ជាតិ
សង្គមជាតិ
កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​នៅ​សៀមរាប​លើ​បញ្ហា​យោធា និង​ភេរវកម្ម​ឆ្លងដែន​
23, Nov 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំ​ក្រុមការងារ​ពិសេស​មួយ ត្រូវបាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធានការ​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​។ ក្នុងនោះដែរ បញ្ហាសំខាន់ៗ រួមមាន យោធា និង​បញ្ហា​ភេរវកម្ម​ឆ្លងដែន ក៏​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះដែរ​។



​លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ ខាងលើ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តំណាង​ប្រទេស​នីមួយៗ នឹង​ជជែក​គ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ នយោបាយ ពាណិជ្ជកម្ម​ឆ្លងដែន ដែល​ពាក់ព័ន្ធ​នៅក្នុង​តំបន់ និង​អនុតំបន់​ក្នុង​អាស៊ី​។ ក្នុងនោះដែរ ប្រទេស​ជាង​២០ ដែល​ចូលរួម​កិច្ចប្រជុំ​នេះ នឹង​ជជែក​គ្នា​រក​រូបមន្ត​រួមមួយ ដើម្បី​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ដូចជា​បញ្ហា​យោធា គ្រឿងញៀន ធ្វើយ៉ាងណា​ដើម្បី​បំបាត់ ទប់ស្កាត់ ការជួញដូរ​ឆ្លងដែន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ ស៊ីផាន់ណា​។​



​ចំណែក​ប្រធានបទ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ និង​ដែល​កំពុងរ​ស៊ើប​ពេញ​ពិភពលោក​នោះ គឺ​បញ្ហា​ភេរវកម្ម​។ លោក សុខ ស៊ីផាន់ណា ពន្យល់ថា វា​កំពុង​ក្លាយជា​បន្ទុក​យ៉ាងសំខាន់ សម្រាប់​ពិភពលោក​ក្នុងការ​ទប់ស្កាត់ ហើយ​កិច្ចប្រជុំ​ខាងលើ នឹង​ស្វែងរក​យន្តការ ដើម្បីឱ្យ​ប្រទេស​ទាំងអស់ ជួយ​ទប់ស្កាត់ បញ្ហា​ឆ្លងដែន​ទាំងនេះ​។​

​នេះ​ជា​ឆ្នាំ​ទី​២៥​ហើយ ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​បានជ្រើសរើស​យក​ខេត្តសៀមរាប​សម្រាប់​ទទួល​ភ្ញៀវ ក្នុង​បំណង​ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់ខ្លួន ពិសេស​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ពិភពលោក​ទទួលស្គាល់​ជាទូទៅ​។ លោក សុខ ស៊ីផាន់ណា ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« កម្ពុ​ជាមាន​តួនាទី​សំខាន់​ក្នុង​យន្តការ​នៃ​កិច្ចប្រជុំ​នេះ​។ ទីមួយ​ចង់​លើកតម្កើង​មោទនភាព​ប្រទេស ទី​ពីរ បង្ហាញ​សមត្ថភាព​ថា​ប្រទេស​យើង​មិន​ចាញ់​គេ​ទេ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​បែបនេះ​»​។​



​ទីប្រឹក្សា​រាជរដ្ឋាភិបាល​លោក សុខ ស៊ីផាន់ណា បន្ថែមថា​៖« ការរៀបចំ​នៅ​សៀមរាប ព្រោះថា​យើង​ចង់បង្ហាញ​ពី​វប្បធម៌ ដើម្បី​យល់​ពីគ្នា​បាន ចាំបាច់​ប្រទេសមួយៗ​ត្រូវ​យល់​ពី​វប្បធម៌​ប្រទេស​នោះ ទទួលស្គាល់​វប្បធម៌​ប្រទេស​នោះ ថា​គឺ​បែប​ហ្នឹង បាន​យើង​គោរព​គ្នា​ទៅវិញទៅមក ហើយ​យើង​ក៏​ឆ្លៀត​បង្ហាញ​អង្គរ​ឱ្យ​បរទេស​ឃើញ​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា «​កិច្ចប្រជុំ​ក្រុមការងារ​ពិសេស និង​គណកម្មាធិការ​ឧ​ត្ត​ម​មន្ត្រី នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​» ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ បុរី​អង្គរ​៕








Tag:
 សុខ ស៊ីផាន់ណា​
  យោធា​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com