សង្គមជាតិ
កម្ពុជា-ថៃ សម្រួលឲ្យពលករខ្មែរទាំងអស់មានភាពស្របច្បាប់ មុនដំណាច់ខែមិថុនា រូបភាពហ្វេសប៊ុក ក្រសួងការងារ
× រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងសមភាគីថៃ នាយឧត្តមសេនីយ៍ Adul sangsingkeo បានជួបពិភាក្សាគ្នារយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ កន្លងមក ដោយក្រុមការងាររួមរបស់ប្រទេសជិតខាងទាំងពីរ ព្យាយាមឲ្យសម្រេចរួលរាល់លើការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ ។
ក្រសួងការងារភាគីកម្ពុជា បានរៀបចំក្រុមការងារចល័ត និងមជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បីបង្កើនល្បឿនធ្វើឯកសារស្របច្បាប់ដល់ពលករខ្មែរ ឲ្យបាន ៤,០០០នាក់ ក្នុងមួយថ្ងៃ។ ចំណែកភាគីថៃ ក៏បានកំណត់ទីតាំងដើម្បី រៀបចំបញ្ជីឈ្មោះពលករខ្មែរ និងផ្ដល់ទិដ្ឋាការស្នាក់នៅ ហើយនិងទិដ្ឋាការការងារឲ្យពលករខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា។
មជ្ឈមណ្ឌលចំនួន ៣កន្លែង ដែលក្រុមការងារចល័តចុះធ្វើឯកសារស្របច្បាប់ជូនដល់ពលករខ្មែរ គឺនៅទីក្រុងបាងកក ខេត្តរ៉ាកយ៉ង និងខេត្តសុងខ្លា។ ក្រសួងការងារកម្ពុជាបន្តថា ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ( TD) និងបណ្ណពលករខ្មែរ ធ្វើការនៅបរទេស ( OCWC) ដោយក្នុងមួយថ្ងៃផ្ដល់ជូនពលករខ្មែរ ពី ១,៧០០ ទៅ១,៨០០នាក់។
«បច្ចុប្បន្ននៅសល់ប្រមាណ ៣៤ម៉ឺននាក់ទៀត ដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ ដំណាច់ខែមិថុនា ឆ្នាំ២០១៨»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារកម្ពុជា៕
Tag:
ក្រសួងការងារ
ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com