ជាតិ
លោក សម រង្ស៊ី​៖«​ខ្ញុំ​នឹង​ប្រយុទ្ធ​ផ្តាច់ព្រ័ត្រ​ជាមួយ​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០១៨»
19, Feb 2018 , 4:02 pm        
រូបភាព
​ភ្នំពេញ​៖ អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​និរទេស កំណត់​យក​ឆ្នាំ​២០១៨ ជា​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ក្នុងការ​តតាំង​យក​ចាញ់​-​ឈ្នះ ជាមួយ​មេបក្ស​កាន់អំណាច​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចំអក​ថា ជីវិត​នយោបាយ​របស់​អតីត​មេបក្ស​ប្រឆាំង ត្រូវស្លាប់​ទាំងស្រុង ក្នុង​ឆ្នាំ​២០១៨  ដូច្នេះ​គ្មាន​ឱកាស មក​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះទេ​។

 


​ទោះ​មិនទាន់​អាច​ចូល​ស្រុក​ក្តី តែ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​បង្កើតឡើង​នៅក្រៅ​ប្រទេស នៅតែ​ចាត់ទុក​ខ្លួន ជា​គូបដិបក្ខ​នយោបាយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ អតីត​មេបក្ស​ប្រឆាំង បានប្រកាស​ពី​ក្រៅប្រទេស​មក​ថា កម្ពុជា នឹងមាន​ការផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។

​លោក សម រង្ស៊ី មានជំនឿថា ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស នឹង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​កាន់តែខ្លាំង មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ។ ស្ថិតនៅក្នុង​ក្តី​រំពឹង​មុតមាំ​បែបនេះ លោក សម រង្ស៊ី បានកំណត់​ទិសដៅ​ប្រយុទ្ធ​ទឹក​ផ្ដាច់ព្រ័ត្រ​ជាមួយ​សម្ដេច ហ៊ុន សែន នៅ​ឆ្នាំ​២០១៨​នេះ ។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ ដែល​រៀបចំឡើង​ក្នុង​វត្ត​ពុទ្ធរង្សី ក្នុង​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សម រង្ស៊ី នឹង​ប្រយុទ្ធ តតាំង​ជាមួយ ហ៊ុន សែន ផ្តាច់ព្រ័ត្រ ដើម្បី​រំដោះ​ប្រទេសជាតិ​។ [….] រឿង​អី្វ​ក៏​ខ្ញុំ​មិន​ចង់ដឹង​ដែរ​។ ខ្ញុំ ចង់ដឹង​តែមួយ​ទេ​ថា កម្លាំង​យើង ចលនា​យើង ការរៀបចំ​យើង ដល់​ណា​ហើយ ហើយ​ត្រូវធ្វើ​ម៉េច ឲ្យ​ឃើញ​ស​ខ្មៅ នៅ​ឆ្នាំ​២០១៨​។ [….] កម្លាំង​យើង និង​ការងារ​យើង​គ្រប់គ្រាន់​ហើយ នៅក្នុង​ប្រទេស​កម្ពុជា​។ យើង នឹង​បំផុសបំផុល​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​យើង​ចង់បាន និង​រង់ចាំ​យូរ​ឆ្នាំ​ហើយ​។ ធ្វើ​ឲ្យ​បានសម្រេច​នៅ​ឆ្នាំ​២០១៨​នេះ​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​បែប​ចំអក​ថា នៅ​ឆ្នាំ​២០១៨​នេះ មិនមែនជា​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ដែល​លោក សម រង្ស៊ី ត្រូវ​ប្រកួតប្រជែង​ជាមួយ​សម្តេច ហ៊ុន សែន នោះទេ​។ ប៉ុន្តែ​ជា​ដំណាក់កាល​ចុងក្រោយ ដែល​ជីវិត​នយោបាយ​របស់លោក សម រង្ស៊ី ត្រូវ​បញ្ចប់​ទាំងស្រុង​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​វគ្គ​ផ្តាច់ព្រ័ត្រ​ហ្នឹង គឺ​ត្រូវ​ហើយ គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ជីវិត​នយោបាយ​ចុងក្រោយ​របស់គាត់​។ ឆ្នាំ​២០១៨ ជីវិត​នយោបាយ​របស់​គាត់ គឺ​ស្លាប់​១០០ ភាគរយ​»​។​

​លោក សុខ ឥសាន បន្តថា ការទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ គឺ​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​ប៉ុណ្ណោះ​។ លោក ប្រាប់​ទៅ​លោក សម រង្ស៊ី ថា ចលនា​សង្គ្រោះ​ជាតិ ក៏​មិនមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស​ដែរ​។ លោក បាន​ហៅ​សកម្មភាព​នយោបាយ​រប​ស់លោក សម រង្ស៊ី ថា​ជាការ​ធ្វើ​វិទ្ធង្សនា ដែល​ប្រឆាំងនឹង​ប្រយោជន៍​ជាតិ​។ 

​មកដល់ពេលនេះ សញ្ញា​វិជ្ជមាន ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ នៅ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ កាន់តែ​ខិតជិត​មកដល់​។ បក្សប្រឆាំង បាន​ខកខាន​ការបោះឆ្នោត​មួយ​ហើយ គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​។

​អ្វីដែល​កាន់តែ​យ៉ាប់យ៉ឺន​នោះ គឺ​លោក កឹម សុខា ដែល​ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក សម រង្ស៊ី កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះ​លួច​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ចំណែក​លោក សម រង្ស៊ី ក៏​ហ៊ុមព័ទ្ធ​ទៅដោយ​បណ្តឹង ហើយ​មិនអាច​វិល​មក​កម្ពុជា​វិញ​។

​បច្ចុប្បន្ន កម្លាំង​និង​សកម្មភាព​របស់​អតីត​ក្រុម​អ្នកប្រឆាំង មានតែ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​។ តុលាការ​ កំពុង​ស៊ើបអង្កេត​លើ​ចលនា​សង្គ្រោះ​ជាតិ​នេះ ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​សំណាក់​ក្រសួងមហាផ្ទៃ​៕  


Tag:
 សម រង្ស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com