ខ្លួនមិនគាំទ្រសេចក្តីថ្លែងការណ៍ប្រធានអាស៊ានហ្វីលីពីនពាក់ព័ន្ធវិបត្តិរ៉ូហ៊ីងយ៉ា ដែលចេញនៅថ្ងៃអាទិត្យនៅដាច់ដោយឡែកពីមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ឡើយ។ រដ្ឋសមាជិកអាស៊ានមួយនេះបកស្រាយថា សេចក្តីថ្លែងការណ៍អាស៊ានប្រាសចាកពីស្ថានការណ៍ដែលកើតឡើងជាក់ស្តែង ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់រងទុក្ខបុកម្នេញ និងជាងបួនសែននាក់រត់ភៀសខ្លួន។ តាមពិតទៅសេចក្តីថ្លែងការណ៍នោះថ្កោលទោសការវាយប្រហាររបស់កម្លាំងផ្តាច់ខ្លួនរ៉ូហ៊ីយ៉ាលើកងកម្លាំងសន្តិសុខ តែមិនមានលើកឡើងពីជនស៊ីវិលដែលបានស្លាប់និងបាត់បងជម្រកដោយសារប្រតិបត្តិការបោសសម្អាតរបស់កងទ័ពមីយ៉ាន់ម៉ាឡើយ។
វិបត្តិរ៉ូហ៊ីងយ៉ានៅបន្តជារឿងក្តៅគគុកសម្រាប់តំបន់អាស៊ាន និងសហគមន៍អន្តរជាតិ ស្របពេលដែលជនជាតិភាគតិចនេះប្រហែល បួនសែននាក់បានរត់ភៀសខ្លួនទៅកាន់ទឹកដីបង់ក្លាដែសដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ ស្ថាប័នសិទ្ធិមនុស្សជាច្រើនអះអាងថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រើប្រាស់ប្រតិបត្តិការប្រឆាំងភេរវកម្មដើម្បីបោសសម្អាតប្រជាជនរ៉ូហ៊ីយ៉ាដែលជាជនជាតិភាគតិចកាន់សាសនាឥស្លាមនោះតែម្តង។
សហគមន៍អន្តរជាតិបានបន្តតាមដាន ហើយក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កលើកទី ៧២ ប្រទេសជាច្រើនបានថ្កោលទោសអំពើហិង្សាដែលកើតឡើងនៅមីយ៉ាន់ម៉ា។ ចំណែកខ្លះទៀតបានថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលមិនសូវមានឆន្ទៈចង់ដោះស្រាយបញ្ហាវិបត្តិមនុស្សជាតិនេះផងដែរ។ ចំណែក អាស៊ានដែលជាអង្គការតំបន់នោះនៅថ្ងៃអាទិត្យក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលបន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារមួយរវាងបណ្តារដ្ឋមន្ត្រីការបរទេសខ្លួននៅដាច់ដោយឡែកពីមហាសន្និបាតអង្គការសហប្រជាជាតិ។
១.សេចក្តីថ្លែងការណ៍ប្រធានអាស៊ានគ្មានពាក្យ«រ៉ូហ៊ីយ៉ា»ដែលជាជនរងគ្រោះ
បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia សេចក្តីថ្លែងការណ៍ប្រធានអាស៊ានមានបង្ហាញពីក្តីបារម្ភរបស់អាស៊ានចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅរដ្ឋ Rakhine មីយ៉ាន់ម៉ា ហើយសេចក្តីថ្លែងការណ៍ដដែលនេះក៏បានថ្កោលទោសកម្លាំងឧទ្ទាម «ទាហានរំដោះរ៉ូហ៊ីងយ៉ានៅរដ្ឋ Arakan» ដែលបើកការវាយប្រហារលើកម្លាំងសន្តិសុខមីយ៉ាន់ម៉ាកាលពីថ្ងៃ ២៥ ខែសីហាផងដែរ។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចាត់ទុកស្ថានការណ៍ដែលកើតឡើងនៅរដ្ឋ Rakhine ជាជម្លោះដ៏ស្មុគស្មាញដែលមានដើមហេតុចេញពីប្រវត្តិសាស្ត្រយូរអង្វែងមកហើយ។ អង្គការតំបន់នេះបានបន្តទទូចឲ្យរាល់ភាគីពាក់ព័ន្ធចៀសវាងឲ្យបានការប្រើប្រាស់សកម្មភាពទាំងឡាយណាដែលបង្កឲ្យស្ថានការណ៍កាន់តែអាក្រក់ថែមទៀតនោះ។
ដំណោះស្រាយរយៈពេលវែងដើម្បីបញ្ចប់ជម្លោះ និងស្តារសន្តិភាព និងស្ថិរភាពឡើងវិញ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ អាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការធានាសុវត្ថិភាពជនស៊ីវិល និងចាត់វិធានការឲ្យបានឆាប់រហ័សដើម្បីបញ្ចប់ហិង្សានៅក្នុងរដ្ឋ Rakhine។ ក្រៅពីនេះមីយ៉ាន់ម៉ាក៏ត្រៀមដោះស្រាយបញ្ហាជនភៀសខ្លួន និងស្តារឡើងវិញស្តានភាពសង្គម និងសេដ្ឋកិច្ចដែលអនុញ្ញាតឲ្យប្រជាជនអាចត្រឡប់មករស់នៅក្នុងសហគមន៍របស់ខ្លួនបានឡើងវិញដែរ។
យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននេះមិនមាននិយាយពីឈ្មោះសហគមន៍រ៉ូហ៊ីងយ៉ាដែលជាជនរងគ្រោះពិតប្រាកដក្នុងវិបត្តិមនុស្សជាតិនេះទេ។ អ្នកណាក៏ដឹងថា សេចក្តីថ្លែងការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នបំផុត និងគោរពតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមិនធ្វើឲ្យមីយ៉ាន់ម៉ាខ្នើសចិត្ត ឬខឹងសម្បារឡើយ។ ប៉ុន្តែម៉ាឡេស៊ីបានបញ្ចេញយោបល់ជាថ្មី ថាខ្លួនមិនឯកភាព និងដកខ្លួនចេញពីជំហរនៃសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននេះ។
២.ម៉ាឡេស៊ី៖ ការលើកឡើងរបស់អាស៊ានប្រាកចាកពីភាពពិតជាក់ស្តែងនៅរដ្ឋ Rakhine
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman បានអះអាងថាការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ានមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោក្នុងរដ្ឋ Rakhine ឡើយព្រោះសូម្បីតែឈ្មោះជនជាតិរ៉ូហ៊ីងយ៉ាដែលជាជនរងគ្រោះពិតប្រាកដនោះមិនមាននៅក្នុងសេចក្តីថ្លែងការណ៍ដែរ។ ក្រៅពីបង្ហាញជំហរថ្កោលទោសការវាយប្រហារលើសន្តិសុខមីយ៉ាន់ម៉ា ម៉ាឡេស៊ីបានចាត់ទុកប្រតិបត្តិការបោសសម្អាតនៅរដ្ឋ Rakhine ជារឿងមិនសមស្របឡើយ ហើយវាបានបណ្តាលឲ្យជនស៊ីវិលរាប់រយនាក់ស្លាប់និងច្រើនជាងបួនសែននាក់ផ្សេងទៀតរត់ភៀសខ្លួន។
ប្រមុខការទូតម៉ាឡេស៊ីបានបញ្ជាក់ដូច្នេះ៖« យើងបារម្ភខ្លាំងចំពោះការសម្លាប់រង្គាលដែលធ្វើឲ្យវិបត្តិមនុស្សជាតិកើតឡើងកាន់តែធំ ហើយវាជារឿងដែលសហគមន៍អន្តរជាតិមិនអាចព្រងើយកន្តើយបានឡើយនិងត្រូវដោះស្រាយឲ្យខាងតែបាន»។
តំណាងម៉ាឡេស៊ីរូបនេះបានទទូចជាថ្មីទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ាឲ្យស្វែងរកដំណោះស្រាយយូរអង្វែងដើម្បីបញ្ចប់វិបត្តិដ៏ធ្ងន់ធ្ងរនេះ ជាពិសេសអនុញ្ញាតឲ្យប្រជាជនរ៉ូហ៊ីងយ៉ាអាចរស់រានមានជីវិតបានដោយសុខសាន្តផងដែរ។
«ដំណោះស្រាយយូរអង្វែង និងមានប្រសិទ្ធភាពដែលអាចដោះស្រាយដើមហេតុនៃជម្លោះត្រូវតែដាក់ចេញដើម្បីអនុញ្ញាតឲ្យប្រជាជនរ៉ូហ៊ីងយ៉ាដែលជាជនរងគ្រោះនោះអាចកសាងជីវិតរបស់ខ្លួនបាន។ យើងក៏សំណូមពរឲ្យមីយ៉ាន់ម៉ាអនុវត្តអនុសាសន៍ដែលមានចែងក្នុងរបាយការណ៍គណៈកម្មការប្រឹក្សាយោបល់លើបញ្ហារដ្ឋ Rakhine ឲ្យបានពេញលេញនិងឆាប់រហ័ស»។នេះជាការបញ្ជាក់របស់លោក Anifah Aman។
Tag:
ម៉ាឡេស៊ី
UNGA
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com