ជាតិ
សម្ដេចក្រុមព្រះ យកកៅអីតំណាងរាស្ត្រ ប៉ុន្តែបដិសេធតំណែងអនុប្រធានទី១ រដ្ឋសភា
× ភ្នំពេញ៖ ក្នុងចំណោមអាសនៈ៤១ ដែលបានមកគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ សម្ដេចក្រុមព្រះ ក៏នឹងក្លាយជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ដើម្បីដឹកនាំសមាជិកបក្ស៤០នាក់ទៀត ចូលបម្រើការងារនៅក្នុងរដ្ឋសភាដែរ។
អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចែកឲ្យគណបក្សចំនួន៥ ដោយក្នុងនោះគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១កៅអី។ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានបដិសេធចំពោះអាសនៈទាំង៤១នេះទេ។ ដូច្នេះកៅអី៤១នេះ សបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សធំទី២ក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែអ្វីដែលមជ្ឈដ្ឋានទូទៅឆ្ងល់នោះត្រង់ថា តើគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមានអ្នកណាម្នាក់ឡើងកាន់តំណែងអនុប្រធានទី១រដ្ឋសភា ដែលអតីតគណបក្សសង្គ្រោះជាតិ បដិសេធអង្គុយនោះដែរឬទេ? ត្រង់ចំណុចនេះខាងអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មិនទាន់ប្រាកដថា រដ្ឋសភានឹងមានការរៀបចំតំណែងអនុប្រធានទី១នេះឡើងវិញ សម្រាប់គណបក្សនយោបាយ ដែលទទួលយកអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិដែរ។ លោក ឡេង ប៉េងឡុង ស្នើឲ្យរង់ចាំមើលនីតិវិធីរបស់រដ្ឋសភា ដែលគ្រោងរៀបចំកិច្ចប្រជុំ ជាបន្តបន្ទាប់នាពេលខាងមុខនេះ។
បើទោះជាមិនទាន់ច្បាស់ថា នឹងមានតំណែងអនុប្រធានទី១ ប្រគល់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចក្តី ប៉ុន្តែសម្ដេចនរោត្តម រណ ឫទ្ធិ បានបដិសេធចំពោះកៅអីនេះហើយ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ដែលទទួលបានកៅអីនៅបាត់ដំបងផងដែរនោះ បាននិយាយថា ព្រះអង្គម្ចាស់នរោត្តម រណ ឫទ្ធិ ទទួលយកតែតួនាទីតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាមប៉ុណ្ណោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ដូច្នេះថា៖«សម្ដេចព្រះប្រធានមិនទទួលយកតំណែងអនុប្រធានទី១អីនោះទេ ព្រោះព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី និងធ្វើជាប្រធានរដ្ឋសភា ដូច្នេះទ្រង់មិនយកកៅអីនេះឡើយ»។
នៅពេលសួរថា បើរដ្ឋសភាទុកតួនាទីអនុប្រធានទី១ ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដូច្នេះគណបក្សនឹងទទួលយកទេ? លោក ញ៉េប ប៊ុនជិន បានឆ្លើយតបយ៉ាងដូច្នេះថា៖«ក្រៅពីសម្ដេចព្រះប្រធានមិនទទួលយកកៅអីអនុប្រធាននេះ។ គណបក្សយើងនឹងជជែក ពិភាក្សាគ្នាលើបញ្ហានេះ ថាតើគួរយក ឬជ្រើសតាំងអ្នកណា? ចាំដល់ពេលនោះយើងនឹងពិភាក្សាគ្នាតាមក្រោយ...»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបែងចែកអាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤១ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលចំនួន៦ គណបក្សខ្មែរឈប់ក្រ ចំនួន៥ គណបក្សសញ្ជាតិកម្ពុជា ចំនួន២ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ចំនួន១។ ប៉ុន្តែក្នុងចំណោមគណបក្សខាងលើនេះ មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយកអាសនៈឡើយ ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
Tag:
រណ ឫទ្ធិ
ញ៉េប ប៊ុនជិន
ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com