ជាតិ
មន្ត្រី​តុលាការ​កំពូល ២​រូប មាន​អាយុ​៦៥​ឆ្នាំ ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្តការងារ
19, Feb 2018 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សម្រេច​ឲ្យ​ព្រះរាជអាជ្ញា​មួយរូប និង​ចៅក្រម​មួយរូប នៃ​តុលាការ​កំពូល ដែលមាន​អាយុ​៦៥​ឆ្នាំ  បន្តការងារ​របស់​ពួកគេ​ដដែល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២៩ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២0១៨​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ការសម្រេច​នេះ គឺ​ធ្វើតាម​សំណើ​របស់​សាមីខ្លួន​ទាំងពីរ​។ អ្នក​ទាំងពីរ​នោះ គឺ​លោក ជុំ សំបាន ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​តុលាការ​កំពូល  និង​លោក អ៊ីវ គឹម​ស្រ៊ី ចៅក្រម​នៃ​តុលាការ​កំពូល​។

​មាត្រា​៦២ ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា បាន​ចែងថា​៖«​ចៅក្រម​ទាំង​អស់នៃ​តុលាការ​កំពូល ដែលមាន​អាយុ​ចាប់ពី ៦0​ឆ្នាំ​ឡើងទៅ ត្រូវ​ចូលនិវត្តន៍​តាម​ការស្នើ​សុំ​របស់​សាមីខ្លួន​។ ប៉ុន្តែ នៅពេល​ដល់​អាយុ ៦៥​ឆ្នាំ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវ​សម្រេច​ពី​ការបន្ត​ការងារ​របស់​ចៅក្រម​ទាំង​អស់នៃ​តុលាការ​កំពូល តាម​ការស្នើសុំ​របស់​សាមីខ្លួន​»៕
 

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com