ជាតិ
ភរិយា​និង​កូនប្រុស​ទាំង​៥​នាក់​របស់លោក កែម ឡី បាន​ទៅដល់​អូស្ត្រាលី​
20, Feb 2018 , 10:50 am        
រូបភាព
អ្នក​ស្រី ប៊ូ រចនា និងកូន​ប្រុស​ទាំង​៥រូប បានទៅ​ដល់ប្រទេសអូស្ត្រាលី។ រូបថត ហ្វេសប៊ុក Chun Chanboth
អ្នក​ស្រី ប៊ូ រចនា និងកូន​ប្រុស​ទាំង​៥រូប បានទៅ​ដល់ប្រទេសអូស្ត្រាលី។ រូបថត ហ្វេសប៊ុក Chun Chanboth
ដោយ: ថ្មីៗ
​លោកស្រី ប៊ូ រចនា ភរិយា​របស់លោក​បណ្ឌិត កែម ឡី បាន​នាំ​កូនប្រុស​ទាំង​៥​នាក់ ចាក​ចេញពី​ប្រទេស​ថៃ ហើយ​បាន​ទៅដល់​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២0១៨​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​។​



​វិទ្យុ​អាស៊ីសេរី បានដឹង​ទៀតថា លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដែលមាន​ដើមកំណើត​ជា​ជនជាតិខ្មែរ ជា​មនុស្ស​ម្នាក់ ដែល​ខ្នះខ្នែង ក្នុងការ​ធានា​ឲ្យ​ភរិយា​និង​កូនៗ​របស់លោក កែម ឡី បាន​ទៅ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី​។ លោក ហុង លីម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជំ​ហ៊ាន​បន្ទាប់ គឺ​ត្រូវខិតខំ​រក​ជម្រក​ដ៏​សមរម្យ​សម្រាប់​គ្រួសារ​របស់លោក កែម ឡី និង​ជួយ​ទំនុកបម្រុង​កូនៗ ឲ្យ​បាន​រៀនសូត្រ​ជ្រៅជ្រះ​។

​ក្រោយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​ល្បី ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោកស្រី ប៊ូ រចនា ដែល​កាលនោះ​កំពុងមាន​ផ្ទៃពោះ បាន​នាំ​កូនប្រុស​ទាំង​៤​នាក់ ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅក្នុង​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​។ ក្រោយ​ទៅដល់​ប្រទេស​ថៃ​អស់​មួយរយៈ កូនប្រុស​ចុងក្រោយ​របស់លោក​ស្រី ក៏​ប្រសូត​។ លោកស្រី និង​កូនៗ បានរស់នៅ​ក្នុងប្រទេស​ថៃ​អស់​រយៈពេល​ជិត​២​ឆ្នាំ មុននឹង​ទទួលបាន​ការធានា​ឲ្យ​ទៅ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី​នាពេលនេះ​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​ក្រុមគ្រួសារ​របស់លោក កែម ឡី នៅក្នុង​ប្រទេស​កម្ពុជា​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។

​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២0១៧ លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ដោយ​រង​ការចោទប្រកាន់ថា បាន​បាញ់សម្លាប់​លោក កែម ឡី​។ យ៉ាងណាក៏ដោយ លោកស្រី  ប៊ូ រចនា រួមទាំង​សហគមន៍​អន្តរជាតិ​មួយចំនួន ហាក់​មិនសូវ​ជឿ​នោះទេ​ថា ជួប សម្លាប់ ពិតជា​ឃា​តក​។ ពួកគេ នៅតែ​ចង់​ឲ្យ​សមត្ថកិច្ច​បន្ត​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​៕
អត្ថបទទាក់ទង





Tag:
 កែម ឡី​
  ប៊ូ រចនា
© រក្សាសិទ្ធិដោយ thmeythmey.com