ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចៅក្រម​ស៊ើបសួរ នឹង​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ នៅ​ថ្ងៃស្អែក​
23, Nov 2017 , 5:03 pm        
រូបភាព
​ភ្នំពេញ​៖ យោងតាម​ដីកា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​យក​ថ្ងៃទី​២៤ ខែវិច្ឆិកា ដើម្បី​សួរចម្លើយ​ពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ដោយសារ​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។



​ការសាកសួរ​នេះ ទំនងជា​មិន​ធ្វើ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ ពោលគឺ​ចៅក្រម​ស៊ើបសួរ នឹងធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង តែម្តង​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី នឹងចូលរួម​ស្តាប់​ការ​សួរ​នេះ​។

​លោក សំ សុ​គង់ បន្ថែមថា ក្រោយ​ការសាកសួរ​នេះ ចប់​ហើយ ក្រុម​មេធាវី នឹង​ចាប់ផ្តើម​គិតគូរ​ពី​ផ្លូវច្បាប់​បន្តទៀត ដើម្បី​ជួយ​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង ស្នើសុំ​ឲ្យ​គាត់​ក្រៅ​ឃុំ​ពេល​ហ្នឹង ក៏​មិន​បានដែរ ព្រោះ​កំពុងស្ថិត​ក្នុងការ​សួរចម្លើយ​។ អ៊ីចឹង យើង​ចាំ​ឲ្យ​ការសាកសួរ​នេះ ចប់​សិន ទើប​យើង គិតថា​ត្រូវ​អ្វី​បន្ត​»​។

​សមត្ថកិច្ច ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រុម​មេធាវី បាន​តវ៉ា នៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល រួចហើយ ដើម្បី​សុំ​ជំទាស់​នឹង​ការឃុំខ្លួន​លោក កឹម សុខា​។ ប៉ុន្តែ ការតវ៉ា នៅ​តុលាការ​ជាន់ខ្ពស់​ទាំងពី​រ​នេះ ត្រូវ​បរាជ័យ​។

​ខណៈ​លោក កឹម សុខា កំពុង​ជាប់ឃុំ តុលាការ​កំពូល ក៏បាន​បើកសវនាការ​រំលា​យគ​ណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ ក្រសួងមហាផ្ទៃ ប្រាប់​តុលាការ​កំពូល​ថា គណបក្ស​សង្គ្រោះ​ជាតិ សហការ​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕


Tag:
 កឹម សុខា​
  មេធាវី​
  សំ សុ​គង់​
  តុលាការ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com