ជាតិ
សម្តេច ហ៊ុន សែន ចង់​ឲ្យ​ស្ថាប័នរដ្ឋ​ប្រើប្រាស់​កាលបរិច្ឆេទ​ចន្ទ​គតិ​ដូច​លោក ជា សុផារ៉ា​
16, Nov 2017 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន មានបំណង​ឲ្យ​ស្ថាប័នរដ្ឋ​ចុះ​កាលបរិច្ឆេទ​ចន្ទគតិ​លើក​លិខិត​រដ្ឋបាល​នានា អម​ជាមួយ​ជាមួយ​កាលបរិច្ឆេទ​សុរិយ្យគតិ​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​បន្ថែម​ឲ្យ​ថ្នាក់ដឹកនាំ​យក​គំរូ​តាម​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។​



​សម្តេច ហ៊ុន សែន បាន​បង្ហើប​គំនិត​នេះ​ពីលើ​វេទិកា​ជំនួប​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ នៅពេលដែល​លោក​សួរ​មន្ត្រី​នានា​អំពី​កាលបរិច្ឆេទ​ថ្ងៃនេះ (១៦​វិច្ឆិកា​) ជា​កាលបរិច្ឆេទ​ខ្មែរ ហើយ​មិនមាន​អ្នកណា​អាច​ឆ្លើយ​មក​លោក​បាន​ភ្លាមៗ​។ បើសិនជា​ត្រូវ​សម្រេច​ឲ្យ​រាជការ​កម្ពុជា​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​តាម​ចន្ទគតិ នោះ​ក៏​ព្រោះតែ​ប្រមុខ​រដ្ឋាភិបាល​រូបនេះ មិន​ចង់​ឲ្យ​ខ្មែរ​ភ្លេចឈ្មោះ​ថ្ងៃខែ​ឆ្នាំ​ជា​ខ្មែរ​។​

«​សរសេរ​កាលបរិច្ឆេទ​ទាំងពីរ​តែម្តង លើកលែងតែ​លិខិត​ផ្ញើ​ទៅ​បរទេស​។ បើ​មិន​អ៊ីចឹង ខ្មែរ​នាំគ្នា​ភ្លេច​អស់ហើយ​។ ធ្វើតាម​ឯកឧត្តម ជា សុផារ៉ា។ ឧទាហរណ៍​ថ្ងៃនេះ​ ថ្ងៃព្រហស្បតិ៍​ទី​១៦​ខែវិច្ឆិកាឆ្នាំ​២០១៧ ត្រូវនឹង​ថ្ងៃ១៣រោច ខែកត្តិក ឆ្នាំ​រកា ព.ស ២៥៦១​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន​៕


Tag:
 ច័ន្ទ​គតិ
  ហ៊ុន សែន
  ជា សុផារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com