ជាតិ
សេដ្ឋកិច្ច
USAID នឹងដំណើរការគម្រោងហិរញ្ញប្បទានទំហំជាង១៥លានដុល្លារ ទ្រទ្រង់វិស័យកម្ម ក្នុងពេលឆាប់ៗ
× ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) នឹងដំណើរការឆាប់ៗ គម្រោងហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ១៥លានដុល្លារ ដើម្បីទ្រទ្រង់វិស័យកម្ម នៅក្នុងខេត្តខេត្ត សៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់របស់កម្ពុជា។ តាមរយៈគម្រោងហិរញ្ញប្បទានថ្មីសម្រាប់វិស័យកសិកម្មនេះ USAID ជឿជាក់ថា នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងនៅជនបទ និងទីប្រជុំជន។
អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងដាក់ដំណើរការក្នុងពេលឆាប់ៗ នូវគម្រោងហិរញ្ញប្បទានថ្មី ដែលមានទឹកប្រាក់១៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពកសិកម្ម នៅខេត្តសៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែតុលា DCA បានចាប់ដៃគូជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc និងគ្រឹះស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) សម្រាប់កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះ សំដៅដោះស្រាយកង្វះហិរញ្ញវត្ថុ សម្រាប់វិស័យកសិកម្ម ដ៏មានសារៈសំខាន់របស់កម្ពុជានាពេលបច្ចុប្បន្ន។
ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបង្កើនភាពដែលអាចទទួលបានហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការ ធ្វើឲ្យប្រសើរឡើងនូវផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ច ដែលដឹកមុខដោយវិស័យកសិកម្ម។ នេះបើតាមប្រកាសព័ត៌មានដដែល ដែលបានរំលឹកបន្តថា ចាប់តាំងពីឆ្នាំ ២០១១ USAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀង នៅតាម បណ្តាខេត្តចំនួន ៤ ជុំវិញបឹងទន្លេសាប តាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូចតាច។
ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុខាងលើ នៅថ្ងៃទី១៧ ខែតុលានេះ ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់១៥លានដុល្លារសម្រាប់វិស័យកសិវប្បកម្ម។ កម្ចីទាំងនេះនឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុធាតុដើមកសិកម្ម។
លោកស្រី ផលី ដាន់ហ្វ៊ត (Polly Dunford) នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា បានបញ្ជាក់ពីមោទនភាពរបស់USAID ក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ដែលកំពុងបម្រើការលើវិស័យកសិកម្មនៅកម្ពុជា ដែលប្រជាជនកម្ពុជា៧០ភាគរយរស់នៅ ពឹងផ្អែកលើវិស័យនេះ។ លោកស្រី Polly បញ្ជាក់បន្ថែមដូច្នេះ៖«យើងជឿជាក់ថា ការបង្កើនឥណទានក្នុងវិស័យកសិកម្ម នឹងគាំទ្រយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងមូល ទាំងនៅជនបទ និងទីប្រជុំជន»។
អាជ្ញាធរឥណទានអភិវឌ្ឍន៍(DCA) របស់ទីភ្នាក់ងារ USAID ធ្វើការជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអង្គការអភិវឌ្ឍនានា ដើម្បីរចនា និងផ្តល់នូវជម្រើសនានា សម្រាប់ការវិនិ យោគ ក្នុងគោលដៅធ្វើឲ្យជីវភាពមានភាពប្រសើរឡើង។ បច្ចុប្បន្ន DCA បានជួយប្រមូលហិរញ្ញប្បទានចំនួន ៤,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសចំនួន៧៦ រាប់ទាំងកម្ពុជាផង៕
© រក្សាសិទ្ធិដោយ thmeythmey.com