អន្តរជាតិ
ហេតុអ្វី​គេ​មិនគួរ​មើល​មហា​យក្ស​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​ពេក​?
18, Feb 2018 , 12:30 pm        
រូបភាព
រូបភាព៖ Business Insider
រូបភាព៖ Business Insider
​ចាប់ពី​ប្រធានាធិបតី ស៊ី ជិន​ភីង ឡើងកាន់តំណែង​ឆ្នាំ ២០១២ ការកសាង​ឥទ្ធិពល​និង​អំណាច​ទន់​របស់​ចិន​ស្ថិតនៅ​ជា​ចំណុច​ស្នូល​នៃ​នយោបាយ​ការបរទេស​ចិន​។ មេដឹកនាំ​ដែលមាន​ទស្សនៈវិស័យ​វែងឆ្ងាយ​រូបនេះ​បានដាក់​ចេញ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​» ដ៏​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជំរុញ​ការផ្សាភ្ជាប់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ រវាង​ចិន​និង​ពិភព​ខាង​ក្រៅពី​អាហ្វ្រិក​ទៅដល់​អឺរ៉ុប ទៅដល់​អាស៊ី​ថែមទៀត​។​




 ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ឥទ្ធិពល​ចិន​កើនឡើង​យ៉ាង​រហ័ស ហើយ​មហាអំណាច​នេះ​ចាប់ផ្តើម​វិនិយោគ​នៅ​គ្រប់​ទី​ន្លែ​ង​ទូទាំង​ពិភពលោក​ទាំង​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន អឺរ៉ុប ក៏ដូចជា​អាស៊ី​ផងដែរ​។ ក្រៅពីនោះ​ចិន​ក៏​បង្កើន​តួនាទី​របស់ខ្លួន​ក្នុងការ​ដឹកនាំ និង​ធានា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ផងដែរ​។ ទោះជា​បែបនេះ​ក្តី រូបភាព​របស់​ចិន​នៅ​ឆាក​អន្តរជាតិ​នៅតែ​អវិជ្ជមាន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ជាពិសេស​លោកខាងលិច​ប​ន្ត​រិះគន់​ចិន និង​ចោទ​ជា​សំណួរ​ចំពោះ​គោលបំណង​និង​មហិច្ឆតា​ពិតប្រាកដ​របស់​ចិន​ផងដែរ​។​

១. ហេតុអ្វី​គេ​នៅ​មើលឃើញ​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​?
​ថ្វីបើ​ចិន​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ និង​ក្លាយជា​មហាអំណាច​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ក៏ដោយ ពិភពលោក​ហាក់​មិនទាន់​ត្រៀមខ្លួន​ទទួលយក​ចិន​ជា​មហាអំណាច​ខ្ពស់​មុខ​ខ្ពស់​មាត់​ដូច​មហាអំណាច​ឯទៀត​ឡើយ​។ គេ​នៅ​មើលឃើញ​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។ តាមពិតទៅ ធ្វើជា​មហាអំណាច​ពិភពលោក ចិន​ពិត​នៅមាន​ចំណុច​ខ្វះចន្លោះ​ច្រើន​មែន​។ 
 
​កត្តា​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​គេ​មិន​ពេញចិត្ត​ចិន​គឺ ស្ថានភាព​សិទ្ធិមនុស្ស និង​របៀប​រប​បដឹកនាំ​ប្រទេស​។ ពាក្យ​ថា ផ្តាច់ការ ក​ម្មុយ​នី​ស្ត សង្កត់សង្កិន​ប្រជាជន ជា​អ្វីដែល​គេ​ប្រើប្រាស់​ញឹកញាប់​ដើម្បី​ពិពណ៌នា​ពី​មហា​យក្ស​ចិន​។ ជា​ប្រទេស​ប្រកាន់​សេដ្ឋកិច្ច​សេរី​ក៏ដោយ ចិន​នៅតែ​រក្សា​របប​ដឹកនាំ​តាមបែប​សង្គមនិយម និង​មាន​គណបក្ស​ដឹកនាំ​តែមួយ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន​នៅ​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន និង​មិន​ឲ្យ​មាន​អ្នកប្រឆាំង​រដ្ឋាភិបាល​ដ​ដែល​។ 

​យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់ វិទ្យាស្ថាន​ស្រាវជ្រាវ Pew   ប្រជាជន​ទូទាំង​ពិភពលោក​ភាគច្រើន មើលឃើញ​ការរីកចម្រើន​លូតលាស់​យ៉ាង​រហ័ស​នៃ​សេដ្ឋកិច្ច​ចិន​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ចពិភពលោក ប៉ុន្តែ​ប្រជាជន​ភាគច្រើន​ជាពិសេស​នៅ​អឺរ៉ុប និង​អាស៊ី​នៅតែ​យល់ថា ចិន​រំលោភបំពាន​សិទ្ធិមនុស្ស​ខ្លាំង ដែល​មិនគួរ​យក​ខ្លួន​បៀត​ឡើយ​។​

​ក្រៅពី​របៀប​រប​ដឹកនាំ និង​សិទ្ធិមនុស្ស ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ​គេ​មិន​ចូលចិត្ត​ចិន​នោះ​គឺ​ឥរិយាបថ​ក្រុមហ៊ុន​ចិន និង​ប្រជាជន​ចិន​ដែល​ចេញទៅ​រកស៊ី​នៅ​បរទេស​។ ជា​រឿង​មិនអាច​ប្រកែក​បានឡើយ​ដែលថា ក្រុមហ៊ុន និង​ប្រជាជន​ចិន​ខ្លះ​ធ្វើ​ឲ្យ​ចិន​បាក់មុខ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឲ្យ​គេឯង​មិន​ពេញចិត្ត​នោះ​។ នេះ​មានន័យថា គេ​មិនមែន​ស្អប់​ប្រជា​ជាតិចិន​ទាំងមូល​ឡើយ ប៉ុន្តែ​គេ​មិន​ពេញចិត្ត​ប្រជាជន និង ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​បង្កបញ្ហា​ប៉ុណ្ណោះ​។​

​មួយទៀត​គឺ គេ​មិន​ចូលចិត្ត​ចិន ព្រោះ​គេ​នៅ​គិតថា «​ចូលចិត្ត​រកស៊ី​កេងចំណេញ​ស៊ី​ខ្សែលើ និង​កេងប្រវ័ញ្ច​ដោយ​គិតតែ​ពី​ផលចំណេញ​ខ្លួនឯង​ប៉ុណ្ណោះ​»​។ ការរក្សា​ផ្នត់គំនិត​បែបនេះ​កើតឡើង​យូរ​មកហើយ ពោលគឺ​រាប់​ចាប់ពី​សម័យ​អ​ណា​និគម​បរទេស​ម្ល៉េះ​។ ដូច្នេះហើយ កន្លងមក ពេល​ដែលចេញ​ព្យាយាមពង្រឹងទំនាក់ជាមួយ​អាហ្វ្រិក​ និង​បន្តដាក់​ទុនវិនិយោគនៅទីនោះ​ ស្រាប់តែគេ​នាំគ្នា​ចោទថា ចិន​កំពុងព្យាយាម​កេងប្រវ័ញ្ច​បណ្តា​រដ្ឋ​អាហ្វ្រិក និង​ត្រៀម​ដាក់​អាណានិគម​បែប​ថ្មី​លើ​ទ្វីប​ដែល​សម្បូរ​ធនធានធម្មជាតិ មិន​ខុសពី​លោកខាងលិច​ឡើយ​។​

២. មហា​យក្ស​ចិន​មិនអាក្រក់​ដូច​គេ​បារម្ភ​ឡើយ​

​យ៉ាងណាមិញ ការយល់ឃើញ​អវិជ្ជមាន​ចំពោះ​ចិន​មាន​ច្រើន​នៅតែ​តំបន់​អាស៊ី និង​អឺរ៉ុប​តែប៉ុណ្ណោះ​។ ចំណែក​នៅ​អាមេរិក​ឡាទីន និង​នៅ​អាហ្វ្រិក ប្រជាជន​មិន​យល់ឃើញ​បែប​នោះទេ​។ គេ​មើលឃើញ​ភាព​វិជ្ជមាន​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​ចិន ដែល​ជះឥទ្ធិពល​វិជ្ជមាន​ច្រើន​ដល់​ពិភពលោក​។​
 
​ផ្នត់គំនិត​អ​វិ​ជ្ជ​មា​ចំពោះ​ចិន​គួរតែមាន​ការផ្លាស់ប្តូរ​។ ក្រៅពី​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ពីរ ចិន​បច្ចុប្បន្ន​ក៏​ជា​មហាអំណាច​យោធា​ដែរ ហើយ​មហាអំណាច​មួយ​នេះ​ក៏មាន​តួនាទី​សំខាន់​ជាងគេ​ដែរ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ រក្សា​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​ដូចគ្នា​។ 
 
​ពេលដែល​ចិន​ចាប់ផ្តើម​ការកែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​ចាប់ដៃ​ប្រទេស​ដទៃ​រកស៊ី​ជាមួយ​គ្នា្ក​កាលពី ៤០​ឆ្នាំមុន មហាអំណាច​មួយ​នេះ​ដឹង​ច្បាស់​ថា ខ្លួន​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​ប្រទេស​ផ្សេង​​ទៀត​ទាំង​សេដ្ឋកិច្ច អភិបាលកិច្ច នយោបាយ និង​គម្រូ​អភិវឌ្ឍ​សង្គម​ជាដើម​។ ទោះជា​មិនអាច​បើកចំហ​ទាំងស្រុង​ភ្លាមៗ​ក្តី បន្តិចៗ​ម្តង​ចិន​ នឹង​បន្ត​អនុវត្ត​ការកែទម្រង់​ក្នុងស្រុក​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដែរ​។ 

​ឧទាហរណ៍​ជាក់ស្តែង​គឺ ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព និង​ស្ថានភាព​សិទ្ធិមនុស្ស​។  ចិន​បាន​ព្យាយាម​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ​ដូចជា​ផ្តល់​ចន្លោះប្រហោង​ខ្លះ​ឲ្យ​គេ​រិះគន់​ក្នុងន័យ​ស្ថាបនា​ដែរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​។ ចំណែក ការដឹកនាំ​តាម​បក្ស​តែមួយ ទំនងជា​មិនត្រូវ​បាន​ផ្លាស់ប្តូរ​ឡើយ ព្រោះ​វា​ជា​អត្តសញ្ញាណ​ឬ​ច​រិ​ក​លក្ខណៈ​នៃ​នយោបាយ​ចិន​ដែល​ពិសេស​ខុសពី​ប្រទេស​ដទៃទៀត​។​ ជាធម្មតា​របៀបរបប​ដឹកនាំ​បែបណា​ដែល​ល្អ​អាច​នាំមក​នូវ​ស្ថិរភាព និង​សន្តិភាព ហើយ​ស័ក្តិសម​ទៅនឹង​ស្ថានភាព​សង្គម គេ​គួរ​បន្ត​ដើរ​លើផ្លូវ​នោះ​។ គេ​មិនអាច​បង្ខំ​ឲ្យ​នរណាម្នាក់​ពាក់មួក​ដែល​មិនត្រូវ​នឹង​ក្បាល​ឡើយ​។ 

​ក្នុង​បរិបទ​អន្តរជាតិ ចិន​ក៏បាន​ដើរតួ​ជា​អ្នកការពារ​សណ្តាប់ធ្នាប់​ពិភពលោក ការពារ​ចរន្ត​សាកលភាវូបនីយកម្ម និង​ពាណិជ្ជកម្ម​សេរី​ដែរ​។  មហាអំណាច​មួយ​នេះ មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​រាប់​ពី​សន្តិសុខ ដល់​នយោបាយ ដល់​បញ្ហា​បរិស្ថាន​ផង​។ គេ​មិនអាច​បំភ្លេច​បានឡើយ ពេល​អាមេរិក​បែរខ្នង​ដាក់​ពិភពលោក​ដោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ មហា​យក្ស​ចិន​នេះ​ចេញមុខ​ជំនួស និង​ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​សាកល​នេះ​ថែមទៀត​។​

​មកដល់​បច្ចុប្បន្ន ចិន​ដែល​ធ្លាប់ជា​ប្រទេស​ក្រីក្រ​នោះបាន​ក្លាយខ្លួនជា​ម្ចាស់ជំនួយ​អភិវឌ្ឍ​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក​។ ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៤ ចិន​បាន​ផ្តល់ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៥៤​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស​ប្រហែល ១៤០ ទូទាំង​ពិភពលោក ហើយ​ជំនួយ​នេះ​ភាគច្រើន​ត្រូវបាន​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ផងដែរ​។​

​តាមពិតទៅ ជំនួយ​ចិន​មិនសូវ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ឡើយ​។ វា​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​តូចតាច​ដែល​ត្រូវការ​ថវិកា​ចំ​បាច់​សម្រាប់​អភិវឌ្ឍ ប៉ុន្តែ​តែ​វា​មិនល្អ​សម្រាប់​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងទៀត​ជាពិសេស​លោកខាងលិច​ដែល​តែង​ភ្ជាប់​លក្ខខណ្ឌ​ច្រើន​នោះ​។ ដល់​ត្រឹមនេះ បើទោះជា​ជាប់​លក្ខខណ្ឌ​ឬ​មិន​ជាប់​លក្ខខណ្ឌ​ក្តី បញ្ហាសំខាន​គឺ ប្រទេស​ដែល​ទទួល​ជំនួយ​ពី​ចិន​នោះ​ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​ប្រើប្រាស់​ជំនួយ​នោះ​ឲ្យ​បានល្អ ត្រឹម​ត្រូវចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ 

​ក្រៅពីនេះ ចិន​ក៏​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ត្រឹម​ឆ្នាំ ២០៣០ ខាងមុខ​ផង​។ ការលូតលាស់​នៃ​សេដ្ឋកិច្ច​ចិន​ជា​ម៉ាស៊ីន​ដែល​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​រីក​លូតលាស់​រីកចម្រើន​ទៅ​អនាគត​ផង​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ មហា​យក្ស​ចិន​បន្ត​ជំរុញ​ការស្រាវជ្រាវ​បច្ចេកវិទ្យា​បម្រើ​ប្រយោជន៍​ប្រជាជន និង​អាចជួយ​ចែករម្លែក​បទពិសោធន៍​ក៏ដូចជា​បច្ចេកវិទ្យា​នេះ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​​។ 

​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន​វិញ​នោះ ប្រទេស​កំពុង​អភិវឌ្ឍ​​ក៏នឹង​មានឱកាស​កាន់តែច្រើន​ក្នុងការ​ទាញយក​ផលប្រយោជន៍​ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​របស់ខ្លួន​ប្រកបដោយ​ចីរភាព​។ គោលនយោបាយ​ខ្សែក្រវាត់​មួយ​វិថី​មួយ នឹង​បន្ត​ផ្សាភ្ជាប់​ពិភពលោក និង​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​អាច​បន្ត​ទៅមុខ​បាន​រហ័ស​តាមរយៈ​ការ​បម្លាស់ប្តូរ​ពាណិជ្ជក​ម្មនា​ពេលអនាគត​។ ចិន​បាន​ចំណាយ​ថវិកា​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ​រួចទៅហើយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មហិមា​នេះ ហើយ​មហាអំណាច​នេះ​មាន​គម្រោង​ចំណាយលុយ មួយ​ទ្រី​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​នោះ​។ 

​មួយវិញទៀត គោលការណ៍​គោរព​អធិបតេយ្យ និង​មិន​ជ្រៀតជ្រែក ឬ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង​ជា​អ្វីដែល​ធ្វើ​ចិន​ក្លាយជា​មហាអំណាច​មួយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ពេញចិត្ត​។ ចិន​មិនដែល​ដាក់​គំនិត​របស់​ខ្លួនឯង​ឲ្យ​គេ​គោរព ឬ​ធ្វើតាម​ឡើយ​។ ចិន​ស្តាប់​យោបល់​ប្រទេស​ដទៃ និង​គាំទ្រ​ប្រទេស​ដទៃ​ចំពោះ​ការជ្រើសរើស​យក​ផ្លូវ​អភិវឌ្ឍ​ដែល​សមស្រប​រៀងៗ​ខ្លួន​។​
ជា​ឧទាហរណ៍​ជាក់ស្តែង​គឺ​នៅ​តំបន់​អាហ្វ្រិក​។ ប្រជាជន​អាហ្វ្រិក​តិច​ឬ​ច្រើន មើលឃើញ​ចិន​ជា​ដៃគូ​អភិវឌ្ឍ​ល្អ ខុសពី​អតីត​ម្ចាស់​អាណានិគម​ដែល​ធ្លាប់​កេងប្រវ័ញ្ច​ខ្លួន​ពី​សម័យ​អតីតកាល​ហើយ​បែរជា​ចង់​ប្រើប្រាស់​ឥទ្ធិពល​គ្រប់​ដណ្តប់​ខ្លួន​ជាថ្មីទៀត​។   គេ​ថា​ចិន​ខ្សែលើ និង​កេងប្រវ័ញ្ចប្រទេសក្រ និងរក​ស៊ី​តែជាមួយ​ក្រុម​មេដឹកនាំ​ផ្តាច់​ការ​ ប៉ុន្តែ​ជាក់​ស្តែង ចិន​បន្ត​រកស៊ី​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ទូទាំង​ពិភពលោក មិន​ថា​អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិក​ឡើយ​។ ចិន​បណ្តាក់ទុន​គ្រប់​ប្រទេស​មិន​ខ្វល់​ថា ប្រទេស​នោះ​ផ្តាច់ការ ឬ​ប្រជាធិបតេយ្យ​អ្វី​ឡើយ​។  ជានិច្ច​ជា​កាល ចិន​មិនដែល​រិះគន់​គេ​ឡើយ ហើយ​មហាអំណាច​នេះ​និយាយ​តែ​រឿង​រកស៊ី​ឲ្យ​មានបាន​ប៉ុណ្ណោះ​។ 

​ម្តង​ជា​ពីរដង មេដឹកនាំ​ចិន​បាន​ព្យាយាម​ផ្ញើ​សា​រប្រាប់ពិភពលោក​ថា ចិន​គ្មាន​មហិច្ឆតា​គ្រប់គ្រង​ពិភពលោក និង​ដាក់​បណ្តា​ប្រទេស​ផ្សេង​ជា​សាមន្តរដ្ឋ​របស់ខ្លួន​ដូចគេធ្លាប់បារម្ភឡើយ​។ ចិន​បច្ចុប្បន្ន​មិន​ដូច​ចិនកាល​ពី​អតីតកាល​ទេ​។ អ្វីដែល​ចិន​ចង់បាន​ពិតប្រាកដ​គឺ ការរស់នៅ​ជាមួយគ្នា​ប្រកប​សន្តិភាព វិបុលភាព សន្តិ​សហ​វិជ្ជមាន​។ ចិន​ជឿជាក់​លើ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ដែល​បង្កើត​ឱកាស​សម្រាប់​មនុស្ស​ទាំង​អស់​។ កាលណា​ពាណិជ្ជកម្ម​កើនឡើង សង្គ្រាម​ឬ​ការប្រយុទ្ធ​គ្នា​នឹង​ថយចុះ​តាម​នោះដែរ​។    

​ដូច​ឃើញស្រាប់ ក្នុងពេល​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ចិន​នា​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ ២០១៧ ប្រធានាធិបតី ស៊ី ជិន​ភីង បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា លោក​មិន​ត្រឹមតែ​ចង់ឃើញ​ប្រជាជន​ចិន​រស់​នៅបាន​សុខ​ស្រួល​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ចង់ឃើញ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​រស់នៅ​សុខ​ស្រួល​ដូចគ្នា​ដែរ​។ 
​ដល់ពេល​បើក​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ នា​ខែតុលា​ឆ្នាំ ២០១៧ ទៀត ប្រមុខរដ្ឋ​ចិន​ខាងលើ បានលើកឡើង​ដំបូង​បំផុត​ពី​មហិច្ឆតា​របស់​ចិន​ក្នុង​ការកសាង​សហគមន៍​មួយ​ដែល​ចែករម្លែក​អនាគត​តាមរយៈ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​របស់​ចិន​ដូចគ្នា​។  បើទោះជា ពាក្យ​ថា «​ចែករ​ម្លែ​អនាគត​»​មិនមាន​ការបកស្រាយ​ច្បាស់លាស់​ក្តី គេ​អាច​យល់បាន​ថា វា​ជា​បំណង​ក្នុង​ការបង្កើត​សហគមន៍​រួម​ដែល​ចេះ​ចែករម្លែក​ប្រយោជន៍ និង ការអភិវឌ្ឍ និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​៕


Tag:
 ស៊ីន ជិន​ភីង​
  ចិន​
  អាហ្វ្រិក​
  អំណាច​ទន់
© រក្សាសិទ្ធិដោយ thmeythmey.com