កីឡាអន្តរជាតិ
អន្តរជាតិ
១២​នាក់​ត្រូវ​ចាប់ខ្លួន ជុំវិញ​ករណី​កំណត់​លទ្ធផល ក្នុង​លី​ក​បាល់ទាត់​កំពូល​ថៃ​
23, Nov 2017 , 9:39 pm        
រូបភាព
ឯកសណ្ឋានរបស់ក្រុមកីឡាបាល់ទាត់ Royal Thai Navy FC ដែលមានកីឡាករជាប់ពាក់ព័ន្ធច្រើនជាងគេករណីកំណត់លទ្ធផលទុកមុន
ឯកសណ្ឋានរបស់ក្រុមកីឡាបាល់ទាត់ Royal Thai Navy FC ដែលមានកីឡាករជាប់ពាក់ព័ន្ធច្រើនជាងគេករណីកំណត់លទ្ធផលទុកមុន
​មាន​ជនសង្ស័យ​ចំនួន ១២​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងនោះ​មាន​ទាំង​កីឡាក​បាល់ទាត់ អាជ្ញាកណ្តាល និង​ក្រុម​អ្នកជំនួញ​ផង ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កំណត់​លទ្ធផល​ទុក​មុន នៅក្នុង​លី​ក​បាល់ទាត់​កំពូល​របស់​ថៃ Thai Premier League ។ នេះ​បើតាម​ការផ្សាយ​របស់​កា​រ​សែត​បាងកក​ប៉ុ​ស្ត៍​។​



​ប្រធាន​នាយកដ្ឋាន​បង្ក្រាប​បទល្មើស​នៃ​ប្រទេស​ថៃ (CSD) លោក Maitree Chimcherd កំពុង​ដឹកនាំ​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​កំណត់​លទ្ធផល​ការប្រកួត​ដោយមាន​អតីត​អាជ្ញាកណ្តាល​ជាន់ខ្ពស់​ម្នាក់​ត្រូវបាន​គេ​ចាត់ទុកជា​មេក្លោង​។ ក្រៅពីនោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​រួមមាន កីឡាករ ៥​រូប អាជ្ញាកណ្តាល​ខ្សែបន្ទាត់​១​រូប សមាជិក​អ្នកគ្រប់គ្រង​ក្រុម​ម្នាក់ និង​អ្នកជំនួញ​ចំនួន ៤​រូប​។​

​ក្នុងចំណោម​កីឡាករ​បាល់ទាត់​កំពុង​ជាប់​បទល្មើស​ទាំង ៥​រូប​សុទ្ធតែ​ប្រកប​អាជីព​ក្នុង​ក្លិប​នៃ​លី​ក​កំពូល​ថៃ ក្នុងនោះ​មាន​៤​នាក់​មកពី​ក្លិប Royal Thai Navy FC ដូចជា​ខ្សែការពារ Suttipong Laoporn អ្នកចាំទី Narong Wongthongkam កីឡាករ Suwitthaya Numsinlak និង Seksan Chaothonglang​។ ចំណែក​ម្នាក់ទៀត​មកពី​ក្លិប Nakhonrachasima FC កីឡាករ Weera Koedpudsa​។​


          លោក Phummarin Khamruen អតីតអជ្ញាកណ្តាលល្បីឈ្មោះប្រចាំលីកបាល់ទាត់ថៃ

​សម្រាប់​អ​ជ្ញា​កណ្តាល​២​រូប​ដែល​ស្ថិតក្នុង​ការស៊ើបអង្កេត​ដែរនោះ មានឈ្មោះ Phummarin Khamruen ជា​អតីត​អ្នក​កាត់សេចក្តី​ដ៏​ល្បីឈ្មោះ​ប្រចាំ​លី​ក​បាល់ទាត់​ថៃ​ផងដែរ ហើយ​ម្នាក់ទៀត​គឺ លោក អ​ជ្ញា​កណ្តាល​ខ្សែបន្ទាត់ Thirajit Sithisuk​។​

​ដោយឡែក អ្នក​ដែល​ពាក់ព័ន្ធ​៥​រូប​ផ្សេងទៀត​ដែលជា​អ្នកជំនួញ និង​ជា​សមាជិក​អ្នកគ្រប់គ្រង​ក្រុម​នោះ នៅ​មិនទាន់បាន​បញ្ចេញ​អត្តសញ្ញាន​នៅឡើយ​នោះទេ​។​
​ជុំវិញ​ករណី​ខាងលើ CSD នឹង​ទទួលខុសត្រូវ​ក្នុង​ការប្រមូល​ភ័ស្តុតាង តាម​ការបង្គាប់បញ្ជារ​បស់​ស្នងការ​ប៉ូលីស​ជាតិ​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ Chakthip Chaijinda​។​
​ប្រសិនបើ អ្នក​ទាំង​១២ ត្រូវបាន​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​មែន​នោះ ពួកគេ​អាច​នឹង​ប្រឈម​ពិន័យ​ជា​ប្រាក់ ឬ​ជាប់ពន្ធ​ធនាគារ​រយៈពេល​៥​ឆ្នាំ​៕


Tag:
 បាល់ទាត់​
  Thai Premier League
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com