អន្តរជាតិ
អ៊ីរ៉ង់៖ មនុស្ស ៦៦​នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ
18, Feb 2018 , 3:43 pm        
រូបភាព
រូបភាពតំណាង៖ យន្តហោះ ATR របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ( Iran Aviation)
រូបភាពតំណាង៖ យន្តហោះ ATR របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ( Iran Aviation)
ដោយ: ថ្មីៗ
 យន្តហោះ​មួយគ្រឿងម៉ាក ATR 72 ដែលដឹកអ្នក​ដំណើរ ៦០ នាក់បានធ្លាក់នៅភាគកណ្តាលប្រទេស​អ៊ីរ៉ង់ ពេល​កំពុងធ្វើដំណើរ​ចេញពីរដ្ឋ​ធានី តេអ៊ីរ៉ង់ ទៅកាន់ទីក្រុង Yasuf នៅថ្ងៃអាទិត្យ ទី ១៨ ខែកុម្ភៈនេះ។  គេរាយការណ៍​ថា អ្នកដំណើរនៅលើ​យន្តហោះ​ទាំងអស់​ស្លាប់បាត់​បង់​ជីវិត​ក្រោយករណី​ធ្លាក់នេះ។ នេះ​បើយោងតាម​ទីភ្នាក់ងារ AFP។


យន្ត​ហោះ​ ATR 72 ខាងលើជារបស់​ក្រុមហ៊ុនអាកាសចរណ៍ Aserman ហើយវាបាន​ធ្លាក់នៅ​ត្រង់តំបន់ភ្នំស្ថិតនៅចម្ងាយប្រហែល ៦២០ គីឡូម៉ែត្រពី​រដ្ឋធានី តេអ៊ីរ៉ង់ ហើយនៅតំបន់​នោះសម្បូរដោយអ័ព្ទផ្សែងខ្លាំងដែរ។  បើតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ Press TV ចំនួនអ្នកដំណើរលើយន្តហោះមាន ៦០នាក់ ហើយបុគ្គលិកបម្រើការងារលើយន្តហោះនោះមាន ប្រាំមួយនាក់​​ផ្សេងទៀតផង។ ដូច្នេះ​សរុបទាំង​អស់ ៦៦នាក់។

បើតាមអាជ្ញាធរអ៊ីរ៉ង់​ ប្រភេទយន្តហោះ​ ATR នេះជាយន្តហោះ​សម្រាប់ការធ្វើដំណើរដែល​មានរយៈចម្ងាយខ្លី ហើយទាក់ទិន​មូល​ហេតុ​ពិត​ប្រាកដ​ដែលបណ្តាលឲ្យយន្តហោះ​ធ្លាក់​នោះ​នៅមិនទាន់កំណត់​បាននៅឡើយទេ។ ឥឡូវនេះ ការស៊ើបអង្កេតកំពុងបន្ត​នៅឡើយ។

យ៉ាងណាក៏ដោយចុះ ដោយស្ថិតក្រោម​ទណ្ឌកម្មសហគមន៍អន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ យន្តហោះសម្រាប់ដឹក​អ្នក​ដំណើរ​អ៊ីរ៉ង់មានសភាពទ្រុឌទ្រោមបន្តិច ហើយ​គេសង្កេត​ឃើញមានករណីគ្រោះថ្នាក់កើតឡើងញឺកញាប់់ដែរ​ប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com