ពីនេះ ពីនោះ
ទន្លេតូច គឺជាទន្លេដែលសម្បូរទៅដោយត្រីលេញ-ត្រីរៀល
× នេះជាទូកដរនៅក្នុងទន្លេតូច ដែលប្រើដោយកម្លាំងមនុស្សទាញខ្សែ ដើម្បីចម្លងអ្នកដំណើរពីម្ខាងទន្លេ ទៅម្នាងទន្លេទៀតរវាងស្រុកពារាំង ខេត្តព្រៃវែង និងស្រុកកណ្តាល ខេត្តកណ្តាលក្បែរវត្តបាក់ដាវ។ ទន្លេតូច គឺជាប្រព័ន្ធមួយដែរបែកចេញពីទន្លេមេគង្គក្នុងខេត្តកំពង់ចាម ហូរឆ្លងកាត់ និងក្លាយជាព្រំប្រទល់រវាងខេត្តកំពង់ចាម-ព្រៃវែង និង កណ្តាល-ព្រៃវែង។ នៅតាមដងទន្លេតូច គឺមានសកម្មភាពនេសាទដោយឧបករណ៍ «ដាយត្រី» ចាប់ពីខែមិថុនា ដល់ខែធ្នូ ខណៈដែលការនេសាទដោយប្រើឧបករណ៍ដូចគ្នានេះ គឺចាប់ផ្តើមយឺតជាងបន្តិច។
ការនេសាទដោយឧបករណ៍ «ដាយត្រី» គឺជាការនេសាទមានលក្ខណៈទ្រង់ទ្រាយធំ ដូច្នេះ ត្រូវមានការអនុញ្ញាតិពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជាចាំបាច់។ ការនេសាទនៅក្នុងទន្លេតូច គឺផ្តោតសំខាន់លើត្រីលេញ-ត្រីរៀល ដែលធ្វើចរាចរផ្លាស់ទីចេញពីតំបន់ព្រៃលិចទឹក ចុះទៅក្រោមនៃទន្លេតូច។ ត្រីលេញ-ត្រីរៀល គឺមានវត្តមានច្រើន និងសម្បូរបំផុត តាមការប៉ាន់ប្រមាណមានប្រហែល ៤០-៧០ ភាគរយនៃចំនួនត្រី ២,៥ លានតោនដែលជាផលចាប់ត្រីប្រចាំឆ្នាំពីអាងទន្លេមេគង្គ។
(អត្ថបទ និងរូបភាពដោយ Chhut Chheana / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com