កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​វិនិយោគ​មួយ​ដាក់​ដេញថ្លៃ ៣៩៧​លាន​ដុល្លារ ទិញ Newcastle
21, Nov 2017 , 8:39 pm        
រូបភាព
​អ្នកជំនួញ​ល្បីឈ្មោះ​របស់​អង់គ្លេស​អ្នកស្រី Amanda Staveley បានដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ក្នុងតម្លៃ ៣០០​លាន​ផោន ប្រហែល​ជាង ៣៩៧​លាន​ដុល្លារ​ដើម្បី​ទិញយក​ក្លិប Newcastle United មកកាន់​កាប់​។​



​បន្ទាប់ពី​ម្ចាស់​ក្លិប Newcastle United បានប្រកាស​ដាក់លក់​ក្លិប​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៧ ខែតុលា​កន្លងមក ស្ត្រី​អ្នកជំនួយ​ជនជាតិ​អង់គ្លេស និង​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ PCP Capital Partners ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ពី​មជ្ឈិមបូព៌ា និង​ចិន​ក្នុង​រង្វង់​ទឹកប្រាក់ ២៨ ពាន់​លាន​ផោន ប្រមាណ​ជិត ៣៧​ពាន់​លាន​ដុល្លារ បាន​ពិចារណា​ចង់​ទិញ​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​។​


អ្នកស្រី Amanda Staveley ដែល​ដាក់សំណើ​ដេញថ្លៃ ៣៩៧​លាន​ដុល្លារ​ដើម្បី​ទិញយក​ក្លិប Newcastle United មកកាន់​កាប់​

 ម្ចាស់​ក្រុមហ៊ុន​វិនិយោគ PCP Capital Partners វ័យ​៤៤​ឆ្នាំ បាន​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប​រហស្សនាម​សារិកា​ព្រៃ លោក Mike Ashley អស់​រយៈពេល​ប្រហែល​មួយខែ​មកហើយ​លើ​តម្លៃ​ដេញថ្លៃ​៣៩៧​លាន​ដុល្លារ​។ ប៉ុន្តែ​យ៉ាងណា ខាង Newcastle នៅ​មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ណាមួយ​នៅឡើយ​ទេ ទោះបី​ជាមាន​ប្រភព​មួយ ថា​ក្លិប​បាន​ជំទាស់​នឹង​តម្លៃ​នៃ​ការដេញថ្លៃ​ខាងលើនេះ ដោយ​ចង់បាន​តម្លៃ​៣៨០​លាន​ផោន ប្រមាណ​៥០៣​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា លោក Mike Ashley បាន​ចំណាយ​ប្រាក់​១៣០​លាន​ផោន ប្រមាណ ១៧២​លាន​ដុល្លារ​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​កាលពី​ឆ្នាំ​២០០៧​។ ក្រោម​ការកាន់កាប់​រប​ស់លោក​រយៈពេល​មួយ​ទសវត្សរ៍​មក Newcastle United ធ្លាប់​ធ្លាក់​ទៅកាន់​លី​ក​លំដាប់​ទី​២ Championship ២​ដង​។

​ចំណែក អ្នកស្រី Staveley ក៏​ជា​បុគ្គល​សំខាន់​ម្នាក់​ដែល​ជួយ​សម្របសម្រួល​ឲ្យ​មានការ​ទិញយក​ក្លិប Manchester City របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ Sheik Mansour នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មេ​រ៉ា​ត​កាលពី​ឆ្នាំ​២០០៨​ផងដែរ​៕


Tag:
 ​បាល់ទាត់​
  Amanda Staveley
  Newcastle United
  Mike Ashley
© រក្សាសិទ្ធិដោយ thmeythmey.com