ជាតិ
ប៊ី សុធា​រី ត្រៀម​បង្ហាញខ្លួន​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ​
23, Nov 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៧ (Miss Universe 2017) ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​នៅ AXIS, Planet Hollywood ក្រុង​ឡាស​វេ​ហ្កា​ស រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក [​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​កម្ពុជា​]​។ សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​៦៦​នេះ កម្ពុជា ឡាវ និង​ណេ​ប៉ាល់ មាន​តំណាង​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ កម្ពុជា​តំណាង​ដោយ​កញ្ញា ប៊ី សុធា​រី អាយុ​១៩​ឆ្នាំ ដែល​ត្រូវ​ប្រជែង​សមត្ថភាព និង​សម្រស់​ជាមួយ​បេ​ក្ខ​នារី​៩១​រូប​ទៀត​នៅ​ទូទាំង​ពិភពលោក​។ អ្នក​ដែល​ឈ្នះ​នឹង​បន្ត​គ្រង​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​ពី​បវរកញ្ញា​បារាំង Iris Mittenaere ។​



​ព្រឹត្តិការណ៍ Miss Universe 2017 នេះ ដឹកនាំ​កម្មវិធី​ដោយ​លោក Steve Harvey និង​នាង Ashley Graham ខណៈ Fergie និង Rachel Platten នឹងធ្វើ​ការប្រគំ​តន្ត្រី​។ ក្នុងចំណោម​បេ​ក្ខ​នារី​ទាំង​៩២​រូប កម្ពុជា ឡាវ និង​នេ​ប៉ាល់ បង្ហាញ​វត្តមាន​ជា​លើកដំបូង ខណៈ​អេ​ហ្ស៊ី​ប អែល​សាវ៉ា​ឌ័​រ អេ​ត្យូ​ពី ហ្គា​ណា អ៊ីរ៉ាក់ អៀរ​ឡង់ លី​បង់ សាំង​លូ​ស្យា ទ្រី​នី​ដា​ត​-​តូ​បា​ហ្គោ និង​សំ​ប៊ី ធ្លាប់មាន​ប្រវត្តិ​ចូលរួម​កន្លងមក​។



​កញ្ញា ប៊ី សុធា​រី អាយុ​១៩​ឆ្នាំ ជា​ម្ចាស់​មកុដ​បវរ​កញ្ញាឯក​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ (Miss Cambodia 2016) ហើយ​នាង​បានក្លាយ​ជា​បេ​ក្ខ​នារី​ដំបូង​បំផុត​របស់​កម្ពុជា​ដែល​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​លំដាប់​ពិភពលោក Miss Universe​។

​កើត​នៅ​រាជធានី​ភ្នំពេញ សុធា​រី ជា​កូនស្រី​ទី​៣​ក្នុងចំណោម​គ្រួសារ​ដែលមាន​បងប្អូន​៤​នាក់ ដោយ​ឪពុកម្តាយ​ជា​មន្ត្រីរាជការ​។ នៅលើ​ឆាក​អន្តរជាតិ​ជាពិសេស​ការប្រកួតប្រជែង​នានា​កម្រិត​តំបន់ កញ្ញា ប៊ី សុធា​រី បានឈ្នះ​ពាន​ក្នុងស្រុក «Asia New Star Model Contest - Cambodia Region 2013»  ហើយ​បាន​ជាប់​លេខ​៤​ក្នុង​កម្មវិធី «Miss Southeast Asian Beauty Pageant 2014 » នៅ​ថៃ ហើយ​បានឈ្នះ​ពាន Miss Elegance Award និង​ពាន Best Evening Wear​។

​នៅ​ឆ្នាំ​២០១៥ សុធា​រី បាន​លេខ​៣​ក្នុង​កម្មវិធី Super Model International នៅ​ហ្វីលីពីន ហើយ​កាលពី​ឆ្នាំ​២០១៦ នាង​បាន​ក្លាយជា​បវរកញ្ញា​ប្រចាំ​កម្ពុជា (Miss Cambodia 2016) និង​ជា​យាន​ដែល​នាំ​ឲ្យ​នាង​ក្លាយជា​តំណាង​ទីមួយ​បំផុត​ក្នុងការ​ប្រកួតប្រជែង​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) ។​



​ក្នុងការ​ប្រកួតប្រជែង​នេះ ក្រុម​អ្នករៀបចំ​កម្មវិធី​ក៏បាន​បើក​ឲ្យ​អ្នកគាំទ្រ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេ​ក្ខ​នារី​ដែល​ខ្លួន​ពេញចិត្ត​ផងដែរ ដោយ​ចូលទៅ​កាន់ vote.missuniverse.com ឬ​តាមរយៈ Twitter ដោយសារ Hastag #MISSUNIVERSE និង​ឈ្មោះ​ប្រទេស #COUNTRY [​ឧទាហរណ៍ #CAMBODIA]​។

​អ្នកគាំទ្រ​អាច​បោះឆ្នោត​បាន​១០​លើក​ក្នុង​១​ថ្ងៃ ហើយ​បេ​ក្ខ​នារី​ដែលមាន​ការគាំទ្រ​ច្រើនជាងគេ​នឹង​ទទួលបាន​កៅអី​មួយ​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥២​មក អាមេរិក​គ្រង​មកុដ​បាន​៨​លើក វេ​ណេ​ស៊ុយ​អេ​ឡា​៧​លើក ព័រ​តូ​រី​កូ ៥​លើក ហ្វីលីពីន និង​ស៊ុយអែត​បាន​៣​លើក ខណៈ​បារាំង កុំ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក ជប៉ុន កាណាដា អូស្ត្រាលី ឥណ្ឌា ទ្រី​នី​ដា​ត​-​តូ​បា​ហ្គ្រោ ថៃ ហ្វាំ​ង​ឡង់ និង​ប្រេ​ស៊ី​ល ធ្លាប់​ទទួលបាន​២​លើក​។



​បណ្តា​ប្រទេស​ដែល​ធ្លាប់​ឈ្នះ Miss Universe ១​លើក​រួមមាន អង់​ហ្គោ​ឡា សាធារណរដ្ឋ​ដូ​មិ​និ​ច បុ​ត​ស្វា​ណា ណា​មី​ប៊ី ន័​រវេ​ស ហូ​ឡង់ ស៊ី​លី នូ​វែ​ល​សេ​ឡង់ អាហ្វ្រិក​ខាងត្បូង អ៊ីស្រាអែល អេ​ស្ប៉ា​ញ លី​បង់ ក្រិ​ក អា​ហ្ស​ង់​ទីន អាល្លឺម៉ង់ និង​ប៉េ​រូ​។ កាលពី​ឆ្នាំ​២០០២ បវរកញ្ញា Oxana Fedorova បានឈ្នះ​មកុដ ប៉ុន្តែ​ក្រោម​ហេតុផល​ផ្ទាល់ខ្លួន នាង​បាន​គ្រង​តំណែង​បាន​ត្រឹម​៤​ខែ មុនពេល​ផ្ទេរ​ទៅ​ឲ្យ​បវរកញ្ញា​ប៉ា​ណា​ម៉ា Justine Pasek៕




Tag:
 ប៊ី សុធា​រី​
  Miss Universe 2017
  វប្បធម៌​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com