ជាតិ
សម្ដេច ហ៊ុន សែន ចង់បាន​អ្នកជំនាញ​អាមេរិក​លោក Jonh E.Rice ជាទី​ប្រឹក្សា​រដ្ឋាភិបាល​
23, Nov 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ស្នើ​ព្រះមហាក្សត្រ សុំ​តែងតាំង​លោក Jonh E. Rice អនុប្រធាន​ក្រុមហ៊ុន General Electric (GE) ជាទី​ប្រឹក្សា​រដ្ឋាភិបាល​។ ក្រុមហ៊ុន General Electric (GE) របស់​សហរដ្ឋអាមេរិក ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា គឺ​ផ្ដោតទៅលើ​វិស័យ​អេ​ឡិច​ត្រូ​និ​ច​។​



​លោក Jonh E. Rice អនុប្រធាន​ក្រុមហ៊ុន General Electric (GE) របស់​សហរដ្ឋអាមេរិក​រូបនេះ នឹងត្រូវ​ចូល​និវត្ត នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ ។ ក្នុងជំនួប​សំណេះសំណាល​គ្នា នៅ​ថ្ងៃទី​២៣ វិច្ឆិកា សម្ដេច ហ៊ុន សែន ចាត់ទុក​លោក Jonh E. Rice ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធ​ន៌​ច្រើន​ក្នុង​កិច្ចការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ តាមរយៈ​ការចូលរួម​អភិវឌ្ឍ​កម្ពុជា​នេះ សម្ដេច ហ៊ុន សែន សន្យាថា សម្ដេច​នឹង​ស្នើ​ព្រះមហាក្សត្រ សុំ​តែងតាំង​លោក Jonh E. Rice ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា នៅពេលដែល​អនុប្រធាន​ក្រុមហ៊ុន GE រូបនេះ​ចូល​និវត្ត​។​

​ជាការ​ឆ្លើយតប លោក Jonh E. Rice យល់ព្រម​ទទួលយក​តួនាទី​នេះ ដោយ​សន្យាថា លោក​នឹង​ខិតខំ​បំរើ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ផងដែរ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន GE មាន​គម្រោង​លើ​វិស័យ​សំខាន់ៗ​ចំនួន​២ គឺ​វិស័យ​អគ្គិសនី និង​វិស័យ​សុខាភិបាល​ដែល​ទាក់ទង​នឹង​ឧ​បករ​ណ៌​ពេទ្យ​។ ក្រុមហ៊ុន GE កំពុង​សិក្សា​លើ​ការផលិត​ថាមពល​អគ្គស​នី​ដើរ​ដោយ​ធ្យូងថ្ម ក្នុង​ខេត្ត​ព្រះសីហនុ​។ ជាពិសេស​ការសិក្សា​លើ​បណ្តាញ​អគ្គិសនី និង​ការបែងចែក​អគ្គស​នី ទៅកាន់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់ ដែល​គ្រោង​បញ្ចប់​នា​ចុងឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​អនុប្រធាន​ក្រុមហ៊ុន GE លោក Jonh E. Rice​។​

​ក្រៅពីនេះ​ក្រុមហ៊ុន GE ក៏បាន​ជួយ​ដំណើការ​ប្រើប្រាស់​ទឹកស្អាត នៅតាម​មន្ទីរពេទ្យ​ចំនួន​១២​រួចមកហើយ ក្នុង​ជំហាន​ទី​១ ។ ក្រុមហ៊ុន GE ក៏​បន្ត​ជំរុញ​ការប្រើប្រាស់​ទឹកស្អាត​នេះ នៅតាម​មន្ទីរពេទ្យ​ចំនួន​១២ ផ្សេងទៀត​នៅ​កម្ពុជា ក្នុង​ជំហាន​ទី​២ ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន​
 ​ អាមេរិក​
  GE
© រក្សាសិទ្ធិដោយ thmeythmey.com