អន្តរជាតិ
ចិន គួរ​បញ្ចប់​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អាស៊ាន និង​ធ្វើជា​ដៃគូ​ដែល​អាស៊ាន​ខ្វះ​មិនបាន
18, Feb 2018 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​រយៈពេល​២៧​ឆ្នាំ​ហើយ ដែល​មហា​យក្ស​ចិន​បាន​ចងមេត្រី​ភាពជា​មួយ​សមា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ។ ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​២ ចិន​បាន​ផ្សាភ្ជាប់​សកម្មភាព​ខ្លួន​យ៉ាងសកម្ម ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ក្របខណ្ឌ​ពហុភាគី និង​ទ្វេភាគី​ជាមួយនឹង​អាស៊ាន ។ បើ​ចិន​អាចមាន​លទ្ធភាព​បង្កើត​គោលនយោបាយ​សម្បទាន ដែល​ធ្វើ​ឲ្យ​ជម្លោះ​អធិបតេយ្យ​ជាមួយ​រដ្ឋ​អាស៊ាន​ស្ងប់ស្ងាត់​បាន​ផង​នោះ វា​ច្បាស់​ណាស់​ថា ចិន​នឹង​ក្លាយជា​ដៃគូ​ដែល​អាស៊ាន​ខ្វះ​បាន​នោះទេ ជាពិសេស​ក្នុង​បរិការណ៍ ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច  ។

 
 
​តាមពិតទៅ ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន បានចាប់ផ្តើម​ចេញ​ពន្លក​តាំងពី​ឆ្នាំ​១៩៧៨ មកម្ល៉េះ ពោលគឺ​តាំងពី​អំឡុងពេល​អតីត​មេដឹកនាំ​ចិន លោក តេង ស៊ា​វ​ភីង បាន​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ដោយ ពេលនោះ លោក បាន​លើកឡើងថា​៖«​ក្តី​ប្រាថ្នា​របស់​ចិន គឺ​អភិវឌ្ឍន៍​ចំណងមិត្តភាព​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​ដោយ​ឈរលើ​គោលការណ៍​ប្រាំ​នៃ​សហ​ស្ថិរភាព​»​។ 
 
​រហូតដល់​ឆ្នាំ ១៩៩១ ចិន ក៏បាន​ចាប់​ផ្តើមកសាង និង​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយនឹង​រាល់​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់​ដើម្បី​ឈានទៅដល់​ការចាប់​ដៃគូ​ជាមួយនឹង​អាស៊ាន​ក្នុង​ជំហាន​បន្ទាប់ ។ ចុងក្រោយ នៅ​ឆ្នាំ​១៩៩៦ ចិន ក៏បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ ។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុងចំណោម​ដៃគូ​សន្ទនា​របស់​អាស៊ាន ទាំង​ដប់ ដែល​រួមមាន អូស្ត្រាលី កាណាដា សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​ហ្សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី សហរដ្ឋអាមេរិក និង​ចិន​ផងដែរ​នោះ  ចិន ត្រូវបាន​គេ​មើលឃើញថា​ជា គឺជា​គូ​ដៃ​ពាណិជ្ជកម្ម​ដ៏​បំផុត​របស់​អាស៊ាន ហើយក៏​ជា​ដៃគូ ដែលមាន​សកម្មភាព​ច្រើនជាងគេ​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋ​អាស៊ាន​ផងដែរ ។​

១. ចិន អាចជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាស៊ាន​ខ្វះ​មិនបាន ?
​យោងតាម China Briefing និង ASEAN China Centre ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩ ហើយ អាស៊ាន ក៏បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​បី​របស់​ចិន​ផងដែរ ។ មកទល់ពេលនេះ ភាគី​ទាំងពីរ នៅតែ​បន្ត​រក្សា​តំណែង​ជា​ដៃគូ​រវាង​គ្នា​ទៅវិញទៅមក​ដដែល ។ 
 
​បើតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ចិន ដែល​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ចិន នៅ​ថ្ងៃ​២៨ មករា ២០១៨​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន បាន​ហក់លោត​ដល់​កម្រិត​ខ្ពស់​មួយ​គួរកត់សម្គាល់ ។ ភាគី​ទាំងពីរ សម្រេចបាន​រហូត ៥១៤,៨ ប៊ី​លាន​ដុល្លារ ដែល​ចំនួន​នេះ កើនឡើង​១៣,៨​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ ។ ក្នុងនោះដែរ ទំហំ​នៃ​ការនាំចេញ​របស់​ចិន​ទៅកាន់​ប្រទេស​អាស៊ាន សម្រេចបាន ២៧៩,១ ប៊ី​លាន​ដុល្លារ កើនឡើង ៩ ភាគរយ ខណៈ ការនាំ​ចូល បាន​កើនឡើង ២០ ភាគរយ ដែល​ស្មើនឹង ២៣៥,៧ ប៊ី​លាន​ដុល្លារ ។ 
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​ផងដែរ​នោះ ស្រប​ពេលដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​បន្ត​កើនឡើង​នោះ ចិន ក៏​កំពុង​តែមាន​កិច្ចសហប្រតិបត្តិការ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ដឹកនាំ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ មានការ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​កាន់តែ​ស៊ីជម្រៅ ។ 
 
​គំនិត​ផ្តួចផ្តើម​ទាំងនោះ រាប់​តាំងពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ  (One Belt One Road) , ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB), កិច្ចសហប្រតិបត្តិការ​អនុតំបន់​មេគង្គ​ឡាន​ឆាង ( LMC ) និង ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ  (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ចិន និង​អាស៊ាន ដែល​គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ឆ្នាំ​២០១៨​នេះ ។ នេះ នៅ​មិនទាន់​រាប់បញ្ចូល​កិច្ចសហប្រតិបត្តិការ​ដែល​ចិន មាន​ជាមួយនឹង​រដ្ឋ​អាស៊ាន ជា​លក្ខណៈ​ទ្វេភាគី​ផង ។​
 
២. ចិន កំពុងតែ​ដក​របាំង ដើ​ម្បិ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាស៊ាន​-​ចិន​ស្អិតល្មួត ?
​បើទោះបីជា​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​ក៏ដោយ ភាគី​ទាំងពីរ នៅតែ មាន​បញ្ហា​ស្រពេចស្រពិល និង​ចំណុច​ថ្នាំងថ្នាក់​ជាមួយនឹង​គ្នា ដែល​មិនទាន់បាន​ដោះស្រាយ ។  បញ្ហា​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ហើយ  ។​
 
​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​អន្តរជាតិ (​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ) ។ 
 
​កន្លងមក​ដោយសារតែ​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន និង​ចិន បាន​ក្លាយជា​សមរភូមិ​មួយ​ក្នុង​ការដំឡើង​សរសៃ​ក​ដាក់គ្នា ។ គេ​ចាំ​ថា នៅ​ឆ្នាំ ២០១២ ដែលជា​ពេល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន អាស៊ាន មិនបាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​បានឡើយ ដ្បិត​ភាគី​ពាក់ព័ន្ធ​ដែល​រួមមាន​វៀតណាម និង​ហ្វីលីពីន បាន​តវ៉ា និង​មិន​សុខចិត្ត ។ 
 
​តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ ពោលគឺ​នៅពេល​ហ្វីលីពីន​ធ្វើជា​ប្រធាន​វិលជុំ​អាស៊ាន អាស៊ាន និង​ចិន បានសម្រេច​បាន​ជំហាន​មួយ​វិជ្ជមាន​សម្រាប់​ការដោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។ នោះ​គឺ ភាគី​ទាំងពីរ បានសម្រេច​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​សកម្មភាព​ចាក់ដី​បន្ថែម​នៅ​តំបន់​វិវាទ ក៏ត្រូវ​រាយការណ៍​ដែលថា​មាន​ភាពស្ងប់ស្ងាត់ ។ 
​អ្វីដែល​គេ​រង់​ចាំមើល​នោះ​គឺ ភាគី​ពាក់ព័ន្ធ ជាពិសេស​ចិន​តែម្តង ដែលជា​ភាគី​តែមួយគត់ ដែល​បានទាមទារ​អធិបតេយ្យ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​វិវាទ និង​ប្រើប្រាស់​អំ​ណេះ​អំ​ណា​ង​ដោយ​យោងតាម​ប្រវត្តិសាស្ត្រ អាចមាន​សម្បទាន​ជាមួយគ្នា​ប៉ុណ្ណា ។ ពោលគឺ​បើ​ភាគី​នៅតែ​បន្ត​ជំហរ​រឹង​រុះ​ដូច​ពេលនោះ សមុទ្រ​ចិន​ខាងត្បូង នឹង​នៅតែ​ជា​ចំណុច​ថ្នាំងថ្នាក់​រវាង​ភាគី ដដែល ៕ 

ដោយ៖ លោក ទេព អ៊ីវិសាល និស្សិតបញ្ចប់ការសិក្សាផ្នែកសិក្សាអន្តរជាតិនៃដេប៉ាតីម៉ង់សិក្សា​អន្តរជាតិ (DIS) 

ផ្ញើអត្ថបទរបស់អ្នកមកកាន់សារព័ត៌មានថ្មីៗ

Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com