ជាតិ
សង្គមជាតិ
​ទិវា​វប្បធម៌​ជាតិ ៣​មីនា នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»
19, Feb 2018 , 8:00 am        
រូបភាព
ដោយ:
«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» គឺជា​ប្រធានបទ​នៃ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២០ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ ខាងមុខ​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​ដើម្បី​លើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចំរុះ​នៅ​កម្ពុជា​។

 
​ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។  នេះ​បើតាម​សារាចរ​ណែនាំ សម្ដេច ហ៊ុន សែន ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨​។​
 
​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរម្លឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​ទំពា​ង​ស្នង​ឬ​ស្សី​។​
 
​ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ថា​៖ «​លើកស្ទួយ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌ ក្នុងន័យ​បង្កើន​ការងារ និង​កាលានុវត្តភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស យុវជន​ឲ្យ​ខិតខំ​បង្កបង្កើត​ស្នាដៃ​វប្បធម៌​ថ្មីៗ​ប្រកបដោយ​គុណភាព​»​។ 
 
​ជាមួយគ្នានេះ សម្តេច​បាន​ណែនាំ ក្រសួង និង​ស្ថាប័នរដ្ឋ ឲ្យ​សហការ ជាមួយ ស្ថាប័នឯកជន​ជាតិ​-​អន្តរជាតិ ដើម្បី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​នេះ ឲ្យ​បាន​អធិកអធម រួមទាំង​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទេសចរណ៍វប្បធម៌ បំផុស​ចលនា ហើយ និង​រៀបចំ​ប្រកួតប្រជែង​នានា ដោយ​ផ្តោតលើ​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​»៕

Tag:
 ទិវាវប្បធម៌ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com