ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រា​ប់គ​.​ជ​.​ប ជា​ផ្លូវការថា​ ទទួលយក​អាសនៈ CNRP
21, Nov 2017 , 5:18 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់​លិខិត​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​រួចហើយ (​គ​.​ជ​.​ប ) ដើម្បី​បញ្ជាក់ថា​ខ្លួន នឹង​ទទួលយក​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល ប្រកាស​រំលាយចោល កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ថែ្ល​ង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។



អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​និយាយថា គណបក្ស​លោក​គោរព​តាម​គោលការណ៍​នីតិរដ្ឋ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវបដិសេធ​ចំពោះ​កៅអី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ ទៅ គ​.​ជ​.​ប ហើយ​បានរៀបចំ​រដ្ឋបាល​ក្នុង​បក្ស​រួចហើយ​។ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា អាច​ទទួលបាន​កៅអី​រដ្ឋសភា​បាន​ប៉ុន្មាន​ទេ ដោយ​អាស្រ័យ​លើ​ការបែងចែក​របស់​គជ​ប​»​។​
 
​បើតាម​លោក ញ៉េប ប៊ុនជិន សម្ដេច​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ក៏​ទទួលយក​តំណែង​តំណាងរាស្ត្រ ជាមួយ​សមាជិក​បក្ស​ខ្លួន​ផងដែរ​។ នៅពេល​សួរថា តើ​សម្ដេចក្រុមព្រះ នឹង​អាច​ទទួលបាន​តំណែង​អ្វី​លើ​ពី​កៅអី​តំណាងរាស្ត្រ ដែល​បានមកពី​ការបែងចែក​របស់​គជ​ប នាពេលខាងមុខ​នោះទេ​? លោក ញ៉េប ប៊ុនជិន បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បានទទួល​លិខិត​ពី​គជប ក្នុង​ការរៀបចំ​អ្នកទទួល​បាន​កៅអី​រដ្ឋសភា ដូច្នេះ​យើង​គ្រាន់តែ​បាន​បញ្ជូន​លិខិត​ឆ្លើយតប​ទៅ​គជប​។ ហើយ​យើង​ក៏​មិនទាន់​បានដឹង ឬ​មានការ​ជជែក​ណាមួយ លើ​តួនាទី​អ្វី​ផ្សេងទៀត​ដែរ​»​។​
 
​លោក ហង្ស ពុទ្ធា មិនទាន់​អាច​បញ្ជាក់បាន​នោះទេ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ទទួលបាន​តំណែង​ជា​តំណាងរាស្ត្រ​និង​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំនួន​ប៉ុន្មាន ពី​រប​ស់គ​.​ជ​.​ប​។ លោក បន្តថា លទ្ធផល​នេះ នឹង​បង្ហាញ នៅពេល​គ​.​ជ​.​ប ចាប់ផ្តើម​បែងចែក​ជាក់ស្តែង​។ លោក ហង្ស ពុទ្ធា បន្ថែមថា ក្រៅពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គ​.​ជ​.​ប មិនទាន់​ទទួលបាន​លិខិត​ឆ្លើយតប​ពី​គណបក្ស​ដទៃ​នោះទេ​។ 
 
​ចំពោះ​គណបក្ស​សញ្ជាតិ​កម្ពុជា ធ្លាប់​ប្រកាស​តាម​បណ្តាច​សារព័ត៌មាន​កន្លងមក​ថា នឹងមិន​បដិសេធ​ឡើយ ប្រសិន​បើគ​.​ជ​.​ប បែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​ខ្លួន តាមច្បាប់​។ រីឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​លិខិត​ទៅកាន់​គ​.​ជ​.​ប តែម្តង ដោយ​ប្រកាស​បដិសេធ​ក្នុងការ​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​នៅ​ថ្ងៃទី​១៨ វិច្ឆិកា គ​.​ជ​.​ប ផ្ញើលិខិត​ទៅកាន់​គណបក្ស​ចំនួន​៦ ដែល​ត្រូវ​ទទួល​អាសនៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​សុំ​ព័ត៌មាន​ខ្លះៗ​។ គណបក្ស​ទាំង​៦​នោះ រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕


Tag:
 ហង្ស ពុទ្ធា​
  ហ្វ៊ុនស៊ិនប៉ិច​
© រក្សាសិទ្ធិដោយ thmeythmey.com