អន្តរជាតិ
អូស្ត្រាលី អាស៊ាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​លំហូរ​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវជន​តំបន់​
23, Nov 2017 , 10:19 pm        
រូបភាព
​អូស្ត្រាលី​និង​បណ្តា​ប្រទេស​អាស៊ាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​របស់​បណ្តាញ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់ ស្រប​ពេលដែល​ការបារម្ភ​ថា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ​អាច​ពង្រឹងកម្លាំង​របស់​ខ្លួន​នៅក្នុង​តំបន់​។ កិច្ចសហការ​ថ្មី​នេះ​ផ្តោត​សំខាន់​លើ​ការចែករម្លែក​របាយការណ៍​ចារកម្ម​លំហូរ​ហិរញ្ញ​។​



​បញ្ហា​សន្តិសុខ​ជាពិសេស​ចលនា​ជ្រុលនិយម និង​ភេរវកម្ម​ក្លាយជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​អូស្ត្រាលី​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អូស្ត្រាលី និង​អាស៊ាន​សម្រេច​បង្កើត​កិច្ចសហប្រតិបត្តិការ​ថ្មី​ដើម្បី​ជំរុញ​ការ​កាត់ផ្តាច់​ហិរញ្ញវត្ថុ​របស់​បណ្តា​ក្រុម​ភេរវជន​ក្នុង​តំបន់​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ដាក់ចេញ​នៅក្នុង​វេទិកា​សន្តិសុខ​ដែល​រៀបចំឡើង​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ រដ្ឋមន្ត្រី​យុ​ត្តិ​ធិ​ម៌​អូស្ត្រាលី​Michael Keenan មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។

​គំនិត​ផ្តួចផ្តើម​ថ្មី​ដែល​ត្រូវបាន​គាំទ្រ​ដោយ​បណ្តា​តំណាង​ប្រទេស​អាស៊ាន និង​អូស្ត្រាលី​ផង​នោះ​មាន​ឈ្មោះថា ក្រុមការងារ​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រឆាំង​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវជន​។ វា​ជា​គំនិត​ផួ​ច​ផ្តើម​ថ្មី​មួយ​ដែល​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ដើម្បី​បោសសម្អាត​ចលនា​ជ្រុលនិយម​និង​ភេរវជន​ផងដែរ​។​

​រដ្ឋមន្ត្រី​ដែល​ផ្តល់​ប្រឹក្សា​ដល់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចសហប្រតិបត្តិការ​រវាង​អូស្ត្រាលី និង​អាស៊ាន​នេះ​មាន​គោលដៅ​សំខាន់​កាត់ផ្តាច់​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវជន ហើយ​ចំណាត់ការ​សំខាន់​របស់​គេ​គឺ​ចែករម្លែក​របាយការណ៍​ចារកម្ម​លំហូរ​ហិរញ្ញវត្ថុ​។

«​ស្ថិរភាព និង​សន្តិសុខ​តំបន់​អាស៊ីអាគ្នេយ៍​ជា​រឿង​សំខាន់បំផុត​សម្រាប់​ប្រទេស​អូស្ត្រាលី​។ រដ្ឋាភិបាល​អូស្ត្រាលី​ប្តេជ្ញាចិត្ត​ក្នុងការ​ឈានទៅ​យកជ័យ​ជម្នះ​លើ​រាល់​ការគំរាមកំហែង​ដែល​បង្កដោយ​ក្រុម​ភេរវជន​រាប់ទាំង​ក្រុម​ដែ​ស្ហ​ផង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​អូស្ត្រាលី​ខាងលើ​។

​បញ្ហា​ភេរវកម្ម​គ្របដណ្តប់​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​កន្លងមក ដោយសារ​អាស៊ីអាគ្នេយ៍​បន្ត​រងគ្រោះ​ដោយសារ​ចលនា​នេះ​។ ដូច​ឃើញស្រាប់​កាលពី​ចុងខែ​ឧសភា ក្រុម​មាន​ភក្តីភាព​ចំពោះ​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​បាន​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង ម៉ា​រ៉ាវី នៅ​កោះ​មិន​ដា​ណាវ ដោយ​ពួកគេ​មាន​មហិច្ឆតា​បង្កើត​រដ្ឋ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​តាមបែប​ឥស្លាម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មនុស្ស​យ៉ាងហោចណាស់ មួយ​ពាន់​នាក់​ស្លាប់​ក្នុងការ​ប្រយុទ្ធ​រំដោះ​ក្រុង​ម៉ា​រ៉ាវី​មកវិញ ហើយ​ប្រតិបត្តិការ​នេះ​ទទួលបាន​ជោគជ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ជា​មិត្ត​ជាពិសេស​អូស្ត្រាលី​ផងដែរ​៕


Tag:
 ​អូស្ត្រាលី​
  អាស៊ាន​
  ដែ​ស្ហ​
  Michael Keenan
© រក្សាសិទ្ធិដោយ thmeythmey.com