ជាតិ
សម្តេច​សង្ឃ​ទេព វង្ស​៖«​ព្រះសង្ឃ ត្រូវ​សាមគ្គី​គា្ន ព្រោះ​សត្រូវ​ព្រះពុទ្ធសាសនា កំពុង​រីកចម្រើន​»
13, Dec 2017 , 3:42 pm        
រូបភាព
រូបភាព៖ សម្តេចសង្ឃ ទេព វង្ស មានសង្ឃដីកា ក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី២៦ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២0១៧
រូបភាព៖ សម្តេចសង្ឃ ទេព វង្ស មានសង្ឃដីកា ក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី២៦ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២0១៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស  ដែលមាន​ឋានៈ​ខ្ពស់​ផុត​លេខ ក្នុង​ជួរ​មន្ត្រី​សង្ឃ  បាន​សម្តែង​ព្រះទ័យ​ព្រួយបារម្ភ នឹង​សត្រូវ ដែល​កំពុង​រីកលូតលាស់ ហើយ​អាចទន្ទ្រាន​ចូលមកក្នុង​ព្រះពុទ្ធសាសនា នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​ការពារ​តម្លៃ​ព្រះពុទ្ធសាសនា កុំ​ឲ្យ​ធ្លាក់ចុះ ដោយសារតែ​ការយាយី​នេះ សម្តេច ទេព វង្ស បាន​ជំរុញ​ឲ្យ​មន្ត្រី​សង្ឃ​ជា​ថ្នាក់ដឹកនាំ​នៅ​គ្រប់​ជាន់ថ្នាក់ រួម​សាមគ្គី​គ្នា​ឲ្យ​បាន​រឹងមាំ​។​



​សម្តេច ទេព វង្ស មាន​សង្ឃដីកា​បែបនេះ នៅក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៦ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​មន្ត្រី​សង្ឃ​ជាង​១​ពាន់​អង្គ មកពី​គ្រប់​រាជធានី ខេត្ត ចូលរួម ។ យ៉ាងណាក៏ដោយ ព្រះអង្គ ពុំបាន​មាន​សង្ឃ​ដី​ឲ្យ​ចំ​នោះទេ​ថា សត្រូវ​ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​ដល់​ព្រះពុទ្ធសាសនា មកពី​ប្រភព​ណាខ្លះ​។

​សម្តេចព្រះ​មហាសង្ឃរាជ មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា​៖«​សព្វថ្ងៃនេះ សត្រូវ​នៃ​ព្រះពុទ្ធសាសនា មានការ​រីកចម្រើន​ធំធេង និង​មាន​ច្រើនណាស់​។ កម្លាំង​មើលទៅ ហាក់ដូចជា​ទប់​នឹង​សត្រូវ អត់​បានទេ បើ​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​។ ក្នុង​អង្គប្រជុំ​នេះ ខ្ញុំ​ទទូច​ឲ្យ​មាន​សាមគ្គីធម៌ និង​ឈរលើ​ស្មារតី​យោគយល់​គ្នា​ទៅវិញទៅមក​»​។​



​ជុំវិញ​បញ្ហា​នេះ ព្រះ​តេជគុណ យ៉​ន សេង​យៀ​ត សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ  បាន​មាន​សង្ឃដីកា​ថា ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន តែង​កើតឡើង ក្នុង​ស្ថាប័ន​នីមួយៗ ដោយ​ជៀស​មិន​រួច​។ ព្រះអង្គ សង្កត់ធ្ងន់ថា មិនមែន​តែ​ព្រះពុទ្ធសាសនា​នោះទេ សូម្បីតែ​សាសនា​ដទៃ ក៏​តែងតែ​ជួប​បញ្ហា​បែបនេះ​ដែរ​។ ព្រះអង្គ បញ្ជាក់ថា​៖«​យើង មាន​វិបត្តិ​ព្រះពុទ្ធសាសនា តាំងពីសម័យ​ព្រះពុទ្ធមកម៉្លេះ​។ ហើយ​សាសនា​ផ្សេង ក៏មាន​វិបត្តិ​អ៊ីចឹង​ដែរ​។ ដំណើររឿង​ហ្នឹង គឺ​ដដែល​ទេ​»​។

​ចំណែកឯ ព្រះ​តេជគុណ ឃី សុវណ្ណ​រតនា ជា​សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​ដែរ​នោះ មាន​សង្ឃដីកា​ថា ព្រះសង្ឃ​គ្រប់​ព្រះអង្គ ត្រូវ​ពង្រឹង​ការប្រតិបត្តិ​នូវ​ធម៌​វិន័យ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​លើ​កត​ម្កើ​នតម្លៃ​ព្រះពុទ្ធសាសនា​។ ព្រះអង្គ មើលឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន ដែល​កំពុង​រីកចម្រើន​ក្នុង​ព្រះពុទ្ធសាសនា ជាពិសេស​ផ្នែក​ពុទ្ធិកសិក្សា ដែលជា​ប្រ​ព័ន្ធអប់រំ​ដ៏​សំខាន់បំផុត​។ ព្រះអង្គ មាន​សង្ឃដីកា​បែបនេះ​ថា​«​ការសិក្សា​ផ្នែក​គម្ពីរ​ក្បួនច្បាប់ មានការ​លូតលាស់​យ៉ាងខ្លាំង​»​។ 

​ប្រធានបទ​សំខាន់ៗ​ចំនួន​បី ដែល​រួមមាន ការអប់រំ​ផ្នែក​ពុទ្ធិកសិក្សា ការ​ប្រ​តិប​ត្តិ​របស់​ព្រះសង្ឃ​ក្នុង​ធម៌​វិន័យ និង​ការចូលរួម​របស់​ព្រះសង្ឃ​ក្នុងការ​អភិវឌ្ឍ​សង្គម ត្រូវបាន​លើក​ទៅ​ពិភាក្សា​ក្នុង​អនុ​សំវ​ច្ឆ​រម​ហាស​ន្និ​បាត​លើក​ទី​២៦​នេះ​។ កិច្ចប្រជុំ​មន្ត្រី​ទូទាំងប្រទេស​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧៕
អត្ថបទទាក់ទង


Tag:
 ​ព្រះសង្ឃ​
  ប្រជុំ​
  ទេព វង្ស​
© រក្សាសិទ្ធិដោយ thmeythmey.com