អន្តរជាតិ
គុយបា កូរ៉េខាងជើង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ខណៈ​ទំនាក់ទំនង​ជាមួយ​អាមេរិក​តានតឹង​ខ្លាំង​
23, Nov 2017 , 8:39 pm        
រូបភាព
​គុយបា និង​កូរ៉េខាងជើង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​ស្របពេល ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ជាមួយ​អាមេរិក​តានតឹង និង​ល្អក់កករ​ខ្លាំង​នោះ​។ គុយបា​បាន​ជំទាស់​ការដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ជា​លក្ខណៈ​ឯកតោភាគី និង​ដាក់​ប្រទេស​នេះ​ចូលក្នុង​បញ្ជី​គាំទ្រ​ភេរវកម្ម​ផងដែរ​ពី​សំណាក់​អាមេរិក​។​



​ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​តានតឹង​ខ្លាំង ក្រុង​ហា​វ៉ា​ណា និង​ក្រុង​ព្យុងយ៉ាង​ប្រកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ការទូត​បន្ត​ទៅមុខទៀត​។​​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​

​ការប្រកាស​នេះ​កើតឡើង​ក្នុងពេលដែល​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong Ho បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា និង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​គុយបា​លោក Bruno Rodriguez​។ ភាគី​ទាំង​ពីរបាន​អះអាងថា ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រីកចម្រើន​ទៅមុខ​គួរ​ឲ្យ​ពេញចិត្ត ដោយ​ឈរលើ​មិត្តភាព​ដែលមាន​ជា​ប្រពៃណី​យូរអង្វែង​មកហើយ​នោះ​។​

​ក្នុងជំនួប​ដដែល​នោះ​តំណាង​រដ្ឋាភិបាល​គុយបា បានបង្ហាញ​ជំហរ​រឹងមាំ​មួយ​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​កូរ៉េខាងជើង និង​ដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​ផង​នោះ​។  

​ប្រមុខ​ការទូត​គុយបា​បានលើកឡើង​ដូច្នេះ​៖ «​យើង​គាំទ្រ​ដាច់ខាត​ការគោរព​អធិបតេយ្យ​របស់​រដ្ឋ និង​ឯករាជ្យ រួមជាមួយ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​យើង​ផង​។ បន្ថែម​ពីនេះ​យើង​ប្រឆាំង​រាល់​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ប្រជាជាតិ​ដទៃ​ផងដែរ​»​។​

​គុយបា​ក៏​បង្ហាញ​ទស្សនកិច្ច​យល់ឃើញ​ផងដែរ​ថា ការដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​អាចធ្វើ​ទៅបាន​តាមរយៈ​ការសន្ទនា​ឬ​ការចរចា​គ្នា មិនមែន​ការប្រើប្រាស់​កម្លាំង​ឡើយ​។  ចំណែក​តំណាង​ក្រុង​ព្យុងយ៉ាង​ឯណោះ​វិញ​បានលើកឡើង​ក្នុងជំនួប​នេះដែរ​ថា​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​អាក្រក់​ដោយសារតែ​ការបង្កើន​កម្លាំងយោធា​គំរាមកំហែង​ប្រទេស​ដទៃ​របស់​ក្រុម​ប្រទេស​ចក្រពត្តិ (​សំដៅលើ​អាមេរិក​)​។

​តាមពិតទៅ​ជំនួប​រវាង​ភាគី​ទាំងពីរ​កើតឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​គុយបា និង​អាមេរិក ក៏ដូចជា​កូរ៉េខាងជើង​និង​អាមេរិក​តានតឹង​និង​ល្អក់កករ​ខ្លាំង​ដែរ​។ អាមេរិក​ចោទប្រកាន់ថា គុយបា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មន្ត្រី​ទូត​ខ្លួន និង​គំរាម​លុបចោល​គោលនយោបាយ​ដែលជា​មរតក​ការទូត​របស់លោក អូ​បា​ម៉ា ចំពោះ​គុយបា​ថែមទៀត​។ កាលពី​ខែតុលា​អាមេរិក​ទាមទារ​ឲ្យ​គុយបា​បន្ថយ​មន្ត្រី​ទូត និង​កម្រិត​ការធ្វើ​ជំនួញ និង​ការហោះហើរ​ទៅ​គុយបា​ថែមទៀត​។​

​ចំណែក​កូរ៉េខាងជើង​ឯណោះ​វិញ ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម ដោយសារ​កូរ៉េខាងជើង​មិន​ព្រម​ឈម​បាញ់​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។ កន្លងមក លោក ត្រាំ និង​លោក គីម ជុង​អ៊ុន បាន​បង្ក​សង្គ្រាមពាក្យសម្តី​ជាមួយគ្នា ជា​បន្តបន្ទាប់​ផងដែរ ដោយ​លោក ត្រាំ គំរាម​ប្រើ​កម្លាំង​កម្ទេច​របប​ដឹកនាំ​កូរ៉េ​ខាង ខណៈដែល លោក គីម ជុង​អ៊ុន គំរាម​បាញ់​ផ្លោង​នុយក្លេអ៊ែ​លើ​ទឹកដី​អាមេរិក​ផង​៕


Tag:
 គុយបា​
  កូរ៉េខាងជើង​
  Bruno Rodriguez
  Ri Yong Ho
© រក្សាសិទ្ធិដោយ thmeythmey.com