ជាតិ
សេដ្ឋកិច្ច
ស្ត្រី​ម្ចាស់​អាជីវកម្ម​ចង់​ឲ្យ​មានការ​គាំទ្រ​ផ្តោតលើ​យេនឌ័រ​ក្នុង​វិស័យ​សហគ្រិនភាព​
23, Nov 2017 , 7:59 pm        
រូបភាព
អ្នក​ស្រី​ ពាង​ សុខា​ វ័យ​ ៣៥ឆ្នាំ​ ​ជា​សហគ្រិន​ស្ត្រី​លក់​សំលៀក​បំពាក់​សូត្រ​​ នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​នៅ​វត្ត​ថាន់​ (Watthan Artisans Cambodia)​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​
អ្នក​ស្រី​ ពាង​ សុខា​ វ័យ​ ៣៥ឆ្នាំ​ ​ជា​សហគ្រិន​ស្ត្រី​លក់​សំលៀក​បំពាក់​សូត្រ​​ នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​នៅ​វត្ត​ថាន់​ (Watthan Artisans Cambodia)​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​
ដោយ: &
​ភ្នំពេញ ៖ ក្រោយពី​ដំណើរ​ផ្សងព្រេង​រក​ការងារ​ធ្វើ​អស់​រយៈពេល ៦​ខែ ពុំបាន​ជោគជ័យ អ្នកនាង សួង ពិសី មាន​វ័យ ២៤​ឆ្នាំ ជា​និស្សិត​ជំនាញ​សេដ្ឋកិច្ច បានសម្រេច​ចិត្ត​បើកហាង​លក់​ខោអាវ​នៅក្នុង​ផ្សារ​តូច នៅឯ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ពិសី ចាប់ផ្តើម​មុខ​ជំនួញ​នេះ ដោយ​ដើមទុន ២០០​ដុល្លារ​សហរដ្ឋអាមេរិក យកទៅ​ទិញ​ខោអាវ​មួយចំនួន​មក​លក់​ក្នុង​តូប​របស់​បងស្រី ដោយ​ចែក​កន្លែង​គ្នា​លក់​។ ក្រោយមក ពិសី ចាប់ផ្តើម​ជួល​តូប​ដាច់ដោយឡែក ហើយ​អ្នកនាង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់ អស់​រយៈ​៣​ឆ្នាំ​មកនេះ​។​



​កាលពីដើម​ឆ្នាំនេះ ពិសី​ពង្រីក​អាជីវកម្ម​ខ្លួន​ដោយ ទិញ​ដាច់​នូវ​តូប​ជួល ទំហំ​៣​ម៉ែត​ការ៉េ  ដោយ​ទឹកប្រាក់ ១.៥០០០ ដុល្លារ​សហរដ្ឋអាមេរិក​។ ទឹកប្រាក់​នេះ​ចេញពី​លុយ​ចំណងដៃ​អាពាហ៍ពិពាហ៍ ដែល​សល់​ក្រោយពេល​រៀបការ និង​ទឹកប្រាក់​ដែល​អ្នកនាង​ប្រមូលបាន​ពី​ការដេញ​តុងទីន​ជាមួយ​ក្រុម​អ្នកលក់​នៅក្នុង​ផ្សារ​ដទៃទៀត​ដែល​ភាគច្រើន​ជា​ស្ត្រី​។​

​ថ្វីបើ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​កំពុងដំណើរការ​យ៉ាង​ល្អ​ក៏ពិតមែន ការប្រកប​អាជីវកម្ម​ឲ្យ​រលូន​ទៅ​ពេលអនាគត​នៅតែ​ជា​ក្តីបារម្ភ​របស់​អ្នកនាង និង​អ្នក​សហគ្រិន​ស្ត្រី​ជាច្រើន​នៅ​កម្ពុជា​។​

​ស្របពេល ដែល​អ្នកនាង​ពង្រីក​អាជីវកម្ម​នៅក្នុង​ខែវិច្ឆិកា​នេះ ដោយ​ឲ្យ​ស្វាមី​របស់ខ្លួន​លក់​សម្លៀក​បំពាក់​ដាច់ដោយឡែក​នៅ​តូប​ថ្មី​មួយទៀត​ខាងក្រៅ​ផ្សារ គ្រួសារ​ថ្មីថ្មោង​មួយគូ​នេះ​បាន​ចំណាយ​ប្រាក់​ប្រមាណ ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ករួ​ម​ទាំង​ការតុបតែង​ហាង​។ ប្រាក់​ដ៏​ច្រើនសន្ធឹក​ស​ន្ទា​ប់​នេះ​បានមកពី​កម្ចី​ពី​សមាជិកគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​។​

​កំពុង​អាប់​លុយ​បណ្តើរ ងាក​ទៅ​និយាយ​ជាមួយ​អ្នកទិញ​ដទៃទៀត​បណ្តើរ ហើយ​ម្តងម្កាល អ្នកនាង​ត្រូវ​ឆ្លើយឆ្លង​សារ​ជា​សំឡេង តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅកាន់​ម៉ូយ​ដែល​បញ្ជា​ទិញ​ខោអាវ​ជា​ដុំ ឬ​រាយ និង​ទៅកាន់​បងស្រី ដែល​បាន​កក់​ឥ​វ៉ាន់​ទុក​សម្រាប់​ភ្ញៀវ​។ ម្តងម្កាល ពិសី ឆ្លៀត​និយាយ​មកកាន់ VOA ៖

«​រឿង​លុយ​ហ្នឹង​ខ្ញុំ​មិនទាន់​ទាក់ទង​ធនាគារ​ទេ​។ នៅ​យកលុយ​បងៗ​ប្រើប្រាស់​សិន​។ ថ្ងៃ​ណា​គេ​យក ខ្ញុំ​យក​ប្លង់​ទៅ​ដាក់ (​ធនាគារ​សិន​) យក (​លុយ​) មកប្រើប្រាស់​សិន​ហើយ​។ ជម្រើស​មួយទៀត គឺ​យក​ប្លង់​របស់​ប៉ា គាត់​ឲ្យ​យក​(​ប្លង់​គាត់​)​ទៅ​ដាក់​ទៅ យកលុយ​សង​បងៗ​សិន​។ តែបើ​យើង​នៅមាន​ជម្រើស យើង​អត់​ចង់​ខាត​ការ​(​ប្រាក់​)​ទេ​»​។​



​ទោះ​ពិសី យល់ថា ខ្លួន​ជា​ម្ចាស់​ហាង និង​គ្រប់គ្រង​អាជីវកម្ម​នេះ​ដោយ​ឯករាជ្យ​ក៏ដោយ ប៉ុន្តែ​រាល់​ការសម្រេចចិត្ត​នានា​របស់​អ្នកនាង ពិសេស​រឿង​ខ្ចីប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម គឺ​ចៀស​មិន​ផុតពី​ការពិភាក្សា និង​ការទទួល​ការយល់ព្រម​ពី​ក្រុមគ្រួសារ ពិសេស​ពី​ស្វាមី​នោះទេ​។ ពិសី​នៅមាន​ការព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​ការខ្ចី​បុល​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដោយសារ​ក្រុមគ្រួសារ និង​ស្វាមី​តែងតែ​លើកឡើង​អំពី​ផលវិបាក និង​គំរូ​អវិជ្ជមាន​នានា ដែល​ពាក់ព័ន្ធ​រឿង​បំណុល​នេះ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​មាន​ចំនួន ៦៥% នៃ​អាជីវកម្ម​ទាំងអស់ ហើយ​បានផ្តល់​ប្រភព​ចំណូល​ដល់​ស្ត្រី​ដទៃ​ជាង ៣២៩.០០០ នាក់ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ឆ្នាំ​២០១៥ ស្តីអំពី​ការលើកកម្ពស់​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ភាគច្រើន​នៃ​អាជីវកម្ម​របស់​ស្ត្រី​មាន​បែបផែន​ជា សហគ្រាស​ខ្នាតតូច​ដែល ៥១% នៃ​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម ក្នុងចំណោម​សហគ្រាស​ខ្នាតតូច​ទាំងនោះ​ជួល​បុគ្គលិក​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​លោកស្រី ស្រ៊ា​ត មុំ​សុភា អគ្គលេខាធិការ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) បាន​ឲ្យ​ដឹងថា បើ​គ្រាន់តែ​ក្រឡេកមើល​បញ្ហា​ពី​ខាងក្រៅ កត្តា​វប្បធម៌ និង​ទំនួល​ខុសត្រូវ​លើ​កិច្ចការងារ​ផ្ទះ​ជា ច្រើន​ផ្នែក​គឺជា បញ្ហា​ដែល​បង្អាក់​ស្ត្រី​ក្នុង​ការតស៊ូ​ឲ្យ​អាជីវកម្ម​កាន់តែ​លូតលាស់ និង​រីកចម្រើន​។​

​លោកស្រី​បន្តទៀតថា បើ​សម្លឹងមើល​កាន់តែ​ជ្រៅ​វិញ ភាពលំបាក​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​ក្នុងការ​ពង្រីក​អាជីវកម្ម ការខ្វះខាត​ការបណ្តុះបណ្តាល និង​ព័ត៌មាន​ពាក់ព័ន្ធ និង​ភាព​ខ្សត់ខ្សោយ​ក្នុងការ​ស្វែងរក​បណ្តាញ​អាជីវ​ម្ម គឺជា បន្ទុក​មួយកម្រិត​ទៀត​ដែល​ធ្វើឱ្យ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម ខ្វះ​លទ្ធភាព​ប្រកួតប្រជែង​នឹង​ដៃគូ​ខ្លួន ដែលជា​បុរស ក្នុងការ​ពង្រឹង​សក្តានុពល​របស់ខ្លួន ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ឈានដល់​កម្រិត​សាជីវកម្ម​ធំៗ​។​

​លោកស្រី ស្រ៊ា​ត មុំ​សុភា ជា​ស្ថាបនិក​នៃ​សាជីវកម្ម SOPHYA​។ លោកស្រី​ជា​សហគ្រិន​ស្ត្រី​ដែល​គេ​ចាត់ទុកថា​ជា​អ្នក​ជោគជ័យ​មួយរូប គ្រប់គ្រង​លើ​អាជីវកម្ម​ដូចជា ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​សេវា​ដំណើរ​កម្សាន្ត ក្រុមហ៊ុន​ស្ប៉ា និង​ម៉ាស្សា និង​អាជីវកម្ម​ផ្សេងៗ​ទៀត​។ កាលពី​ខែសីហា​កន្លងទៅ​អ្នកស្រី​ទទួល​ពានរង្វាន់​សហគ្រិន​កម្ពុជា​លើកដំបូង​សម្រាប់​សហគ្រិន​ស្ត្រី​លើ​ការគ្រប់គ្រង​សារ​ជីវ​កម្ម​ផ្នែក​ទេសចរណ៍ និង​សេវា​ដំណើរ​កម្សាន្ត​។​

​លោកស្រី ស្រ៊ា​ត មុំ​សុភា បញ្ជាក់ថា ស្ត្រី​ជា​ម្ចាស់​អាជីវករ​គួរ​ចាប់ផ្តើម​ពី​ការបង្កើត​ទស្សនៈ​វែងឆ្ងាយ​៖

«​ជាក់ស្តែង គាត់​បើកហាង ឬ​កន្លែង​លក់​អង្ករ​ជាដើម វា​ជា​អាជីវកម្ម​មួយ​ដែរ តែ​គាត់​ពុំ​យល់ថា វា​ជាការ​ធ្វើ​អាជីវកម្ម​ទេ គាត់​គ្រាន់តែ​ដឹងថា ជាការ​រកស៊ី ហើយ​អត់​មាន​ទស្សនវិស័យ​វែងឆ្ងាយ​ទេ​។ ដឹង​តែ​ថា​រកស៊ី​គឺ​ការចិញ្ចឹម​ក្រពះ ដើម្បី​ជីវភាព​។ ប៉ុន្តែ​អ្វីៗ​គឺ លើសពី​ហ្នឹង​។ តាមពិត​គាត់​ជា ម្ចាស់​អាជីវកម្ម ហើយ​មាន​[​សក្តានុពល​] ដើម្បី​លូតលាស់ និង​ទទួល​ឱកាស​មួយ​ប្រសើរ​ជាង​ហ្នឹង​»​។

​យ៉ាងណាក៏ដោយ ម្ចាស់​អា​ជីក​ម្ម​ដូចជា ពិសី ជាដើម​យល់ថា ការប្រកបមុខរបរ​ប្រចាំថ្ងៃ​គឺជា ការចិញ្ចឹម​ជិវិត​ប៉ុណ្ណោះ​។​

​ពេល VOA សួរ​អំពី​គោលដៅ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត ពិសី​បាន​ឲ្យ​ដឹងថា​៖

«​និយាយ​ទៅ​អត់​ដែល​អត់​ដែល​គិតដល់​ហ្នឹង​ទេ ព្រោះថា តាខ្មៅ​យើង​អត់​ដូច​នៅ​ភ្នំពេញ ព្រោះ​យើង​លក់​លក្ខណៈ​ខ្នាតតូច លក់​ប្រជាជន​យើង​ដែល​ដើរ​ផ្សារ​ធម្មតាៗ​។ លក់បាន​ត្រឹម​ថា យើង​មិន​ខ្វះ​អី ចង់បាន​អី​បាន​ហ្នឹង ឧទាហរណ៍​ចង់បាន​ទូរស័ព្ទ​ទំនើប គេ​មាន យើង​ក៏មានដែរ​អញ្ចឹង​។ អត់​ដែល​គិតដល់ ដោយសារ​គិតថា​វា​ទៅ​អត់​រួច​»​។​



​សមាជិកគ្រួសារ​របស់​ពិសី​ទាំងអស់​ជា​អាជីវករ ដែលមាន​៤​នាក់​ក្នុងចំណោម​៦​នាក់​ជា​ស្ត្រី​។ ពួកគេ​កាន់កាប់​ជំនួញ​រៀងៗ​ខ្លួន ដូចជា បរិក្ខារ​ផ្ទះបាយ កាបូប និង​សម្ភារៈ​តុបតែង​ខ្លួន​របស់​ស្ត្រី​ជាដើម​។ គោលដៅ​អាជីវកម្ម​របស់​ពួកគេ​ដូចៗ​គ្នា គឺ ប្រកប​របរ​ដើម្បី​ចិញ្ចឹមជីវិត​។​

​អាជីវកម្ម​របស់​ស្ត្រី​ទទួលបាន​ប្រាក់ចំណេញ​តិចជាង​បុរស ហើយ​ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​វិស័យ​តិចតួច​ជាង​បុរស ពោលគឺ ស្ត្រី​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ត្រឹមតែ​៣ ក្នុងចំណោម ១៧ វិស័យ​។ វិស័យ​នោះ​មានដូចជា ពាណិជ្ជកម្ម​លក់ដុំ​និង​រាយ សេវា​ស្នាក់នៅ និង​សេវា​ចំណីអាហារ និង សកម្មភាព​ទាក់ទង​នឹង​ការផ្តល់​ហិរញ្ញវត្ថុ និង​សេវា​ធានារ៉ាប់រង​ជាដើម​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងផែនការ​ឆ្នាំ ២០១៣​។​

​ទិន្នន័យ​ដដែល​នោះ​បង្ហាញ​ទៀតថា ជា​រៀងរាល់ឆ្នាំ ម្ចាស់​សហគ្រាស​ជា បុរស​អាច​រក​កម្រៃ​បានជា​មធ្យម ៤.៩២៩ ដុល្លារ ខណៈ​ម្ចាស់​សហគ្រាស​ជា​ស្ត្រី​រកបាន​ត្រឹម ២.៦៤៤​ដុល្លារ​។​

​ដើម្បី​លើកកម្ពស់​ស្ត្រី​នៅក្នុង​វិស័យ​ជំនួញ និង​សហគ្រិនភាព​បន្ថែមទៀត នៅក្នុង​ខែកក្កដា​ឆ្នាំនេះ ធនាគារពិភពលោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G-20 បានប្រកាស​អំពី «​គំនិត​ផ្តួចផ្តើម​ថ្មី​លើ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី (We-Fi)» ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន ជាង ១​ពាន់​លាន (​ប៊ី​លាន​) ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ស្ត្រី​មានលទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុងការ​ទទួលបាន​ដើមទុន និង ជំនួយ​បច្ចេកទេស​។ ហើយ​ថវិកា​នេះ​នឹង​ត្រូវបាន​គេ​រំពឹងថា អាច​ប្រើប្រាស់​ដើម្បី​វិនិយោគ​លើ​គម្រោង និង​កម្មវិធី​នានា ដែល​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី និង​សកម្មភាព​នានា ដែល​គាំទ្រ​ដល់​ស្ត្រី​ក្នុងប្រទេស​សមាជិក (client countries) ដែល​រួមមាន​ទាំង​ប្រទេស​កម្ពុជា​។​

​ស្របគ្នា​នោះដែរ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានប្រកាស​គម្រោង Women’s Livelihood Bond (​ប័ណ្ណ​មូល​ប​ត្រ​សម្រាប់​លើកស្ទួយ​ជីវភាព​ស្ត្រី​) ដែល​រំពឹងថា នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ស្ត្រី​ចំនួន​៣៨៥.០០០​នាក់​នៅ​អាស៊ីអាគ្នេយ៍ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា វៀតណាម និង​ហ្វីលីពីន​។ សេចក្តីប្រកាស​ព័ត៌មាន​របស់ USAID បានឱ្យដឹងថា Women’s Livelihood Bond នេះ មានតម្លៃ​ដល់ ៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ទោះជា​យ៉ាងណា ទឹកប្រាក់​ទាំងនោះ​នឹង​ឆ្លងកាត់​ទៅតាម​ក្រុម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុម​សហគ្រាស​ដើម្បី​សង្គម​នានា ដែលមាន​ឆន្ទៈ​ស្រប​នឹង​គោលដៅ​នៃ​គម្រោង​នេះ​។​

​លោកស្រី ស្រ៊ា​ត មុំ​សុភា ដែលជា​រឿយៗ​មានឱកាស​ធ្វើដំណើរ​ទៅ​បរទេស ពង្រីក​ទំនាក់ទំនង និង​បទពិសោធន៍​អំពី​សហគ្រិនភាព ដើម្បី​ចែករំលែក​នៅក្នុង​ស្រុក បានបញ្ជាក់​ប្រាប់ VOA ដែរ​ថា ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​ទាំងនោះ​អាចមាន​កម្រិត​សម្រាប់​ក្រុម​ស្ត្រី​មួយចំនួន ដែលជា ផ្នែក​នៃ​ក្រុម​គោលដៅ​។ លោកស្រី​បាន​បន្ថែមថា សមាជិក​មកពី​សមាគម​របស់​លោកស្រី​មួយចំនួន​ធ្លាប់បាន​ទទួលបាន​ជំនួយ​បែបនេះ ក៏ប៉ុន្តែ​ពួកគាត់​ឆ្លងកាត់​ការដាក់សំណើ​ដ៏​លំបាក​ខ្លាំង ទម្រាំ​ទទួលបាន​ជោគជ័យ​។​

​លោកស្រី​បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​មិនទាន់មាន​ធនាគារ​ណាមួយ ដែលមាន​គម្រោង​កម្មវិធី​ពិសេស​សម្រួល​ការទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​នៅឡើយ​ទេ ហើយ​គម្រោង​ទាំងនោះ​ចាំបាច់​បំផុត​។​



​សហគ្រិន​ស្ត្រី​រូបនេះ​ពន្យល់ថា​៖

«​ការប្រាក់​បើ​យើង​ប្រៀបធៀប​នឹង​ប្រទេសជិតខាង ហើយ​និង​លក្ខខណ្ឌ​អាជីវកម្ម (business term and condition) នៅ​កម្ពុជា​គឺ នៅតែ​ខ្ពស់​នៅឡើយ ខ្ពស់​ខ្លាំង​។ ហើយ​ឯកសារ​រដ្ឋបាល ដែល​អាច​ឲ្យ​ជា​កម្ចី​ហ្នឹង​ក៏​នៅមាន​ការលំបាក​ខ្លាំង​។ បើ​មាន​ត្រឹម​ផែនការអាជីវកម្ម (businss plan) ធនាគារ​អត់​យក​ទេ​។ ប្លង់ដី​បើ​ទន់​សឹងតែ​អត់​យក បើ​ប្លង់​ផ្ទះ (​ប្លង់​)​ទន់​អត់​យក​ទេ ទាល់​(​ប្លង់​)​រឹង​។ ហ្នឹងហើយ​អាចជា ការបង្អាក់ (dismotivate) ដោយ​អត់​មានការ​លើកទឹកចិត្ត​»​។​

​អ្នកស្រី ពាង សុខា វ័យ​៣៥​ឆ្នាំ ជា សហគ្រិន​ស្ត្រី​មួយរូប​ផ្សេងទៀត​ដែល VOA បាន​សម្ភាស​។ អ្នកស្រី​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​សូត្រ វត្ត​ថា​ន់ Watthan Artisans Cambodia  និង​ជា​ប្រធាន​គ្រប់គ្រង​ដោយផ្ទាល់​ផង​។ ជាមួយនឹង​បទពិសោធន៍​ជាង ១០​ឆ្នាំ​ក្នុង​វិស័យ​សហគ្រិន បច្ចុប្បន្ន អ្នកស្រី​គ្រប់គ្រង ហាង​ចំនួន ៥​សាខា និង​រោងចក្រ​សិប្បកម្ម​កាត់ដេរ​ខ្នាតតូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពី​ដើមឡើយ ហាង​មួយ​នេះ​ជា​អង្គការ​កើតចេញពី​ជំនួយ​សប្បុរសធម៌​ពី​ក្រៅប្រទេស តែ​នៅ​ឆ្នាំ​២០០៤ មួយឆ្នាំ ក្រោយពី​អ្នកស្រី​ចូល​ធ្វើជា​មន្ត្រី​គ្រប់គ្រង​គម្រោង​របស់​ស្ថាប័ន​មួយ​នេះ អ្នកស្រី​បាន​ផ្តួចផ្តើម​កែទម្រង់ វា​ជា​សហគ្រាស​ដើម្បី​សង្គម ព្រោះតែ​ការ​ខើច​នៃ​ប្រភព​ជំនួយ ហើយ​អ្នកស្រី​សម្រេចចិត្ត​មិន​បន្តធ្វើ​ការងារ​យកប្រាក់​ខែ​នៅ​ស្ថាប័ន​ណា​ឡើយ​។

«​ខ្ញុំ​សម្រេចចិត្តថា បើ​ខ្ញុំ​ទាំង​២​សម្រេចចិត្ត​ទទួល​លុយ (​ប្រាក់ខែ​)​ត្រឹម​២.៥០០​ដុល្លារ​ឲ្យ​មនុស្ស​១​ក្រុម​ដែលរ​ស់នឹង​របរ​ហ្នឹង​សឹង ៤​ឬ​៥​ឆ្នាំ​ហើយ តាំងពី​១៩៩៣ ដល់​២០០៤ នឹងត្រូវ​អត់​ការងារ​ធ្វើ​។ ខ្ញុំ​យល់ថា លុយ ២.៥០០ ហ្នឹង​អត់​មានតម្លៃ​អី​សម្រាប់​ពួក​ខ្ញុំ វា​អាចមាន​វិប្បដិសារី​សម្រាប់​ពួក​ខ្ញុំ​»​។​

​មកដល់​ដំណាក់កាល​នេះ អ្នកស្រី​មើលឃើញថា អាជីវកម្ម​អ្នកស្រី​ដល់​ដំណាក់កាល​លូតលាស់ ដែល​ទាមទារ​ឲ្យ​អ្នកស្រី​មាន​ថវិកា​ពង្រីក​វា​។ តែ​អ្នកស្រី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​អាត្រា​ការប្រាក់​ដ៏​ខ្ពស់​ក្នុង​ការដែល​ទៅ​ខ្ចី​ធនាគារ និង​ដំណើរការ​ដ៏​ស្មុគស្មាញ​ក្នុងការ​បំពេញបែបបទ​ខ្ចីប្រាក់​។​

«​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិបាក​ក្នុងការ​ធ្វើឯកសារ​រញ៉េរញ៉ៃ​។ ពួក​ខ្ញុំ​ក៏ត្រូវ​ការ​ជំនួយ​ដែរ វា​អាចពាក់ព័ន្ធ​នឹង​ការសរសេរ​ឯកសារ Proposal ផ្សេងៗ​។ ពួក​ខ្ញុំ​អត់​មានបទពិសោធន៍​។ ពួក​ខ្ញុំ​គិតថា វា​ពិបាក និង​លើសពី​សមត្ថភាព ដែល​ពួក​ខ្ញុំ​ធ្វើបាន​។ អ្វីដែល​ពួក​ខ្ញុំ​ធ្វើបាន​គឺ​ខំប្រឹង​ជួយ​ខ្លួនឯង​ជំនួស​ឲ្យ​ការ​ទៅ​សរសេរ proposal​។​តែ​ពិតជា​ចង់បាន​ណាស់ បើ​ខាង​ហ្នឹង​គាត់​មាន​ផ្នែក​មួយ​ចង់​ជួយ​ស្ត្រី ដែល​កំពុង​រកស៊ី​ហើយ​មាន​បញ្ហា​អស់ហ្នឹង​»​។​

​អ្នកស្រី​បាន​ឲ្យ​ដឹងថា អ្នកស្រី​ចាំបាច់​ត្រូវ​ពិភាក្សា​នឹង​ស្វាមី រាល់​ការសម្រេចចិត្ត​ចំពោះមុខ​ជំនួញ សូម្បីតែ​ការសម្រេចចិត្ត​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម​នៅ SHE Investment ដែលជា​សហគ្រាស​ដើម្បី​សង្គម មួយ​ដែលមាន​គោលបំណង​ផ្តល់នូវ​ជំនាញ និង​ការប្រឹក្សា​យោបល់​ដល់​ស្ត្រី​ដែល​កំពុង​កាន់កាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​។​

​ប្រសិនបើ​ស្ត្រី​ម្នាក់​ចង់​ដាក់ចិត្ត​ដាក់​កាយ​ប្តេជ្ញា​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​លូតលាស់ វា​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការទទួល​បានការ​ជ្រោមជ្រែង​ពី​ក្រុមគ្រួសារ ឬ​ស្វាមី ដែលមាន​ឆន្ទៈ​ក្នុងការ​លះបង់​អ្វី​ម្យ៉ាង​ដើម្បី​បំពេញ​គោលដៅ​គ្នា​។​

​អ្នកស្រី សុខា លើកឡើងថា​៖

«​វា​មានការ​លំបាក ទាមទារ​ឲ្យ​មានការ​លះបង់​ខ្ពស់​ដែល​យើង​ធ្វើ​ចេញពី​បេះដូង ហើយ​មាន​ឆន្ទៈ​ថា តើ​យើង​ព្រម​អត់ឃ្លាន​ក្នុងអំឡុងពេល​យើង​ចង់​ឲ្យ​កន្លែង​ហ្នឹង​ដើរ​អត់​ពី​ជំហាន​ដំបូង ចំណុចសូន្យ​ដល់​ឥឡូវ​។ គ្រួសារ​ខ្ញុំ​អត់​បញ្ហា​ទេ ព្រោះ​យើង​ត្រូវធ្វើ​រឿង​ហ្នឹង​ជាមួយគ្នា​»​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ រាល់​ការសម្រេចចិត្ត​លើ​ការខ្ចីប្រាក់ និង​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម អ្នកស្រី​ចាំបាច់​មានការ​អនុញ្ញាត និង​សម្រេចចិត្ត​ពី​ស្វាមី​។​

​បច្ចុប្បន្ន SHE Investment បាន​ដំណើរការ​គម្រោង​មួយ​ហៅថា «Social Impact Fund​​» គោលបំណង​ផ្តល់​កម្ចី​ដល់​ស្ត្រី​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ពង្រីក​អាជីវកម្ម​ខ្លួន​។ វា​មាន​លក្ខណៈពិសេស​សម្រាប់​ស្ត្រី​ដែល​នៅ​លីវ​និង​គ្មាន​កម្មសិទ្ធិ​ប្លង់ដី​ឬ​ផ្ទះ អាច​ខ្ចី​តាមរយៈ​ឧបត្ថម្ភ​ធន​លើ​អត្រា​ការប្រាក់​។ គម្រោង​នេះ​ចាប់​ដៃគូ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដូចជា Good Return និង LOLC​។​

​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ឆ្លើយឆ្លង​នឹង VOA​អ្នកស្រី Celia Boyd ដែលជា​ស្ថាបនិក SHE Investment បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ស្ថាប័ន ដែល​ដើរតួនាទី​កណ្តាល​រវាង​អ្នកផ្តល់​ប្រាក់​ជំនួយ ឬ​វិនិយោគ និង​អ្នកទទួលផល​។

​អ្នកស្រី​សរសរ​ក្នុងន័យ​ដើម​ថា​៖

«​វា​ទាមទារ​ឱ្យ​អង្គការ​នានា​ដែល​ដើរតួនាទី​កណ្តាល​អាចជួយ​ដល់​អាជីវកម្ម​ដើម្បី​កែលម្អ​និង​ជួយ​ពង្រីក ព្រមទាំង​ជួយ​ស្ថាប័ន​ម្ចាស់​មូលនិធិ​ក្នុងការ​កំណត់​ក្រុម​គោលដៅ​ណា​ដែលមាន​សក្តានុពល​ឲ្យ​បានទទួល​មូលនិធិ​»​។​

​អ្នកស្រី Celia Boyd បាន​បន្តទៀតថា​៖

«​នៅ​កម្ពុជា ការគាំទ្រ​ផ្តោតលើ​យេនឌ័រ​ក្នុង​វិស័យ​សហគ្រិនភាព​នៅតែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​សហគ្រិន​ស្ត្រី ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល ការផ្តល់​ប្រឹក្សា និង​កម្មវិធី​ហិរញ្ញវត្ថុ​។ បើទោះជា​ភាគច្រើន​នៃ​អាជីវកម្ម​នៅក្នុង​ប្រទេស​កាន់កាប់​ដោយ​ស្ត្រី​ក៏ដោយ ក្នុង​កិច្ចសន្ទនា​អំពី​អាជីវកម្ម​ខ្នាតតូច ខ្នាត​មធ្យម និង​សាជីវកម្ម​ធំៗ កន្លងមក ស្ត្រី​តែងតែ​ពុំមាន​តំណាង​គ្រប់គ្រាន់​»​។​

​អ្នកនាង ពិសី នៅក្នុង​ចំណោម​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​នៅ​កម្ពុជា​ដែលមាន ៦៥% ប៉ុន្តែ​អ្នកនាង​ពុំ​ស្ថិតក្នុង​សមាគម​សហគ្រិន​ស្ត្រី​ណាមួយ​ឡើយ​។ ដូចជា ស្ត្រី​ដែលជា អាជីវករ​ទូទៅ​ដទៃទៀត​ដែរ កង្វះ​ព័ត៌មាន​សំខាន់ៗ​ទាក់ទិន​នឹង​ការធ្វើ​ជំនួញ និង​បណ្តាញ​ទំនាក់ទំនង គឺជា បញ្ហា​មួយ​ដែល​កម្រិត​នូវ​ភាព​ច្នៃប្រឌិត​នៃ​អាជីវកម្ម​របស់​អ្នកនាង​។​

​សហគ្រិន​ស្ត្រី​វ័យក្មេង​ជាច្រើន​ដូចជា អ្នកនាង​ពិសី និង​អ្នកស្រី​សុខា ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​ការទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​ពង្រីក​ជំនួញ​តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តែ​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ ដែលជា​រឿយៗ ពិសី​បាន​ឲ្យ​ដឹងថា ក្រុម​បុគ្គលិក​ផ្នែក​លក់​ជា ក្រុមៗ​ចុះ​ផ្សព្វផ្សាយ​អំពី​តារាង​តម្លៃ​ការប្រាក់ ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​អ្នកនាង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com