ជាតិ
សម្ដេច ហ៊ុន សែន ប្រកាសឈប់ឈរឈ្មោះនាយករដ្ឋមន្ត្រី នៅ​ឆ្នាំ​២០២៨
15, Jan 2018 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេច​នឹង​បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី មិនតិចជាង​១០​ឆ្នាំ​នោះទេ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ ដោយ​សំអាងទៅ​លើ​អាយុ (​ជាង​៦០) និង​សុខភាព​រឹងមាំ​របស់ខ្លួន​។ ប៉ុន្តែ​មិនមានន័យ​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី រហូតដល់​ជរា​ទ្រោម​ខ្លួន​នោះដែរ​។ ត្រង់​ន័យ​នេះ​ប្រមុខ​រដ្ឋាភិបាល បានប្រកាស​បន្ថែមថា សម្ដេច នឹង​ដកខ្លួន​ពីបេក្ខជននាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២៨ ខាងមុខ ដើម្បី​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ក្លាយជា​នាយករដ្ឋមន្ត្រី​វិញ​ម្ដង​។​



​សម្រាប់​រយៈពេល​ពីរ​អាណត្តិ​ខាងមុខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឃើញ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ជីវភាព​ធូ​ធារ តាមរយៈ​គោលដៅរបស់​រដ្ឋាភិបាល ដែល​បានកំណត់​ឲ្យ​ពលរដ្ឋ​ទទួលបាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

សូមស្ដាប់សំឡេង៖


​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺមហារីក និង​សម្ភព​ថ្មី​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ​នៅ​ព្រឹក​ថ្ងៃទី​១៥ មករា​នេះ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ដូច្នេះ​ថា​៖ «​ពិត​មែនហើយ​ឯកឧត្តម ម៉ម ប៊ុនហេង បាន​ជូនពរ​ថា​ឲ្យ​ខ្ញុំ​ជោគជ័យ ដឹកនាំ​នៅ​អាណត្តិ​ទី​៦ អាណត្តិ​ទី​៧ និង​បន្តបន្ទាប់​ទៀត ។ (​កាន់តំណែង​) បន្តបន្ទាប់​នោះ​ពិបាក​ណាស់ ត្រឹម​អាណត្តិ​ទី​៦ អាណត្តិ​ទី​៧ បាន​ហើយ ព្រោះនេះ​ជាការ​ប្ដេជ្ញាចិត្ត ដែល​ខ្ញុំ​បានប្រកាស​រួចហើយ​ថា នឹង​បន្ត​កាន់តំណែង​មិនតិចជាង​១០​ឆ្នាំ​។ កម្ពុជា​គ្មាន​រដ្ឋធម្មនុញ្ញ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ទេ​។ ប្រទេស​នៅលើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ទេ​…​។ ខ្ញុំ​ចង់​អមដំណើរ​ជាមួយ​អ្នក​ទាំងអស់គ្នា ដើម្បី​ចូលទៅ​ឲ្យ​កៀក​ជាមួយ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ព្រោះ​បើ​យោងតាម​ការគិត​អាណត្តិ​នៃ​រដ្ឋសភា គឺ​ឆ្នាំ​២០២៨ ទើប​ខ្ញុំ​ត្រូវ​ដកខ្លួន​ចេញ​»៕


Tag:
 ហ៊ុន សែន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com