ជាតិ
នយោបាយជាតិ
ការឃោសនាបោះឆ្នោតព្រឹទ្ធសភាប្រព្រឹត្តទៅដោយរលូន ខណៈCPPមានសកម្មភាពលេចធ្លោជាងគេ
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ គឺមានរយៈពេល៩ថ្ងៃហើយ ដែលគណបក្សនយោបាយចំនួន៤ ត្រូវធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ ក្នុងយុទ្ធនាការឃោសនានេះ មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលធ្វើសកម្មភាពលេចធ្លោជាងគេ ក្នុងស្វែងរកការគាំទ្រពីអង្គបោះឆ្នោតខ្លួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា ការឃោសនាបោះឆ្នោតប្រព្រឹត្តដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានពាក្យបណ្ដឹង និងគ្មានអំពើហិង្សាណាមួយកើតឡើងទេ។ ប៉ុន្តែអ្វីដែលគ.ជ.ប កត់សម្គាល់នោះ គឺការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលធ្វើសកម្មភាពឃោសនាជាបន្តបន្ទាប់ ។
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនានេះ គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច មិនសូវមានសកម្មភាពអ្វីច្រើនឡើយ។ គ.ជ.ប ទុកពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ សម្រាប់ឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ មានគណបក្សចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវជ្រើសដោយការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ អង្គបោះឆ្នោតទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១១,៦៩៥នាក់។
អាសនៈព្រឹទ្ធសភាមាន៨ភូមិភាគ ក្នុងនោះភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨អាសនៈ, ភូមិភាគទី៣ ខេត្តកណ្តាល មាន៥អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១0អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរី មាន៦អាសនៈ៕
Tag:
បោះឆ្នោត
ព្រឹទ្ធសភា
CPP
ហ្វ៊ុនស៊ិនប៉ិច
យុវជនកម្ពុជា
ខ្មែររួបរួមជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com