ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
តើនិស្សិតត្រូវត្រៀមអ្វីខ្លះ មុននឹងប្រឡងចូលក្របខណ្ឌរដ្ឋ?
20, Nov 2017 ,
7:39 am
រូបភាព
×
ដោយ:
លោកបណ្ឌិត ហាប់ ផល្ធី ជានាយកថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) និងជាសាស្ត្រាចារ្យ ជំនាញនីតិភូមិបាល និងនីតិទ្រព្យសម្បត្តិ។ លោកបណ្ឌិតយល់ថា និស្សិតដែលប្រឡងចូលក្របខណ្ឌរដ្ឋ គួរតែប្រឡងឲ្យត្រូវនឹងជំនាញសិក្សារបស់ពួកគេ។ ប្រសិនបើនិស្សិតប្រឡងខុសជំនាញ នោះអាចធ្វើឲ្យភាគរយ ដែលប្រឡងជាប់តិច។ សម្រាប់សាស្ត្រាចារ្យរូបនេះ មុននឹងប្រឡងចូលក្របខណ្ឌ និស្សិតត្រូវខំរៀតាំងពីឆ្នាំទី១មកម្ល៉េះ និងត្រូវរៀនត្រៀមមុខវិទ្យាដែលក្រសួងតម្រូវ។ បន្ថែមពីនោះទៀត និស្សិតរៀន និងអនុវត្តវិញ្ញាសាចាស់ៗ ដែលធ្លាប់ចេញប្រឡង និងបើអាច គួរសួរបទពិសោធន៍ អ្នកដែលប្រឡងជាប់ក្រសួងនោះ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាង លោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោកបណ្ឌិត ហាប់ ផល្ធី ដូចតទៅ៖
លោកទីន សុខលីម៖
តើនិស្សិតដែលត្រៀមប្រឡងក្របខណ្ឌរដ្ឋ តើពួកគេត្រូវត្រៀមអ្វីខ្លះ?
លោក ហាប់ ផល្ធី៖
និស្សិតត្រូវប្រឡងតាមជំនាញរបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើរៀនជំនាញច្បាប់ ពួកគេអាចប្រឡងចូលស្ថាប័នណា ដែលមានវិស័យច្បាប់។ បន្ទាប់មកទៀត និស្សិតត្រូវរៀនត្រៀមមុខវិជ្ជាដែលស្ថាប័នតម្រូវ តើស្ថាប័ននោះ មានប្រឡងមុខវិជ្ជាអ្វីខ្លះ? អាចមានមុខវិជ្ជាវប្បធម៌ទូទៅ អក្សរសាស្ត្រអង់គ្លេស និងវិញ្ញាសាជំនាញ។ បន្ថែមពីនោះទៀត គួរសួរបទពិសោធន៍ អ្នកដែលប្រឡងជាប់ក្រសួងនោះ។
លោក ទីន សុខលីម៖
លោកសាស្ត្រចារ្យបានបញ្ជាក់ថា និស្សិតត្រូវប្រឡងឲ្យត្រូវនឹងជំនាញដែលខ្លួនរៀន ចុះប្រសិនបើនិស្សិតប្រឡងខុសជំនាញវិញ តើលោកសាស្ត្រាចារ្យយល់យ៉ាងណាដែរ?
លោក ហាប់ ផល្ធី៖
ខ្ញុំមើលឃើញថានិស្សិតភាគច្រើន ប្រឡងមិនត្រូវនឹងជំនាញដែលពួកគេរៀន។ ការប្រឡងបែបនេះ វាអាចធ្វើឲ្យភាគរយដែលប្រឡងជាប់តិច។ ប៉ុន្តែពួកគេអាចរៀនត្រៀមបាន គ្រាន់តែចំណាយពេលច្រើនបន្តិច។ អ្វីដែលសោកស្តាយ ពួកគេមិនបានប្រើប្រាស់ជំនាញដែលពួកគេបានរៀន។ដូច្នេះសាកលវិទ្យាល័យមានតួនាទីសំខាន់ ក្នុងកាបណ្តុះបណ្តាលជំនាញទន់មួយបន្ថែមទៀត បើទោះបីជាពួកគេធ្វើការខុសជំនាញក្តី ក៏ពួកគេអាចរៀនការងារផ្សេងបានដែរ។ សម្រាប់និស្សិតខ្លួនឯង ក៏ត្រូវកំណត់គោលដៅខ្លួនឯងឲ្យច្បាស់ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញ ថាតើពួកគេចង់ធ្វើអ្វីនៅពេលអនាគត?
លោក ទីន សុខលីម៖
លោកបណ្ឌិតយល់ឃើញដូចម្ដេចវិញ ចំពោះនិស្សិតដែលគាត់រៀនចប់ ហើយទៅធ្វើការងារខុសជំនាញ?
បណ្ឌិត ហាប់ ផល្ធី៖
ចំពោះបញ្ហានេះ យើងមិនអាចទប់ស្តាត់បានទេ រឿងនិស្សិតរៀន និងធ្វើការខុសជំនាញ នៅក្នុងពិភពសេដ្ឋកិច្ចសេរីនេះ ហើយក៏គ្មានកន្លែងការងារណាមួយធានាថា និស្សិតរៀនផ្នែកនេះ នឹងត្រូវធ្វើការផ្នែកហ្នឹងនោះដែរ។ មានតែនិស្សិតខ្លួនឯងទេ ដែលត្រូវសម្រេចចិត្តធ្វើនៅផ្នែកណា? ហើយ ប្រសិនបើឱកាសការងារមកដល់ គាត់នៅតែប្រកាន់ថាទាល់តែត្រូវជំនាញ វាអាចធ្វើឲ្យខាតពេល និងបាត់បង់ឱកាស។ ហេតុដូច្នេះហើយ បានជានិស្សិតរៀនចប់ស្វែងការងារធ្វើ ពួកគេមិនខ្វល់ថាត្រូវជំនាញដែលខ្លួនរៀននោះទេ។ សំខាន់ពួកគេមានការងារធ្វើ និងទទួលប្រាក់ខែសមរម្យ។
លោក ទីន សុខលីម៖
លោកសាស្ត្រចារ្យយល់ថា តើនិស្សិតដែលគាត់ធ្វើការខុសជំនាញ មកពីទីផ្សារតូចចង្អៀត ឬមកពីសមត្ថភាពរបស់និស្សិត មិនឆ្លើយតបជាមួយតម្រូវការទីផ្សារ?
លោក ហាប់ ផល្ធី៖
ខ្ញុំគិតថា វាទងនឹងគុណភាពនៃការបណ្ដុះបណ្ដាល និងឱកាសការងារដែលយើងផ្ដល់ជូន ក៏ជាបញ្ហាប្រឈមមួយដែរ។ អីចឹង សួរថាយ៉ាងម៉េច? ជាទូទៅខ្ញុំមើលឃើញថា និស្សិតរៀនពូកែ តែងតែងធ្វើការត្រូវជំនាញ។ ដូច្នេះហើយ ខ្ញុំសូមផ្តាំផ្ញើទៅនិស្សិតទាំងអស់ ត្រូវរៀនឲ្យចេះជំនាញពិតប្រាកដ បើពុំនោះទេ នៅពេលចេញធ្វើការ នឹងប្រឈមមុខនឹងការងារដែលគាត់ធ្វើការនោះ ដោយសារតែគាត់មានចំណេះមិនគ្រប់គ្រាន់។
លោក ទីន សុខលីម៖
ងាកមកការប្រឡងវិញ មុននឹងប្រឡង តើនិស្សិតគួររៀនត្រៀមតាំងពីពេលណា? ចុះសម្រាប់និស្សិតទើបតែភ្ញាក់ខ្លួនចង់ប្រឡងនោះ លោកសាស្ត្រាចារ្យយល់យ៉ាងណាវិញ?
លោក ហាប់ ផល្ធី៖
ទាក់ទងនឹងការត្រៀមខ្លួន ខ្ញុំតែងតែផ្ដល់យោបល់ដល់និស្សិតថា មិនមែនត្រៀមភ្លាមៗនោះទេ គឺត្រៀមតាំងតែពីដើមទីមកម្ល៉េះ។ ឧទាហរណ៍ថា គាត់ចូលរៀនជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច សំណួរសួរថា ហេតុអ្វីបានជារៀនជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច? អីចឹងគាត់ត្រូវត្រៀមខ្លួនតាំងពីឆ្នាំទី១មកម្ល៉េះ។ នៅស្ថាប័នរដ្ឋ ឬឯកជន ត្រូវការជ្រើសរើសបុគ្គលិក ត្រូវនឹងជំនាញដែលខ្លួនរៀន ពួកគេអាចប្រឡង ឬដាក់ពាក្យសម្ភាសបាន។ ដូច្នេះត្រៀមខ្លួនពេលណាឲ្យបានត្រឹមត្រូវនោះ ត្រូវត្រៀមតាំងពីឆ្នាំដំបូង។ ចំពោះនិស្សិតដែលទើបនឹងភ្ញាក់ខ្លួន ដោយសារពួកគេមិនបានកំណត់ទិសដៅចង់ធ្វើអ្វី? នៅពេលរៀនចប់ឆ្នាំទី៤ ទើបស្វែងរកការងារតែម្តងនោះ វាជាបញ្ហា។ ប្រសិនបើមិនបានរៀនត្រៀមពីដំបូងផង វាអាចជាការចៃដន្យ បើនិស្សិតប្រឡងជាប់។ តែនិស្សិតមិនគប្បីពឹងលើភាពចៃដន្យរបស់ខ្លួននោះទេ។ និស្សិតត្រូវស៊ើបថាក្រសួងឬ ស្ថាប័នហ្នឹង គេជ្រើសរើសជំនាញហ្នឹង? ត្រូវការប្រឡងមុខវិជ្ជាអ្វី? ដូច្នេះគាត់ត្រូវរៀនក្នុងរយៈពេលខ្លីហ្នឹង លើមុខវិជ្ជាដែលក្រសួងឬ ស្ថាប័ននោះប្រឡង។ មួយវិញទៀត ត្រូវរៀនវិញ្ញាសាធ្លាប់ប្រឡងចេញមុនៗ គ្រាន់ជាការអនុវត្ត ឬជាការត្រៀមទុក។
លោក ទីន សុខលីម៖
និស្សិតមួយចំនួនរៀនត្រៀមដោយខ្លួនឯង និងមួយចំនួនទៀតរៀនជាក្រុម តើរវាងការរៀនទាំង២នេះ លោកសាស្ត្រាចារ្យយល់ឃើញថា តើការរៀនមួយណាល្អប្រសើរជាង ? ហើយការរៀននីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិបែបណា?
លោក ហាប់ ផល្ធី៖
ខ្ញុំយល់ឃើញថា វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកគេ។ ការរៀនជាក្រុម យើងអាចចែករំលែកជាមួយគ្នា វាធ្វើឲ្យគំនិតហ្នឹងវាមានច្រើន។ តែបើរៀនខ្លួនឯង គាត់ត្រូវរៀនស្រាវជ្រាវរកគំនិតផ្សេងៗយកមកមើល ហើយគាត់ទទួលបានគំនិត តាមរយៈការអានសៀវភៅតែប៉ុណ្ណោះ គំនិតជាក់ស្ដែង ដែលឆ្លងឆ្លើយភ្លាមៗគឺអត់ទេ នេះជាបញ្ហា។ ជាយោបល់ខ្ញុំ និស្សិតគួររៀនខ្លួនឯងផង និងរៀនជាក្រុមផង ពីព្រោះវាជាជម្រើសមួយ ដែលធ្វើឲ្យនិស្សិត មានចំណងមិត្តភាព។ ម្យ៉ាងយើងរស់នៅក្នុងសង្គម យើងមិនអាចរស់នៅម្នាក់ឯងបានទេ។ ដូច្នេះការងារជាក្រុមហ្នឹង ជាជម្រើសល្អ សម្រាប់និស្សិតទូទៅនៅសាកលវិទ្យាល័យ។
លោក ទីន សុខលីម៖
តើលោកសាស្ត្រាចារ្យ មានការណែនាំបែបណា ចំពោះនិស្សិតដែលមានបំណងប្រឡងចូលក្របខណ្ឌរដ្ឋ?
លោក ហាប់ ផល្ធី៖
ខ្ញុំគិតថានិស្សិតម្នាក់ៗ គួរកំណត់គោលដៅរបស់ខ្លួនឲ្យបានច្បាស់។ ចំពោះនិស្សិតដែលរៀនតាមគ្នាដោយមិនមានគោលដៅនៅឆ្នាំទី១ ក៏មិនអីដែរ។ ប៉ុន្តែចាប់ពីឆ្នាំ២ទៅ និស្សិតត្រូវសម្រួចឥឡូវថា បើគាត់បានរៀនមកដល់ត្រឹមហ្នឹងហើយ គាត់ត្រូវដើរផ្លូវណា? អីចឹងគាត់ត្រូវកំណត់គោលដៅរបស់គាត់ឲ្យច្បាស់ និងអនុវត្តគោលដៅដែលគាត់បានកំណត់ហ្នឹង តាមរយៈការធ្វើសកម្មភាព។ ខ្ញុំចង់ជម្រាបថា ក្នុងនាមជានិស្សិត មិនគប្បីពឹងលើវាសនារបស់ខ្លួនទេ។ នៅពេលដែលខ្លួនយល់ឃើញថា ឥឡូវ ខ្លួនចង់ក្លាយជាមេធាវីម្នាក់ ដូច្នេះខ្លួនគាត់ត្រូវរៀនច្បាប់ ឲ្យចេះច្បាស់លាស់ ចេះជជែកដេញដោល ឲ្យខ្លាំងដើម្បីឲ្យយើងក្លាយខ្លួនជាមេធាវីដ៏ល្បីមួយរូប៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហាប់ ផល្ធី
RULE
ប្រឡងក្របខណ្ឌរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម