ជាតិ
កម្ពុជាចូលរួមសរសេររបាយការណ៍សកលស្តីពី «ទឹក និងសន្តិភាព»
× ហ្សឺណែវ៖ រដ្ឋាភិបាលស្វីសបានបង្ហាញរបាយការណ៍សកលមួយស្តីពី «ទឹក និង សន្តិភាព» កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងហ្សឺណែវ។ តំណាងរដ្ឋាភិបាល និងអ្នកសារព័ត៌មាននៃប្រទេសចំនួន១៤ផ្សេងទៀតដែលក្នុងនោះមានកម្ពុជាផងដែរ ត្រូវបានអញ្ជើញឲ្យរួមក្នុងកិច្ចពិភាក្សាអន្តរជាតិមួយនេះ និងពិធីសម្ពោធផ្សព្វផ្សាយរបាយការណ៍ដែលមានគោលដៅអំពាវនាវដល់រដ្ឋាភិបាលក្នុងពិភពលោក យកចិត្តទុកដាក់លើបញ្ហា ទឹកឲ្យក្លាយជាឧបករណ៍នាំទៅរកសន្តិភាព ប៉ុន្តែមិនមែនជាឧបករណ៍នេះជម្លោះឡើយ។
របាយការណ៍សកលមួយស្តីពី «ទឹក និងសន្តិភាព» ដែលមានលក្ខណៈជាគោលនយោបាយផង និងជាការអំពាវនាវផង ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅក្នុងអគារសន្តិភាព (maison de la paix) នៅក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសនាពាក់កណ្តាលខែកញ្ញានេះ។ ការផ្សព្វផ្សាយរបាយការណ៍កម្រាស់១០០ទំព័រស្តីពី បញ្ហាគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកជាឧបករណ៍នាំទៅរកសន្តិភាពត្រូវបានធ្វើឡើងមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉កលើកទី៧២ ហើយរបាយការណ៍នេះក៏នឹងត្រូវដាក់បង្ហាញនៅក្នុងកិច្ចប្រជុំនេះដែរ។
របាយការណ៍ដែលមានចំណងជើងថា «បញ្ហានៃការរស់រានមានជីវិត (The matter of survival) » ត្រូវបានរៀបចំធ្វើយ៉ាងឧឡារិកដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលទាំង១៥ប្រទេសដែលបានចូលរួមសរសេររបាយការណ៍នេះ អ្នកកាសែតនៃប្រទេសដែលមានតំណាងរដ្ឋាភិបាលចូលរួមតាក់តែងរបាយការណ៍នោះ តំណាងយុវជន សង្គមស៊ីវិលអន្តរជាតិផងដែរ។
កាលពីខែវិច្ឆិកាឆ្នាំ២០១៥ ក្រុមអ្នកជំនាញជាន់ខ្ពស់ចំនួន១៥រូប ស្តីពីបញ្ហាទឹក និងសន្តិភាព ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហ្សឺណែវ។ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជា លោក ថោ ជេដ្ឋា ស្ថិតនៅក្នុងចំណោមអ្នកជំនាញអន្តរជាតិ១៤រូបផ្សេងទៀតដែលមកពី ប្រទេសកូឡំប៊ី, កូស្តារីកា, អេស្តូនី, បារាំង, ហ្កាណា, ហុងគ្រី, ហ្ស៊កដានី, កាហ្សាស្ថាន, ម៉ារ៉ុក, អូម៉ង់, សេនេហ្កាល់, ស្លូវេនី, អេស្ប៉ាញ និងប្រទេសស្វីស។ អ្នកជំនាញទាំងនេះធ្វើការរួមគ្នាពីទីតាំងផ្សេងៗគ្នា ក្រោមការសម្របសម្រួលរបស់មជ្ឈមណ្ឌលទឹកនៃក្រុងហ្សឺណែវ ដែលមានមុខងារជាលេខាធិការដ្ឋាននៃក្រុមអ្នកតាក់តែងរបាយការណ៍។
ហេតុអ្វីត្រូវយកចិត្តទុកដាក់លើបញ្ហាទឹក? នៅក្នុងសន្និសីទកាសែតមួយ លោកបណ្ឌិត ដានីឡូ តួក ( Danilo Turk) ដែលជាប្រធានក្រុមអ្នកសរសេររបាយការណ៍បានថ្លែងឲ្យដឹងថា ទឹកមិនមែនត្រឹមតែជាបញ្ហានៅក្នុងការអភិវឌ្ឍ និងសិទ្ធិមនុស្សទៀតឡើយ ប៉ុន្តែវាក្លាយជាឧបករណ៍សន្តិភាព និងសន្តិសុខទៀតផង។ ដូច្នេះ សម្រាប់លោក ដានីឡូ តួក គេត្រូវតែប្រញាប់ប្រញាល់ក្នុងការលើកបញ្ហាទឹកនៅគ្រប់ជាន់ថ្នាក់ និងដល់អ្នកពាក់ព័ន្ធទាំងអស់ តាំងពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។
លោក ដានីឡូ ពន្យល់ប្រាប់អ្នកកាសែតយ៉ាងប្រាកដប្រជាយ៉ាងដូច្នេះ៖«ការពារប្រសើរជាងព្យាបាល។ យើងដូចជាគ្រូពេទ្យ ដែលដឹងថាជំងឺអ្វីមួយ វានឹងបង្កឲ្យមានបច្ច័យយ៉ាងណា។ ហើយយើងត្រូវទប់ស្កាត់ ការពារមិនមានជំងឺនោះកើតឡើង»។
ការខ្វះខាតទឹក គោលនយោបាយគ្រប់គ្រងទឹកសម្រាប់ការប្រើប្រាស់ និងសម្រាប់កសិកម្ម ការប្រឈមចំពោះការប្រែប្រួលអាកាសធាតុ បញ្ហាទឹកនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ ទាំងអស់នេះសុទ្ធតែជាបញ្ហាទឹកដែលបានកើតឡើងនៅតាមតំបន់មួយចំនួនរួចហើយនៅលើពិភពលោកនេះ ហើយដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍។ របាយការណ៍សកលស្តីពីបញ្ហាទឹក និងសន្តិភាព បានជំរុញឲ្យអង្គការសហប្រជាជាតិដើរតួនាទីស្នូលក្នុងការអំពាវនាវឲ្យកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីអំពីបញ្ហាទឹក ដើម្បីបង្កើតឲ្យមានយន្តការដោះស្រាយបញ្ហាទឹកជារួម ក៏ដូចជាប្រមូលមូលនិធិសម្រាប់ការងារសកលស្តីអំពីបញ្ហាទឹកនេះដែរ។
ទន្ទឹមនឹងការផ្សព្វផ្សាយរបាយការណ៍នេះ យុទ្ធនាការដែលមានឈ្មោះថា «Blue peace Campaign» ដែលដើរតួជាអ្នកផ្សព្វផ្សាយរបាយការណ៍ និងបញ្ហាទឹក និងបទភ្លេងស្តីពីបញ្ហាទឹក ក៏ត្រូវបានសម្ពោធផងដែរ៕
Tag:
blue peace campaign
ស្វីស
water and peace
© រក្សាសិទ្ធិដោយ thmeythmey.com