កីឡាជាតិ
ជាតិ
សូហ្វតិន្នីសគ្រោងចំណាយ៥ម៉ឺនដុល្លារ ចេញទៅហ្វឹកហាត់នៅជប៉ុន ត្រៀម Asian Games
× សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា គ្រោងបញ្ជូនកីឡាករចំនួន១២រូប(ស្រី៦រូប) ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល២ខែនៅទីក្រុង Kyoto ប្រទេសជប៉ុន ដើម្បីត្រៀមប្រជែងជើងឯកក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូណេស៊ី។ ការហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីសលំដាប់ពិភពលោករយៈពេល២ខែនេះ សហព័ន្ធគ្រោងចំណាយថវិកា៥ម៉ឺនដុល្លារ។
ដើម្បីត្រៀមប្រជែងជើងឯកក្នុងព្រឹត្តិការណ៍កីឡា Asian Games នាខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហ្សាកាតា ប្រទេសហ្វីលីពីន សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាគ្រោងចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ ដើម្បីបញ្ជូនកីឡាករចំនួន១២រូបទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល១២ខែនៅមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីសលំដាប់ពិភពលោកក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។
អនុប្រធានទី១សហព័ន្ធ លោក ជា ប៊ុនហេង បានបញ្ជាក់ថា ថវិកាទាំងនេះត្រូវចំណាយលើការធ្វើដំណើរ ប្រាប់ហោប៉ាវកីឡាករ និងថ្លៃបង់សិទ្ធិចូលហ្វឹកហាត់ ដោយកីឡាករម្នាក់ៗត្រូវបង់១ពាន់ដុល្លារក្នុង១ខែ។ លោកបានបន្ថែមថា សហព័ន្ធនឹងដាក់សំណើរសុំថវិកាមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់លើការចំណាយនេះ ព្រោះសហព័ន្ធពុំមានលទ្ធភាពនោះទេ។
«យើងកំពុងខិតខំពង្រឹងសមត្ថភាពកីឡាកររបស់យើង ជាក់ស្តែងនៅឆ្នាំនេះ យើងនឹងបញ្ជូនកីឡាករចំនួន១២រូបទៅហ្វឹកហាត់នៅទីក្រុង Kyoto ប្រទេសជប៉ុន ព្រោះខ្ញុំយល់ថា បើយើងហ្វឹកហាត់នៅតែកម្ពុជា យើងមិនអាចដណ្តើមមេដាយកម្រិតអាស៊ីបាននោះទេ។ ដូច្នេះយើងត្រូវបង្ខំចិត្ត ឈ្មុសឈ្មុលស្វែងរកថវិកា ដើម្បីបញ្ជូនពួកគេទាំងនោះ»។ នេះជាការបង្ហាញការតាំងចិត្តរបស់លោក ជា ប៊ុនហេង ហើយលោកបានបន្ថែមថា ការខិតខំនេះ គឺដើម្បីរំកិលចំណាត់ថ្នាក់ក្នុងតារាងចំណាត់ពិភពលោក៕
Tag:
សូហ្វតិន្នីស
ជា ប៊ុនហេង
Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com